ជ្រួលច្របល់ និង​ជម្លៀស​មនុស្ស​ចេញ​នៅ​ព្រ​លាន​យន្តហោះ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស

មាន​ពាក្យ​លេចឮ​ពី​ការ​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​២៨ សីហា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សហរដ្ឋ​អា​មេ​រិ​ក ។

យោង​តាម​សាក្សី​ទាំងឡាយ​ថា ព្រ​លាន​យន្តហោះ​នៅ​ត្រូវ​ជម្លៀស​មនុស្ស​ចេញ​មួយ​ផ្នែក ហើយ​ចរាចរណ៍​អាកាស​ត្រូវ​ផ្អាក ។ ពួក​អ្នកដំណើរ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​នូវ​រូបថត និង​វី​ដេ​អូ​បង្ហាញ​ពី​មនុស្ស​ភ័យ​ជ្រួលច្របល់ រត់​ចេញពី​ព្រ​លាន​យន្តហោះ​នេះ ។ ប៉ូលិស​ត្រូវ​បាន​កេណ្ឌ​ប្រមូល ហើយ​យោង​តាម​សារព័ត៌មាន​អា​មេ​រិ​កថា ការ​បាញ់​ប្រហារ​​អាច​កើត​មាននៅ​បរិវេណ TERMINAL ទី​៥ ។ ពាក្យ​ចចាមអារ៉ាម​ពី​ការ​បាញ់ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​ម្នា​ភ័យ​ជ្រួលច្របល់ ហើយ​អ្នកដំណើរ​មួយ​ចំនួន​រត់​ចោល​អីវ៉ាន់​របស់​ពួក​គេ ។

យោង​តាម​ប៉ូលិស​ថា ព័ត៌មាន​អំពី​ការ​បាញ់ប្រហារ​នេះ​ពុំ​មាន​មូលដ្ឋាន​ឡើយ ហើយ​នេះ​ជា​ការ​ប្រកាស​អាសន្ន​ខុស​មួយ ។ ព័ត៌មាន​នេះ​ដែល​និយាយ​ពី​ការ​បាញ់ប្រហារ​តាម​ពិត​ទៅ​ជា​ការ​ច្រឡំ​សំឡេង​ដែល​ឮ​ខ្លាំង​ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​សសរ​សេរ​តាម TWITTER ថា ពុំ​មានការ​បាញ់បោះ​ណាមួយ ឬ​ក៏​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ៕