អ្នកកាសែត​២​នាក់​នៅ​មណ្ឌលគិរី​ត្រូវ​ជន​ពាក់​ស្បែក​ប៉េ​អឹ​ម​គំរាម

ខេត្តមណ្ឌលគិរី ៖ អ្នក​យក​ព័ត៌មាន​២​នាក់​ត្រូវ​បាន​ជន​មួយ​ក្រុម​ពាក់​ស្បែក​អាវុធហត្ថ​ខេត្ត​គំរាមកំហែង​មិន​ឲ្យ​បំពេញការងារ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ ខណៈ​អ្នកកាសែត​ទាំង​២​នាក់​នោះ​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ស្ពានឈើ​មួយ​កន្លែង ដែល​បាន​បាក់​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ ។

លោក សាយ ករុណា អ្នក​យក​ព័ត៌មាន​កាសែត​«​កោះសន្តិភាព​»​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ប៉ោ​ដើម​ស្វាយ ក្នុងភូមិ​ខ្ទង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ថា មាន​ករណី​មន្ត្រី​អាវុធហត្ថ​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​តាម​ស្ពានឈើ​ដែល​បាន​ធ្វើ​បណ្តោះអាសន្ន ក្នុង​រថយន្ត​១​គ្រឿង​តម្លៃ​ចាប់ពី​៥​ពាន់​រៀល​ទៅ​១​ម៉ឺន​៥​ពាន់​រៀល ចំណែក​ម៉ូតូ​តម្លៃ​២​ពាន់​រៀល ។ លោក​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​រួច លោក​បាន​ចុះ​ទៅ​កាន់​ទីតាំង​ខាងលើ​ផ្ទាល់ ដែល​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​ជាង​៨០​គីឡូម៉ែត្រ រួម​ដំណើរ​ជាមួយ​លោក វ៉ា​ន់ ភារ​ម្យ ភ្នាក់ងារ​កាសែត​អរិយធម៌ ដើម្បី​យក​ព័ត៌មាន​ចុះ​ផ្សាយ​ឲ្យ​បានដឹង​ឮ​ដល់​អភិបាលខេត្ត ឬ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ជួយ​សម្រួលការ​លំបាក​ជូន​ពលរដ្ឋ​ដែល​កំពុង​មាន​ខ្វះខាត ។

នៅ​ពេល​ដែល​ក្រុម​អ្នក​យក​ព័ត៌មាន​កំពុង​តែ​ទាញ​ទូរស័ព្ទ​ថតរូប​ភាព​ស្ពានឈើ​ដែល​មាន​បណ្តោយ​ប្រមាណ​១០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ស្រាប់តែ​មាន​មនុស្ស​ប្រុស​២​នាក់​បាន​ដើរ​ចេញពី​តូប​មួយ​ក្រោម​ដើម​ស្វាយ​(​តូប​ពួក​គេ​ដេក​យាម​ស្ពាន​ចាំ​យក​លុយ​)​មក​សួរនាំ​ក្រុម​អ្នក​យក​ព័ត៌មាន​ថា នៅ​ខាង​ណា? មក​ថត​មានការ​អី?

ក្រោយ​ពី​សួរនាំ​ក្រុម​អ្នក​យក​ព័ត៌មាន​ហើយ ពួក​គេ​ថែម​ទាំង​បាន​សម្លុត​ឲ្យ​អ្នកកាសែត​លុប​រូបភាព​ដែល​បាន​ថត​ចោល ប្រសិនបើ​មិន​ចង់​មានរឿង (sic) ។ បុរស​ទាំង​២​នាក់​ដែល​បាន​អះអាង​ថា ខ្លួន​គឺជា​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ គាំ សា​គុណ (​ដំបូង​ថា ខ្លួន​ឈ្មោះ សាក់ សា​គុណ​) និង​ម្នាក់​ទៀត​ឈ្មោះ ខេន ។

ពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​បាន​រិះគន់​ចំពោះ​សកម្មភាព​បុគ្គល​ទាំង​២​ខាងលើ​យ៉ាង​ខ្លាំង ព្រោះ​ក្រុម​អ្នកកាសែត​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នោះ គឺ​គ្រាន់​ចង់បាន​ព័ត៌មាន​ច្បាស់​ការណ៍​ដើម្បី​ផ្សព្វផ្សាយ​ជូន​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​មន្ត្រី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ជួយ​សាងសង់​ស្ពាន​ជូន​ពលរដ្ឋ​បាន​ប្រើប្រាស់​វិញ ។ ពលរដ្ឋ​បាន​លើក​ឡើង​ថា អាច​មក​ពី​ពួក​គេ​ខ្លាច​ខាតបង់​ប្រយោជន៍​ផ្ទាល់ខ្លួន ទើប​មាន​ប្រតិកម្ម​ដល់​ក្រុម​អ្នកការ​សែត​យ៉ាង​ដូច្នេះ ។

លោក សាក់ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា ឈ្មោះ គាំ សា​គុណ និង​ឈ្មោះ ខេន មិនមែន​ជា​មន្ត្រី​ប៉េ​អឹ​ម​របស់​លោក​ឡើយ ។ ពួក​គេ​គ្រាន់តែ​ជា​ប្រជាជន​សាមញ្ញ​ប៉ុណ្ណោះ ។

លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា ស្ពាន​ដែល​បាន​បាក់​ខាងលើ កន្លង​មក​គឺ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​ជា​អ្នក​ធ្វើ (​សង់​ពី​ឈើ​ធំ​ៗ​ជា​ច្រើន​ដើម​តម្រៀប​គ្នា​) ។ ចំណែក​ឈ្មោះ​ទាំង​២​ខាងលើ លោក​នឹង​បន្ត​សួរ​ទៅ​ខាង​អាវុធហត្ថ​បន្ថែម​ទៀត ព្រោះ​ពួក​គេ​បាន​យកឈ្មោះ​អាវុធហត្ថ​ទៅ​ប្រើ ដើម្បី​បាន​លុយ​ពី​ពលរដ្ឋ​ឆ្លងស្ពាន ។

សហគមន៍​ឃុំ​ស្រែ​ព្រះ​បាន​ទទូច​ដល់​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​មេត្តា​ចុះ​ត្រួតពិនិត្យ​ករណី​នេះ​ផង កុំ​ឲ្យ​មាន​ជន​ឆ្លៀតឱកាស​កេង​ចំណេញ​លើ​កម្លាំង​ញើស​ឈាម​រាស្ត្រ​ដូច្នេះ ៕