អាជ្ញាធរខ្មែរទទួលញត្តិតវ៉ារឿងព្រំដែនជំនួសស្ថានទូតវៀតណាម

ដូចការគ្រោងទុក នៅព្រឹកថ្ងៃចន្ទនេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានយកញ្ញតិ្តទាមទារមួយ ទៅដាក់នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា តែមន្រ្តីស្ថានទូតវៀតណាម មិនបានចេញមកទទួលលិខិតនោះឡើយ។ ដោយមានអន្តរាគមន៍ពី អាជ្ញាធរដែនដី ក្រុមការងារបក្សយុវជនកម្ពុជា បានព្រមរំសាយពីមុខស្ថានទូតវៀតណាមភ្លាមៗ តែបានព្រមានទុកពេលអោយត្រឹម ៣០ថ្ងៃ ថាបើគ្មានការឆ្លើយតបណាមួយ ពីរដ្ឋាភិបាលវៀតណាម បក្សយុវជនកម្ពុជា នឹងដឹកនាំមហាបាតុកម្មនៅមុខស្ថានទូតវៀតណាមម្តងទៀត។

មន្រ្តីស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ សីហានេះ មិនបានចេញមកទទួលញ្ញតិ្ត របស់ គណបក្សយុវជនកម្ពុជា នៅមុខស្ថានទូតឡើយ។ ញ្ញតិ្តដែលមានខ្លឹមសារ ទាមទារបីចំណុច គឺ អោយរដ្ឋាភិបាលវៀតណាម បញ្ឈប់សកម្មភាពរំលោភបូរណភាពទឹកដីកម្ពុជា រុះរើសំណង់នៅព្រំដែនតាមតំបន់ហាមឃាត់ លុបស្រះទឹក និងបញ្ឈប់ការប្រើអំពើហិង្សាលើពលរដ្ឋខ្មែរ ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា ការមិនចេញមកទទួលញ្ញតិរបស់មន្រ្តីស្ថានទូតវៀតណាម ដោយយកលេសជាប់រវល់ប្រជុំជាមួយ គណៈកម្មការកិច្ចការព្រំដែនកម្ពុជា បង្ហាញថារដ្ឋាភិបាលវៀតណាមមិនយកចិត្តទុកដាក់ចំពោះទុក្ខកង្វល់របស់ពលរដ្ឋខ្មែរ ដែលរងការបំពានបូរណភាពទឹកដីឡើយ។ ប្រធានគណបក្សយុវជនកម្ពុជា បានព្រមានថា ប្រសិនបើក្នុងរយៈពេល ៣០ថ្ងៃក្រោយ គ្មានការឆ្លើយតបអោយសមហេតុផលណាមួយ ពីស្ថានទូតវៀតណាមទេ បក្សយុវជនកម្ពុជា នឹងធ្វើបាតុកម្មប្រឆាំង នៅមុខស្ថានទូតវៀតណាមម្តងទៀត ព្រមទាំងធ្វើបាតុកម្មបិទទីផ្សារផលិតផលវៀតណាមទាំងស្រុងក្នុងប្រទេសកម្ពុជា ដើម្បីសម្តែងភាពមិនពេញចិត្តតបតវិញ។

អន្តរាគមន៍ភ្លាមៗ ដើម្បីបំបែកការប្រមូលផ្តុំនៅមុខ ស្ថានទូតវៀតណាមប្រចាំកម្ពុជា អភិបាលរងខណ្ឌចំការមន លោក កែវ សំណាង បានចេញមុខមកទទួលញ្ញតិ្តនោះជំនួស មន្រ្តីស្ថានទូតវៀតណាម។ អភិបាលរងខណ្ឌចំការមន រូបនេះ បានប្រាប់វិទ្យុបារាំងRFI នៅព្រឹកថ្ងៃចន្ទនេះថា លោកបានចាត់ចែងបញ្ជូនញត្តិរួចហើយ និងកំពុងរងចាំការជូនដំណឹងពីស្ថានទូតវៀតណាមមកវិញ។

យ៉ាងណាក៏ដោយ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ការឆ្លើយតបនឹងបញ្ហាព្រំដែនរបស់រដ្ឋាភិបាលវៀតណាម បើទោះបីជា ធ្វើឡើងតាមរយៈលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកិច្ចការព្រំដែនកម្ពុជា វៀតណាម ក៏អាចបន្ថយកំហឹង និងសម្រេចបំណងនៃញ្ញត្តិរបស់បក្សយុវជនកម្ពុជា បានផងដែរ។

គួរជម្រាបថា ការដាក់ញ្ញតិ្តរបស់ គណបក្សយុវជនកម្ពុជា ជូនស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃនេះ ចំពេលដែល គណៈកម្មការព្រំដែន កម្ពុជា-វៀតណាម កំពុងបើកកិច្ចប្រជុំ នៅទីស្តីការ គណៈរដ្ឋមន្រ្តីខណៈ កម្ពុជា មានរបៀបវារៈមួយចំនួន ទាក់ទងនឹងបញ្ហានៅតាមតំបន់ព្រំដែន រវាងកម្ពុជា-វៀតណាម ព្រមទាំងលិខិតស្នើអោយ ប្រទេសបារាំង ជួយអន្តរាគមន៍លើបច្ចេកទេសគូសផែនទីនៅតាមព្រំដែនផងដែរ៕

ប្រភព៖ RFI


អាជ្ញាធរខ្មែរទទួលញត្តិតវ៉ារឿងព្រំដែនជំនួសស្ថានទូតវៀតណាម

ខ្លាចរូបភាពរាំមិនទាន់សម័យរបស់ខ្លួនលេចធ្លាយនាំឲ្យខ្មាស់គេ បុរសម្នាក់កាត់បំផ្លាញខ្សែអ៊ីនធើរណេត

អាជ្ញាធរខ្មែរទទួលញត្តិតវ៉ារឿងព្រំដែនជំនួសស្ថានទូតវៀតណាម

​អ្នកដំណើរលុះព្រលឹង ខណៈម៉ាស៊ីនយន្តហោះផ្ទុះរហែកខ្ទេចខ្ទីក្នុងពេលហោះហើរ