ស្ពាន​សម្រាប់​អ្នក​ថ្មើរ​ជើង​មួយ បាក់​ធ្លាក់​ពី​លើ​ថ្នល់​ល្បឿន​លឿន

អ្នកបើកបរម៉ូតូម្នាក់ បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងព្រឹត្តិការណ៍ បាក់ធ្លាក់ស្ពាន សម្រាប់អ្នកថ្មើរជើងមួយ នៅ​លើ​ថ្នល់​ល្បឿន​លឿន ដែល​ស្ថិត​នៅ​ក្បែរ​រាជធានី ឡុងដ៍ ប្រទេសអង់គ្លេស។
ទិដ្ឋភាពនៃការបាក់ស្ពាន សម្រាប់អ្នកថ្មើរជើងមួយ បន្ទាប់ពីបានប៉ះជាមួយរថយន្ដដឹទំនិតញ។

ស្ពានសម្រាប់អ្នកថ្មើរជើងមួយ ដែលសង់កន្លង​ពីលើថ្នល់ល្បឿនលឿន លេខ «M20» បានបាក់ធ្លាក់​កាល​ពីថ្ងៃ​សៅរ៍ បន្ទាប់ពីបានប៉ះជាមួយ រថយន្ដដឹកទំនិញមួយគ្រឿង។ ហេតុការណ៍នេះ បានបង្កឲ្យអ្នកបើក​បរ​ម៉ូតូម្នាក់​រង​របួស ហើយចរាចរណ៍ទាំងពីរទិស របស់ថ្នល់ល្បឿនលឿន ដែលឆ្ពាប់រាជធានី ឡុងដ៍ មកកាន់ច្រកសមុទ្រ ម៉ង់ (Manche - ច្រកនេះមុជ ពីខាងក្រោមសមុទ្រម៉ង់ ដើម្បីភ្ជាប់ទៅដីទ្វីប កាត់តាម​ប្រទេសបារាំង) បានបិត​អស់​ជា​ច្រើន​ម៉ោង។ នេះបើតាមការអះអាង របស់នគរបាល នៅក្នុងតំបន់ដែលកើតហេតុ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់នគរបាលបានឲ្យដឹងថា គេបានជូនដំណឹង មកកាន់នគរបាល អំពីគ្រោះ​ថ្នាក់​នេះ នៅវេលាម៉ោង ១១ និង០៧នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង១៦ និង០៧នាទី ម៉ោងនៅកម្ពុជា)។ សេចក្ដី​ប្រកាសព័ត៌មាននោះ បានបញ្ជាក់ទៀតថា៖ «នៅខណៈនេះ ហេតុការណ៍នេះ វាដូចជាកើតឡើង ដោយ​សារ​រថយន្​ដដឹកទំនិញ បានបើកបុកស្ពាន សម្រាប់អ្នកថ្មើរជើងខាងលើ មុននឹងវាបានបាក់​ធ្លាក់​ចុះមក​លើ​ផ្លូវ​ថ្នល់»។

នគរបាលបានបញ្ជាក់បន្ថែមថា អ្នកបើកបរម៉ូតូម្នាក់ បានរងរបួស ពីការបាក់ធ្លាក់ស្ពាននេះ តែមិនធ្ងន់ធ្ងរ​និង​ប៉ះពាល់ ដល់ជីវិតនោះទេ។ នេះអាចចាត់ទុកជាសំណាងមួយ ដែលគ្រោះថ្នាក់នេះ មិនបានបង្កឲ្យនរណា​ផ្សេង​ទៀ​តរងគ្រោះ ដោយសារតែថ្នល់ល្បឿនលឿននេះ មានចរាចរណ៍ច្រើន បណ្ដាលមកពីពេលនេះ ជាពេល​ចុង​សប្ដាហ៍។ ប៉ុន្តែអាជ្ញាធរបានបញ្ជា ឲ្យបិទការធ្វើចរាចរណ៍ ទាំងពីរទិស ជាបណ្ដោះអាសន្នសិន។

ទូទស្សន៍ ប៊ីប៊ីស៊ី () បានស្រង់សំដីសាក្សីម្នាក់ ដែលស្ថិតនៅក្នុងហេតុការណ៍នេះ មកផ្សព្វផ្សាយថា អ្នកបើក​ម៉ូតូនោះ បានបើកមកដល់ចំពេលស្ពានបាក់ ហើយបានផ្ដួលម៉ូតូ ក្រាបទៅលើដី ដើម្បីគេចផុតពី​ស្ពាន​សង្កត់​ពីលើ។ ការផ្ដួលខ្លួនទៅលើដីនេះហើយ ដែលធ្វើឲ្យបុរសរូបនោះ បានរងរបួស៕

ស្ពាន​សម្រាប់​អ្នក​ថ្មើរ​ជើង​មួយ បាក់​ធ្លាក់​ពី​លើ​ថ្នល់​ល្បឿន​លឿន

ស្ពាន​សម្រាប់​អ្នក​ថ្មើរ​ជើង​មួយ បាក់​ធ្លាក់​ពី​លើ​ថ្នល់​ល្បឿន​លឿន