ផ្តល់​ប្រាក់សម្រាប់​ផ្តាច់​បំណុល​ធនាគារ​ ក្រោយដឹងរឿងរ៉ាវដ៏កម្សត់​រួចមក

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​រាជធានី​ភ្នំពេញ​ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ជា​ចំនួន៥​លាន​រៀល, អង្ករ​៤​កា​រ៉ុ​ង, ទឹក​សុទ្ធ​៤​កេស​, ទឹកក្រូច​២កេស, ទឹ​ក​ត្រី​២​យួរ, ទឹក​ស៊ីអ៊ីវ​​២​យួរ​ជូន​ដល់ស្ត្រីជា​ភរិយា​របស់​ចោរប្លន់​ទូរស័ព្ទ ដែល​បាន​សម្លាប់​ខ្លួនឯង ខណ​:​ពេល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឡោម​ព័ទ្ធ​ជាប់​ កាលពី​ពល​ថ្មី​ៗកន្លង​មក​នេះ ។ រឿងរ៉ាវ​ដ៏​កម្សត់ នៅ​ពីក្រោយ​ការ​ស្លាប់​ចោរប្លន់​ហាង​ទូរស័ព្ទ​យីហោ លឹ​ម ហាវ

អំណោយ​នេះ ​បាន​ប្រគល់​ក្រោយ​ពី​មានរឿង​កំសត់​របស់​ប្អូនស្រី ត្រូវ​បាន​ទទួល​ការ​អាណិតអាសូរ​ពី​ប្រជាជនជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅប្រទេស ។ ជាង​នេះ​ទៀត​ លោក​មេបញ្ជាការ នៅ​តែ​ស្វែងរក​សប្បុរសជន និង​ទ​ទូចឱ្យ​មានការ​ចូលរួមជួយ​រំដោះ​ទុក​លំបាក​របស់​ប្អូនស្រី ​នៅ​ជាប់​វណ្ឌ​ក​ធនាគារ និង​បំណុល​អ្នក​ដ​ទៃ ។

ដោយ​ទឹកចិត្ត​ក្តុកក្តួល​ និង​ទ្រាំ​មើល​ទុក្ខ​លំបាក​ប្អូនស្រី​រូប​នោះ​ មាន​ភាព​ឯកោ​ខ្លាំង​ពេក តាម​រយ​:​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ មាន​សប្បុរសជន​២​រូប គឺ​លោកហេង ឡា​លី​ន និងលោកកែវ ចំរើន ដែល​បាន​ដឹង​ដំណឹង ​តាម​គេហ​ទំ​ព័រសារ​ព័ត៌មាន​ក្នុងស្រុក​ថា ប្អូនស្រី​នៅ​ជំពាក់​បំណុល​ធនាគារ​ហត្ថា​កសិករ​ចំនួន​១៣៦០​ដុល្លារ​អា​មេ​រិ​ក ដែល​ប្អូនស្រី​បាន​ចូល​ទៅ​ជួប​ធនា​គារ ហើយ​សុំ​ការ​បន្ធូរបន្ថយ​​ មក​នៅ​ត្រឹមតែ​១​ពាន់​ដុល្លារ ដើម្បី​រក​ប្រាក់​សង​ធនាគារ​នោះ ។

ប៉ុន្តែ​ខាង​ធនាគារ​គេ​មិន​ព្រមបាន​ត្រឹមតែ​ជួយ​សម្រួល បន្ថែម​កាលកំណត់​ឱ្យសង​យូរ​ជាង​មុន ហើយ​ការ​បន្ធូរបន្ថយ​នេះ​ ក៏​ធ្វើ​ឲ្យ​ការ​ប្រាក់​កើនឡើង​ច្រើន​ពេក​ដែរ ។ ដោយ​មើលឃើញ​នូវ​ទុក្ខវេទនា​យ៉ាង​ដូច្នេះ សប្បុរសជន​២​នាក់​ខាងលើ បាន​ចូលរួម​បរិ​ច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១៥០០​ដុល្លារ តាម​រយៈ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ជូន​ដល់​ប្អូនស្រី ដើម្បី​សង​ផ្តាច់​បំណុល​ធនាគារ​ហត្ថា​កសិករ​នោះ​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បានមាន​​ប្រសាសន៍​ប្រាប់​ដល់​ប្អូនស្រី​ថា ថវិកា​ដែល​សប្បុរសជន​ទាំង​២ជូន​ប្អូនស្រី​នេះ គឺ​សម្រាប់​សង​ផ្តាច់​បំណុល​ធនាគារ ។ រីឯ​បំណុល​ឯកជន ដែល​គ្រួសារ​ប្អូនស្រី​នៅ​ជំពាក់​គេ​ជាង​៦​ពាន់​ដុល្លារ​ទៀត​នោះ លោក​មេ​បញ្ជាការ​បាន​លើកទឹកចិត្ត​ប្អូនស្រីថា ឱ្យ​ទៅ​សុំ​ក្តី​មេត្តា​ពី​ម្ចាស់បំណុល ដើម្បី​សុំ​ការ​ពន្យារពេល​សង និង​ឱ្យប្អូនស្រី​យក​ថិ​វ​កា ដែល​លោក​បាន​ផ្តល់​ជូន​ពី​កន្លង​ទៅ​ឲ្យ​ទុក​ធ្វើ​ជា​ទុន​រកស៊ី ដើម្បី​ដោះស្រាយ​សងបំណុល​គេ​បណ្តើរ​ៗ​តាម​លទ្ធភាព ។