កំពូលតារាភាពយន្តថៃ កញ្ញា Bella នឹងមកជួបប្រិយមិត្តរបស់ខ្លួន នៅកម្ពុជាឆាប់ៗនេះ

កំពូលតារាភាពយន្តថៃ កញ្ញា Bella នឹងធ្វើដំណើរពិសេស មកកាន់ទីក្រុងភ្នំពេញ ដើម្បីជួបជាមួយប្រិយមិត្តរបស់ខ្លួនជាច្រើន នៅប្រទេសកម្ពុជា ក្នុងខែតុលា ខាងមុខនេះ។

ដំណើរមកដល់ទឹកដី ដ៏ស្រស់បំព្រងរបស់កម្ពុជាលើកនេះ កំពូលតារាភាពយន្តនៃស្ថានីយទូរទស្សន៍ដ៏ល្បីរបស់ថៃ TV3 នឹងទទួលពិធីស្វាគមន៍ ក៏ដូចជាចូលរួមក្នុងជំនួបពិសេសមួយនៅឯផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ ភីអិនអិន បានបញ្ជាក់ថា ៖ «កញ្ញា Bella ជាតារាល្បីម្នាក់ក្នុងចំណោមតារាល្បីៗ របស់ថៃជាច្រើន ដែលគាំទ្រស្ថានីយទូរទស្សន៍ភីអិនអិន។ ការមកកាន់ ប្រទេសកម្ពុជារបស់នាងលើកនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ភីអិនអិន ក្នុងការនាំយកតារាល្បីៗ និងភាពយន្តល្អៗជូនដល់ទៅដល់ទូរទស្សនិកជនកម្ពុជា»។

កញ្ញាបានបន្ថែមទៀតថា៖ «ក្នុងសប្តាហ៍នេះភីអិនអិនក៏នឹងចាក់បញ្ចាំងរឿងដ៏មានប្រជាប្រិយភាពមួយរបស់Bella គឺរឿង វិមានមេខលា ចាប់ពីថ្ងៃពុធ ទី៣១ ខែសីហា។ ដោយឡែករឿង«ភរិយាបណ្តូលចិត្ត» ដែលជាខ្សែភាពយន្តល្បីបំផុត នៅប្រទេសថៃ ភីអិនអិននឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ»។

កញ្ញា Ranee Campen ឬ Bella គឺជាតារាសម្តែងស្រីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍របស់ថៃ TV3 ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយចាប់ផ្តើមដំបូងជាតារាម៉ូដែល មុនពេលចុះកុងត្រាជាតារាសម្តែង ប្រចាំប៉ុស្តិ៍លេខបីថៃ នៅក្នុងឆ្នាំ២០១១។

តារាសម្តែងវ័យ ២៦ ឆ្នាំរូបនេះ កាលពីឆ្នាំ២០១៣ ទទួលបានតំណែងតួឯកស្រីជាលើកដំបូងនៅក្នុងរឿង Porn Prom Onlaweng ដែលជារឿងជាប់នៅក្នុងចំណាត់ថ្នាក់លេខប្រាំក្នុងចំណោមរឿងភាគ នៅក្នុងម៉ោងមាសទាំងអស់ របស់ស្ថានីយប៉ុស្តិ៍លេខបីថៃក្នុងឆ្នាំនោះ។

បន្ទាប់មកនាងក៏បានសម្តែងជាតួឯក នៅក្នុងរឿងភាគបន្តបន្ទាប់ទៀតឲ្យ TV3 មានដូចជារឿង Gentleman Puttipat, Child of a Slave, Flame of Chimplee, Two Worlds of Love, Faithful and Beloved Wife, និងរឿងចុងក្រោយបង្អស់ Mekkala's Castle។

ក្នុងឆ្នាំ ២០១៣ Bella តារាសម្តែងកូនកាត់ថៃ-អង់គ្លេសរូបនេះ បានទទួលពានរង្វាន់ជា Fantasy Couple of the Yearពី Kerd Awards ជាមួយនឹងលោក James Jirayu បន្ទាប់ពីពួកគេបានសម្តែងនៅក្នុងរឿង Gentleman Puttipat។ មិនតែប៉ុននោះ នាងក៏ធ្លាប់បានទទួលពានរង្វាន់ជាតារាស្រី ដ៏មានប្រជាប្រិយភាពបំផុតពីកាសែត 12th Kom Chad Luek ផងដែរ។

រឿងភាគចុងក្រោយបង្អស់ របស់កំពូលតារាសម្តែង Bella នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦ នេះហើយ គឺរឿង Mekkala's Castle ឬ វិមានមេខលា បន្ទាប់ពីរឿង ចំណងស្នេហ៍ អន្ទាក់កម្ម ដែលមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ ចន្ទ ដល់សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់ ទៅដល់ម៉ោង ១ រសៀល។

វិមានមេខលា ជាភាពយន្តភាគ ដែលរៀបរាប់ពីតួឯកស្រីដែលមានចរិតចចេសរឹងរូសដែលត្រូវបានទំរើស ដោយម្តាយមីងរបស់នាង តាំងពីតូចរហូតដល់ធំ។ ដល់ពេលដឹងក្តីនាងមេខឡាដែលសម្តែងដោយ Bella ក៏បានក្លាយខ្លួនជាតារាល្បីឈ្មោះម្នាក់ តែក្រោយមកក៏បានធ្លាក់ខ្លួន ហើយត្រូវការលុយជាបន្ទាន់ ក៏សម្រេចចិត្តលក់ព្រៃឈើដែលជារបស់ប៉ានាង តែចៃដន្យអាក្រក់នៅតាមផ្លូវទៅកាន់ព្រៃនោះ នាងបានជួបគ្រោះថា្នក់បាត់បង់ការចងចាំ ហើយត្រូវបានផ្តល់អត្តសញ្ញាណថ្មីជាតួអង្គឈ្មោះ Prim ដោយបុរសឈ្មោះ Paya ដែលជាតួឯកប្រុស សម្តែងដោយតារាកូនកាត់ថៃ-អាល្លឺម៉ង់ Andrew Charlie Gregson។

ទោះបីជានាងបាត់ការចងចាំក៏ពិតមែន ប៉ុន្តែនាងនៅតែជាមនុស្សរប៊ិលរប៉ូច តែទីបំផុតអ្នកនៅទីនោះ ក៏បានធ្វើអោយនាងកែប្រែទៅជាមនុស្ស ដែលមិនអាត្មានិយមដូចកាលពីមុន។ រឿងរ៉ាវកាន់តែច្របូកច្របល់ នៅពេលដែលនាងមេខលា និងកម្លោះសង្ហាPaya មានចិត្តលើគ្នាតែនៅមិនសារភាព រហូតដល់មានយប់មួយពួកគេបានគេងជាមួយគ្នា។ យ៉ាងណាមិញ ក្រោយពីនាង មេខលា បានចងចាំរឿងអតីតកាល ហើយដឹងថា Paya បានកុហកខ្លួន នាងខឹងខ្លាំងណាស់ ក៏ត្រឡប់ទៅក្រុងបាងកកវិញ ហើយសម្រេចចិត្តលក់ព្រៃនោះចោល។ ចុងបញ្ចប់នៃសាច់រឿងនាង Mekala និង Paya បានជួបជុំគ្នាវិញ ហើយ Mekala បានផ្លាស់ប្តូរជានារីម្នាក់ថ្មីដែលមានចិត្តស្រឡាញ់ព្រៃឈើខ្លាំងដូច Paya ដែរ។

PNN ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុត នៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចសន្យាផ្ដាច់មុខមួយកាលពីខែ ឧសភា ឆ្នាំ២០១៥ ក្នុងការទទួលបានសិទ្ធិចាក់ផ្សាយខ្សែភាពយន្តភាគល្បីៗ ទាំងចាស់ ទាំងថ្មី របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។ កិច្ចព្រមព្រៀងនេះ មានតម្លៃជាទឹកប្រាក់ប្រមាណជាង ១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការមកដល់របស់តារាសម្តែងស្រី Bella សូមលោកអ្នកតាមដានទំព័រហ្វេសប៊ុករបស់ភីអិនអិន www.facebook.com/PNNDramaFanClub ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload