លោក Erdogan ប្ដេជ្ញា​កម្ទេច​ទាំង​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ឧទ្ទាម​ឃើ​ដ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-29-2016, 6:06 pm         29

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Erdogan ប្ដេជ្ញា​កម្ទេច​ទាំង​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ឧទ្ទាម​ឃើ​ដប្រធានាធិបតីតួកគី Recep Tayyip Erdogan នាជំនួបជាមួយ​អ្នកគាំទ្រ។ រូបថត Xinhua​កងកម្លាំង​តួ​ក​គី និង​ក្រុម​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​ចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​ស៊ី​រី ក្នុង​ប្រតិបត្តិការ​ផ្លេកបន្ទោរ ដើម្បី​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​ចលនា​ឧទ្ទាម​ឃើ​ដ (YPG) នៅតាម​បណ្ដោយ​ព្រំដែន​តួ​ក​គី និង​ស៊ី​រី​។ ខណៈដែល​ប្រតិបត្តិការ​ខិតជិត​ដល់​មួយ​សប្ដាហ៍​ហើយ​នោះ ប្រមុខរដ្ឋ​តួ​ក​គី លោក Recep Tayyip Erdogan បញ្ជាក់ថា យុទ្ធនាការ​បោសសម្អាត​នេះ នឹង​បន្ត​រហូតដល់​ចប់ និង​មិន​លើកលែង​ឲ្យ​ក្រុម​ណាមួយ​ឡើយ​។

​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បានប្រកាសថា តួ​ក​គី​មានការ​តាំងចិត្ត​ដូចគ្នា​ក្នុងការ​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​ក្រុម​ឧទ្ទាម​ឃើ​ដ YPG ខណៈដែល​ប្រតិបត្តិការ​យោធា​ឆ្លង​ព្រំដែន​របស់​កងទ័ព​តួ​ក​គី​ចូលមក​ទឹកដី​ស៊ី រី ឈាន​មកដល់​ថ្ងៃទី​៥​ហើយ​នោះ​។ ប្រតិបត្តិ​ការដែល​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​សប្ដាហ៍​មុន​នៅ​ភាគ​ខាងជើង​ស៊ី​រី ក៏បាន​សម្លាប់​មនុស្ស​អស់​ជាច្រើន​ផងដែរ​។​

​ថ្លែង​ទៅកាន់​ការជួបជុំ​ក្នុង​ទីក្រុង Gaziantep នៅ​ថ្ងៃទី​២៨ ខែសីហា ប្រធានាធិបតី​តួ​ក​គី និយាយថា តួ​ក​គី នឹងមិន​អត់ឱន​ឲ្យ​អង្គការ​ភេរវកម្ម​ណាមួយ​នៅក្នុង ឬ​នៅក្បែរ​ព្រំដែន​របស់​ខ្លូន​ឡើយ​។ ហើយ​នេះ​គឺជា​មូល​ហេតុដែល​កងកម្លាំង​តួ​ក​គី​ចូលទៅ​កាន់​ទីក្រុង Jarablus របស់​ស៊ី​រី​។ លោក Erdogan បន្តថា ប្រសិនបើ​ចាំបាច់ កងកម្លាំង​តួ​ក​គី អាច​នឹង​ប្រតិបត្តិការ​នៅ​កន្លែង​ផ្សេងទៀត​។​

​យោងតាម​ទូរទស្សន៍ Al Jazeera កងទ័ព​តួ​ក​គី និង​សម្ព័ន្ធមិត្ត ដែល​គាំទ្រ​ដោយ​យន្តហោះ​ចម្បាំង បាន​បង្កើន​យុទ្ធនាការ​យោធា​នៅ​តំបន់​ភាគ​ខាងជើង កាលពី​ចុង​សប្ដាហ៍​មុន​។ ជាមួយគ្នានេះ កងកាំភ្លើងធំ​របស់​តួ​ក​គី ក៏បាន​បន្ត​បាញ់​លើ​ទីតាំង​របស់​កងកម្លាំង​គាំទ្រ​ចលនា​ឃើ​ដ នៅក្បែរ​ទីក្រុង Jarablus ផងដែរ​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កងទ័ព​តួ​ក​គី​បញ្ជាក់ថា យុទ្ធនាការ​ផ្លូវអាកាស​នេះ គឺ​ដើម្បី​ការពារ​កងទ័ព​តួ​ក​គី ដែល​កំពុង​ជួយ​ក្រុម​ឧទ្ទាម​ស៊ី​រី​សេរី​។​

​បើទោះជា​ប្រតិបត្តិការ​ផ្លេកបន្ទោរ​អាច​ទប់ស្កាត់​ការ​រុលទៅមុខ​របស់​ក្រុម​ឧទ្ទាម​ឃើ​ដ និង​អាច​បណ្ដេញ​ក្រុម​រដ្ឋ​ឥស្លាម​តាម​ព្រំដែន​ក៏ដោយ កងកម្លាំង​តួ​ក​គី ហាក់ដូចជា​មិនទាន់មាន​សញ្ញា​ដកថយ​នោះឡើយ​។ លោក​ប្រធានាធិបតី Erdogan បញ្ជាក់ដែរថា ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ភេរវកម្ម នឹង​បន្ត​រហូតដល់​ទីបញ្ចប់ មិន​ថា​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម ឬ​ចលនា​ឃើ​ដ YPG ឡើយ​។​

​តាំងពីដើម​មក ក្រុង​អង់កា​រ៉ា​បាន​ចោទ​ក្រុម​ឃើ​ដ YPG ថា មាន​ទំនាក់ទំនង​ជាមួយ​បក្ស​ពលករ​ឃើ​ដ (PKK) នៅ​ភាគ​ខាង​អាគ្នេយ៍​តួ​ក​គី​។ ក្រុម​ឧទ្ទាម YPG នេះ ក៏​ជា​ចលនា​យោធា​របស់​ក្រុម​ឃើ​ដ​នៅក្នុង​ស៊ី​រី ដែល​គ្រប់គ្រង​តំបន់​ភាគ​ខាងជើង​ស៊ី​រី និង​បាន​រុល​ឆ្លងទៅ​ខាងកើត​ទន្លេ Euphrates ដែល​តួ​ក​គី​ចាត់ទុកជា​បន្ទាត់​ក្រហម និង​ហាម​ក្រុម​នេះ​រុលទៅមុខ​ទៀត​៕