សកម្មជនបឹងកក់ត្រូវកោះហៅក្នុង​​​សំណុំរឿងចាស់ច្រើនឆ្នាំមុន

ជិតប្រាំឆ្នាំក្រោយពីអ្នកស្រី ទេព វន្នី និងសកម្មជនសិទ្ធិដីធ្លីបីនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ដោយតុលាការក្រុងភ្នំពេញពីបទប្រមាថប៉ូលិសនិងរារំាងមន្រ្តីសាធារណៈ ក្នុងពេលតវ៉ាដែលបានក្លាយទៅជាហិង្សា អ្នកទាំងបួននាក់ត្រូកោះហៅឡើងសវនាការនៅខែក្រោយនេះ។ ការសម្រេចជំនុំជម្រះសំណុំរឿងកាលពី៥ឆ្នាំមុនបានធ្វើឡើងមិនដល់មួយសប្តាហ៍ផងក្រោយពីអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ជាសកម្មជនដែរត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទ” ប្រមាថ”ដែលដាក់បណ្តាសាលើរូបសំណាកនៃមន្រ្តីតុលាការពេលតវ៉ានៅដើមខែនេះ។ ក្នុងពេលដែលអ្នកស្រី សោភា ត្រូវបានដោះលែងឲ្យមានសេរីភាព ដោយអ្នកស្រីត្រូវជាប់ពន្ធនាគារ៦ថ្ងៃរួចនោះ អ្នកស្រី ទេព វន្នី នៅតែជាប់ពន្ធនាគារដដែលពីបទចោទប្រកាន់បង្កហិង្សាដោយចេតនា ដែលកើតចេញពីការតវ៉ាកាលពីឆ្នាំ២០១៣នៅខាងក្រៅភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អ្នកស្រី សាម សុគន្ធា មេធាវីរបស់ចុងចោទបាននិយាយថា “ខ្ញុំបានទទួលដីកាកាលពីសប្តាហ៍មុន ដែលកោះហៅកូនក្តីរបស់ខ្ញុំពាក់ព័ន្ធនឹងការប្រមាថនិងរារាំងមន្រ្តីសាធារណៈ”ទាក់ទងនឹងការតវ៉ាកាលខែវិច្ឆិកា ឆ្នាំ២០១១។ លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកស្រី វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង មុំ ដែលសុទ្ធតែរស់នៅក្នុងតំបន់បឹងកក់ត្រូវកោះហៅឱ្យចូលសវនាការនៅថ្ងៃទី១៩ ខែកញ្ញា។ ស្រ្តីទាំងបួននាក់ត្រូវបានចាប់ខ្លួន ក្នុងពេលតវ៉ាឲ្យបញ្ចូលគ្រួសារបឹងកក់៩៤គ្រួសារទៅក្នុងដីឡូត៍១២,៤៤ហិកតា ដែលលោក ហ៊ុន សែន បានសន្យាផ្តល់ជូនសមាជិកសហគមន៍។ ការតវ៉ាបានក្លាយជាហិង្សា បន្ទាប់ពីប៉ូលិសបានហាមឃាត់ស្រី្ត១០០នាក់ដែលដើរហែក្បួនឆ្ពោះទៅមហាវិថីមុនីវង្ស ដោយធ្វើឱ្យអ្នកតវ៉ាគប់ដុំថ្មដាក់ប៉ូលិស។ ការចោទប្រកាន់ពីបទប្រមាថត្រូវមានទោសជាប់ពន្ធនាគារពី១ថ្ងៃដល់៦ថ្ងៃ ហើយពិន័យ ជាប្រាក់១០០.០០០រៀលឬប្រហែល២៥ដុល្លារ។ ការចោទប្រកាន់ផ្សេងទៀតដែលស្រ្តីប្រឈមមុខនោះ ការរារំាងមន្រ្តីសាធារណៈដោយមានស្ថានទម្ងន់ទោស ត្រូវជាប់ពន្ធនាគារពីប្រាំមួយខែទៅមួយឆ្នាំ ហើយពិន័យជាប្រាក់២លានរៀល ឬប្រហែល៥០០ដុល្លារ។ អ្នកស្រី មុំ ជាស្ត្រីម្នាក់ក្នុងចំណោមស្រ្តីទាំងបួននាក់បានបដិសេធថា អ្នកតវ៉ាមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែបាននិយាយថា អ្នកស្រីនឹងចូលសវនាការតាមការកោះហៅ។ អ្នកស្រី មុំ បាននិយាយថា “យើងមិនបានធ្វើអី្វខុសទេ ព្រោះយើងគ្រាន់តែទាមទារយុត្តិធម៌សម្រាប់សហគមន៍យើងប៉ុណ្ណោះ។យើងគ្រាន់តែទាមទារសិទ្ធិក្នុងការរស់នៅ និងសិទ្ធិដីធ្លីស្របច្បាប់របស់យើងប៉ុណ្ណោះ”។ អ្នកស្រី សោភា ជាសកម្មជនដែលត្រូវបានកាត់ទោសកាលពីសប្តាហ៍មុនជាមួយអ្នកស្រី វន្នីបាននិយាយថា ការគំរាមប្រើបទចោទប្រកាន់តាមផ្លូវច្បាប់នឹងមិនអាចបញ្ឈប់យុទ្ធនាការ”ថ្ងៃច័ន្ទពណ៌ខ្មៅ”បានទេ ដែលសកម្មជនប្រមូលគ្នារាល់សប្តាហ៍ ដើម្បីអំពាវនាវឱ្យដោះលែងបុគ្គលិកសិទ្ធិមនុស្សដែលជាប់ពន្ធនាគារ និងឱ្យមានការស៊ើបអង្កេតហ្មត់ចត់លើឃាតកម្មលោក កែម ឡី អ្នកវិភាគនយោបាយ។ អ្នកស្រី សោភា បាននិយាយថា “យើងមិនខ្លាចការចាប់ខ្លួននោះទេ។ យើងនឹងបន្តយុទ្ធនាការរបស់យើងដូចធម្មតា ទោះបីជាអ្នកស្រី វន្នី ត្រូវបានចាប់ខ្លួនក៏ដោយ”៕ មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, […]

The post សកម្មជនបឹងកក់ត្រូវកោះហៅក្នុង​​​សំណុំរឿងចាស់ច្រើនឆ្នាំមុន appeared first on The Cambodia Daily.