យកបាយឱ្យឪពុកនៅចម្ការត្រូវចាប់រំលោភតាមផ្លូវ

យកបាយឱ្យឪពុកនៅចម្ការត្រូវចាប់រំលោភតាមផ្លូវ



ខេត្តកំពត ៖ បុរសម្នាក់ជាកម្មកររោងចក្រស៊ីម៉ង់ត៍ចក្រីទីងកំពត បានត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោល សហការជាមួយនគរបាលស្រុកទឹកឈូចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែសីហា បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ពីបទចាប់រំលោភ ។

យោងតាមពាក្យបណ្តឹងដែលបានដាក់មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តោល ស្រុកទឹកឈូរៀបរាប់ថា ជនឈ្មោះ សិត សារ៉េន ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រស៊ីម៉ង់ត៍ចក្រីទីងកំពត មានទីលំនៅក្នុងឃុំកណ្តោល បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជាអនីតិជនម្នាក់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែសីហា។

ការចាប់រំលោភនេះ គឺខណៈនាងជិះកង់យកម្ហូបទៅឱ្យឪពុកនៅឯចម្ការឆ្ងាយពីផ្ទះ ហើយជនឈាមរាវរូបនេះស្ទាក់ផ្លូវឱ្យឈប់រួចចាប់អូសដៃចូលទៅក្នុងព្រៃ ជើងភ្នំក្បែរផ្លូវរទេះ និងទាញចូលទៅក្នុងចម្ការ ហើយគំរាមសម្លាប់ចាប់រំលោភរហូតបានសម្រេច ។

លោកវរសេនីយ៍ត្រី ណុប ចាន់ភាព អធិការរងនគរបាលស្រុកទឹកឈូបានឱ្យដឹងថា ក្មេងស្រីរងគ្រោះទើបមានអាយុ១៥ឆ្នាំ ហើយក្រោយពីត្រូវចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ច ដូចដែលក្មេងស្រីបានប្តឹងដែរ ។ នៅរសៀលថ្ងៃទី២៧ ខែសីហា នគរបាលផ្នែកយុត្តិធម៌ស្រុកទឹកឈូ បានកសាងសំណុំរឿងករណីចាប់រំលោភសេពសន្ថវៈនេះ បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តទៀត ដែលគេចមិនរួចពីទោសឧក្រិដ្ឋឡើយ ៕