ពលរដ្ឋ​ប្រមាណ​២០០​នាក់​នាំ​គ្នា​ឈរ​មុខ​សាលា​ដំបូង​ខេត្ត​សៀមរាប​គាំទ្រ​តំណាង​ដែល​ចូល​បំភ្លឺ

ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ភូមិ​ត្បែងខាងលិច នៃ​ស្រុក​បន្ទាយស្រី ចំនួន ៧​នាក់​ទៅ​សាកសួរ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា ក្នុង​ស្ថាន​ទម្ងន់​ទោស​ជា​បន្តបន្ទាប់។ ការ​កោះ​ហៅ​ទៅ​សាកសួរ​នេះ បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា និង​បន្ត​រហូត​ទៅ​ដល់ ៣​ថ្ងៃ​ខាង​មុខ​ទៀត។

ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់​មក​ពី ៥​ភូមិ​ក្នុង​ឃុំ​ត្បែង នៃ​ស្រុក​បន្ទាយស្រី បាន​លើក​គ្នា​ឈរ​នៅ​មុខ​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ក្នុង​គោល​បំណង​ជួយ​គាំទ្រ និង​ការពារ​តំណាង​របស់​ពួក​គេ។ ការ​លើក​គ្នា​ទៅ​ឈរ​ជាច្រើន​ម៉ោង​នេះ ដោយសារ​តែ​តុលាការ​ខេត្ត​សៀមរាប បាន​កោះ​ហៅ​តំណាង​ពួក​គេ ២​រូប​ទៅ​សាកសួរ ពាក់ព័ន្ធ​នឹង​ករណី​ព្រហ្មទណ្ឌ ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ភាគី​ទំនាស់​ដីធ្លី។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​លើក​គ្នា​ទៅ​ឈរ​នៅ​មុខ​តុលាការ គឺ​អ្នកស្រី ជា សាវ៉ាន។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ថា រូប​គាត់​មក​ពី​ភូមិ​ត្បែងខាងលិច ចំណែក​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត គឺ​មក​ពី​ភូមិ​ចំបក់៣ដើម ភូមិ​ត្បែងខាងកើត ភូមិ​គូលែនថ្មី និង​ភូមិ​វត្ត ជាដើម។ ស្ត្រី​ដដែល​បញ្ជាក់​ថា រូប​គាត់ និង​ពលរដ្ឋ​ដែល​លើក​គ្នា​មក​ឈរ​នៅ​មុខ​តុលាការ​ពេល​នេះ ក្នុង​បំណង​ហែហម​តំណាង​ដែល​តុលាការ​កោះ​ហៅ​មក​សាកសួរ ជុំវិញ​រឿង​ដែល​ភាគី​ទំនាស់​ដីធ្លី​ម្ខាង​ទៀត​ប្ដឹង​ចោទ​ប្រកាន់​ថា បាន​ដក​បំផ្លាញ​ដើម​ដំឡូងមី​អស់​ជាច្រើន។ ស្ត្រី​រូប​នោះ​អះអាង​ថា តំណាង​របស់​គាត់​មិន​បាន​ដក​បំផ្លាញ​ដើម​ដំឡូងមី​នោះ​ទេ គឺ​ពួក​គាត់​ជា​អ្នក​ដក​បំផ្លាញ៖ «តំណាង​នេះ​អត់​ខុស​ទេ អ្នក​ដក​បំផ្លាញ​ដំឡូង គឺ​ប្រជាជន​ទាំងអស់​គ្នា។ ពួក​ខ្ញុំ​មិន​ឲ្យ​តុលាការ​ចាប់​ខ្លួន​តំណាង​ទាំងនោះ​បាន​ទេ»

ង៉ោ ធូ ចូល​បំភ្លឺ​តុលាការ​ខេត្ត​សៀមរាប ២០១៦ ៨៥៥
តំណាង​ប្រជាពលរដ្ឋ​ម្នាក់ លោក ង៉ោ ធូ ដែល​តុលាការ​ខេត្ត​សៀមរាប កោះ​ហៅ​ទៅ​សាកសួរ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា​ក្នុង​ស្ថាន​ទម្ងន់​ទោស នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hang Savyouth

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី បាន​កោះ​ហៅ​តំណាង​ពលរដ្ឋ​ទំនាស់​ដីធ្លី ២​នាក់​ក្នុង​ចំណោម ៧​នាក់​មក​សាកសួរ។ តំណាង​ដែល​ត្រូវ​ចូល​ខ្លួន​មក​ឆ្លើយ​ចំពោះ​មុខ​តុលាការ​នោះ គឺ​ឈ្មោះ ង៉ោ ធូ និង​ម្នាក់​ទៀត​ឈ្មោះ គុណ អេង ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ពី​ករណី​ផ្សេង​ទៀត​ទៅ​ហើយ។

តំណាង​ពលរដ្ឋ​ឈ្មោះ ង៉ោ ធូ មាន​ប្រសាសន៍​បន្ទាប់​ពី​ចូល​ឆ្លើយ​ប្រាប់​តុលាការ​រួច​មក​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ សហគមន៍​របស់​គាត់​ដែល​មាន​ពលរដ្ឋ​ចំនួន​ជាង ៥៦០​គ្រួសារ ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​ចំបក់​៣​ដើម ដែល​មាន​ពលរដ្ឋ​ចំនួន ៨៥​គ្រួសារ។ ក្នុង​ពេល​ទំនាស់ គឺ​សហគមន៍​របស់​គាត់​បាន​បំផ្លាញ​ដើម​ដំឡូងមី​របស់​សហគមន៍​ចំបក់​៣​ដើម អស់​ចំនួន​ប្រហែល ១​ហិកតារ។ លោក ង៉ោ ធូ បាន​បដិសេធ​ថា រូប​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ដំណាំ​នោះ​ទេ ហើយ​លោក​សូម​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក៖ «ខ្ញុំ​អត់​បាន​ដឹង​ទេ​រឿង​បំផ្លាញ​ដំឡូង​នោះ។ តុលាការ​សួរ​ថា តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ឬ​ទេ? ខ្ញុំ​ថា​ខ្ញុំ​មិន​បាន គឺ​ពលរដ្ឋ​របស់​ខ្ញុំ​ជា​អ្នក​បំផ្លាញ»

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ចៅក្រម​ស៊ើបសួរ លោក កូយ សៅ ជុំវិញ​ចំណាត់​ការ​លើ​ករណី​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ក៏ប៉ុន្តែ​បន្ទាប់​ពី​សាកសួរ​រួច​មក គឺ​ចៅក្រម​រូប​នេះ​បាន​ចេញ​ដីកា​សម្រេច​ដាក់​តំណាង​ពលរដ្ឋ​ឈ្មោះ ង៉ោ ធូ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ជំនួស​ឲ្យ​ការ​មិន​ឃុំ​ខ្លួន​តំណាង​ពលរដ្ឋ​រូប​នោះ​ទេ។

ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក កូយ សៅ ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា បាន​កោះ​ហៅ​តំណាង​ពលរដ្ឋ​ចំនួន ៥​នាក់​ផ្សេង​ទៀត​ឲ្យ​ចូល​ខ្លួន​ជា​បន្តបន្ទាប់។ តំណាង​ទាំងនោះ​មាន​ឈ្មោះ ឈឿន សម្បត្តិ ធួន នឿម យ៉ែម យ៉ូន លី ចាន់ថា និង​ឈ្មោះ ហឿង ហៅ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។