សហគមន៍​ព្នង​រំពឹង​ថា​នឹង​មាន​ជីវភាព​ធូរធារ​បន្ទាប់​ពី​ក្រុមហ៊ុន​អាមេរិក​ទិញ​ឥណទាន​កាបូន

ប្រជា​សហគមន៍​ដែល​ភាគច្រើន​គឺ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង ជា​អ្នក​ការពារ​អភិរក្ស និង​អាស្រ័យ​ផល​ពី​ជម្រក​សត្វ​ព្រៃ​កែវ​សីមា រំពឹង​ថា ពួក​គេ​នឹង​មាន​ជីវភាព​ធូរធារ​ជាង​មុន បន្ទាប់​ពី​ត្រូវ​បាន​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​មួយ​ឈ្មោះ ឌីសនី (Disney) សម្រេច​ទិញ​ឥណទាន​កាបូន​ដែល​មាន​នៅ​ក្នុង​តំបន់​ព្រៃ​ឈើ​មួយ​នេះ។

ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា មាន​ផ្ទៃ​ជិត ៣០​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​ក្នុង​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ តើ​កិច្ចព្រមព្រៀង​ឥណទាន​កាបូន​ពិត​ជា​បាន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​មែន​ទេ?

«សំឡេង​ទឹក​ហូរ និង​សត្វ​ព្រៃ»

លោក ធឿន ស្រូវ ជា​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​អណ្ដូងក្រឡឹង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី លោក​ជា​ប្រជា​សហគមន៍​ម្នាក់​ក្នុង​ចំណោម​ប្រជា​សហគមន៍​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា។

មាន​អាយុ ៤៦​ឆ្នាំ បុរស​មាន​មាឌ​មាំ​សម្បុរ​ខ្មៅ​ស្រអែម ពាក់​អាវ​ពណ៌​ខៀវ​ក្រមៅ មាន​អាវ​ក្រៅ​ពណ៌​ត្រួយចេក លោក ធឿន ស្រូវ តែង​ពាក់អាវ​នេះ​ជូន​ភ្ញៀវ​ចូល​ព្រៃ។ ស្ពាយ​បង្វេច​អីវ៉ាន់​នៅ​ពី​ក្រោយ និង​មាន​ទាំង​ទឹក​ទុក​ផង​នោះ លោក​ត្រូវ​ទៅ​ដល់​ព្រៃ​កន្លែង​មើល​សត្វ​ព្រៃ​ប្រមាណ​ម៉ោង ៥​ព្រឹក ចំណែក​ភ្ញៀវ​ទេសចរ​ក៏​ត្រូវ​ទៅ​ដល់​កន្លែង​ដើម្បី​តាម​មើល​សត្វ​ទោច ស្វា និង​ស្វា​កន្ទុយ​ស ហើយ​ស្វា​កន្ទុយ​ស ជា​សត្វ​កម្រ​ដែល​មាន​នៅ​ក្នុង​ដែន​ជម្រក​មួយ​នេះ៖ «»

លោក ធឿន ស្រូវ បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ការងារ​ជា​អ្នក​ស្រាវជ្រាវ​សត្វ​ទោច​នៅ​សមាគម​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា (WCS) កាល​ពី​ឆ្នាំ​២០១៣ ក្រៅ​ពី​ជូន​ភ្ញៀវ​ចូល​ព្រៃ។ លោក​មាន​តួនាទី​ផ្សាំង​សត្វ​ទោច សត្វ​ស្វា កុំ​ឲ្យ​សត្វ​ផ្អើល​ពេល​ឃើញ​មនុស្ស។ លោក​ពន្យល់​ថា ការ​ផ្សាំង​សត្វ គឺ​លោក​ត្រូវ​ទៅ​ឈរ​ក្បែរ​សត្វ មិន​ធ្វើ​ឲ្យ​សត្វ​ភ័យ​ខ្លាច ហើយ​ពាក់​អាវ​ពណ៌​ដដែល​ពេល​ទៅ​ម្តងៗ ដើម្បី​ឲ្យ​សត្វ​ចំណាំ។

ការងារ​នេះ ផ្តល់​កម្រៃ​ឲ្យ​លោក​ក្នុង​មួយ​ខែ​ប្រមាណ ២០​ម៉ឺន​រៀល។ ក្រៅ​ពី​នេះ លោក​ទទួល​បាន​ប្រាក់ ៥​ម៉ឺន​រៀល នៅ​ពេល​ជូន​ភ្ញៀវ​ទេសចរ​ចូល​ព្រៃ​ឡើង​ភ្នំ​ម្តងៗ។ លោក ធឿន ស្រូវ ថា​ភ្ញៀវ​ទេសចរ​ទៅ​តំបន់​នេះ​ភាគច្រើន​គឺ​ជន​បរទេស លោក​មិន​ចេះ​ភាសា​អង់គ្លេស​ទេ ដូច្នេះ​ត្រូវ​មាន​អ្នក​ប្រែ​ភាសា​ម្នាក់​ទៀត​ទៅ​អម​ជាមួយ​លោក៖ «»

ទំនេរ​ពី​ការ​នាំ​ភ្ញៀវ​ចូល​ព្រៃ លោក ធឿន ស្រូវ ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ដូច​ពលរដ្ឋ​ផ្សេង​ទៀត​ដែរ ចំណែក​ភរិយា​របស់​លោក លក់​ដូរ​គ្រឿងទេស ឬ​ចាប់​ហួយ​នៅ​ផ្ទះ។ បុរស​ជនជាតិ​ដើម​ភាគតិច​រូប​នេះ យល់​ថា ព្រៃ​ឈើ​មាន​សារសំខាន់​សម្រាប់​ការ​រស់​នៅ​យូរ​អង្វែង និង​ប្ដេជ្ញា​ធ្វើ​សកម្មភាព​ការពារ​ព្រៃ​ឈើ​ដដែល។

បន្ទាប់​ពី​មាន​ការ​ប្រកាស​ទិញ​កាបូន​ពី​ដែន​ជម្រក​កែវ​សីមា ពី​ក្រុមហ៊ុន ឌីសនី កាល​ពី​ពេល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ងឿងឆ្ងល់​ពី​ការ​លក់​កាបូន​នេះ​មាន​ន័យ​យ៉ាង​ម៉េច និង​ចោទ​សួរ​ថា ពាណិជ្ជកម្ម​កាបូន​នេះ​ប៉ះពាល់​ដល់​ព្រៃ ឬ​ក៏​ជួយ​ការពារ​ព្រៃ​ឈើ​យ៉ាង​ណា​នោះ?

ស្រដៀង​គ្នា​នេះ​ដែរ លោក ធឿន ស្រូវ ក៏​មិន​សូវ​ដឹង​ច្បាស់​ពី​ឥណទាន​នេះ​ដែរ គ្រាន់​តែ​លោក​ដឹង​ថា លក់​កាបូន គឺ​លក់​ខ្យល់​បាន​ពី​ព្រៃ​ឈើ​ដោយ​មិន​ចាំបាច់​កាប់​បំផ្លាញ​ព្រៃ​ឈើ៖ «»

ទាក់ទង​រឿង​នេះ អ្នក​ជំនាញ​បរិស្ថាន​ពន្យល់​ថា ជា​ការ​ព្រមព្រៀង​ផ្តល់​ថវិកា​រវាង​ប្រទេស​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ខ្លាំង ហើយ​ការ​អភិវឌ្ឍ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​តាម​រយៈ​ផ្សែង​ពុល ផ្តល់​ថវិកា​នោះ​មក​ប្រទេស​ដែល​ការពារ​ព្រៃ​ឈើ។ សមាគម​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា ហៅ​កាត់​ថា ដាប៊លយូ.ស៊ី.អេស (WCS) បាន​ធ្វើ​ការងារ​ទាក់ទង​គម្រោង​រេដ​បូក (Redd+) នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​បាន​ជិត ៧​ឆ្នាំ​មក​ហើយ។

បុគ្គលិក​ផ្នែក​ទេសចរណ៍​ធម្មជាតិ​នៃ​អង្គការ WCS លោក ខាង សឿង ប្រាប់​ថា សព្វថ្ងៃ​នៅ​ក្នុង​គម្រោង​របស់​លោក បង្រៀន​ប្រជា​សហគមន៍​នៅ​ក្នុង​ភូមិ​ឲ្យ​ចេះ​នាំ​ភ្ញៀវ អ្នក​ស្រាវជ្រាវ​សត្វ​ទោច ចុងភៅ អ្នក​យាម និង​អ្នក​សម្អាត ដែល​ក្រុម​ទាំងនេះ​ផ្តល់​សេវា​ដល់​ភ្ញៀវ​ទេសចរ។ លោក​ថា នេះ​ជា​គម្រោង​ទី​មួយ​នៃ​ផែនការ​អភិរក្ស​ដែន​ជម្រក​កែវ​សីមា។ នៅ​ពេល​នេះ​មាន​ពលរដ្ឋ​ជាង ២០០​នាក់​ចូលរួម ថវិកា​ទ្រទ្រង់​សកម្មភាព​ការងារ​ដំបូង អង្គការ​ជា​អ្នក​ផ្តល់​ឲ្យ បន្ទាប់​ពី​មាន​ប្រាក់​តម្កល់ ប្រជា​សហគមន៍​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង៖ «»

ការ​អនុវត្ត​គម្រោង​ភូមិ​អណ្ដូងក្រឡឹង ជា​ភូមិ​មួយ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា មាន​សង់​រានហាល​អង្គុយ​លំហែ រោង​សម្រាប់​ភ្ញៀវ​ស្នាក់។ ថវិកា​ដែល​ទទួល​បាន​ពី​ភ្ញៀវ​នៃ​ការ​ផ្តល់​សេវា​នេះ ទុក​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​សហគមន៍។

អ្នក​ការពារ​ព្រៃ​ឈើ​ម្នាក់​ទៀត លោក ជិ រញើប មិន​ទាមទារ​ថវិកា​បាន​ពី​ការ​លក់​កាបូន​យក​ចែក​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​របស់​លោក។ លោក​ស្នើ​ឲ្យ​យក​ថវិកា​ដែល​ទទួល​បាន​នេះ កែច្នៃ​ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍​របស់​លោក​ក្លាយ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍៖ «»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ពិធី​ចុះ​ហត្ថលេខា​ជា​ប្រវត្តិសាស្ត្រ​មួយ​បាន​កើត​ឡើង។ ក្រុមហ៊ុន ឌីសនី (Disney) របស់​សហរដ្ឋ​អាមេរិក សម្រេច​ចុះ​ហត្ថលេខា​ទិញ​កាបូន រេដ​បូក (Carbon Redd+) នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ចំនួន ២,៦​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន ក្នុង​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ប្រកាស​ដាក់​ជីវិត​នយោបាយ​ដើម្បី​អនុវត្ត​លើ​គម្រោង​នេះ​ឲ្យ​ជោគជ័យ។

ក្រោយ​មាន​កិច្ចព្រមព្រៀង​នេះ អ្នក​ធ្វើ​ការងារ​ទាក់ទង​ដែន​ជម្រក​រួម​មាន មន្ត្រី​ក្រសួង​បរិស្ថាន មន្ត្រី​នៃ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា បាន​ជួប​ប្រជុំ​ជាមួយ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ចំនួន ២០​សហគមន៍ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា នា​ខេត្ត​មណ្ឌលគិរី ដើម្បី​បន្ត​សកម្មភាព​កិច្ចការ​ជីវចម្រុះ​តំបន់ និង​ការ​យក​ថវិកា​ពី​ការ​លក់​ឥណទាន​កាបូន មក​អភិវឌ្ឍ​ភូមិ-ឃុំ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ។

មន្ត្រី​គម្រោង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា នៃ​ក្រសួង​បរិស្ថាន លោក គង់ ពុទ្ធីរ៉ា ឲ្យ​ដឹង​ថា ថវិកា​ដែល​បាន​ពី​ការ​លក់​ឥណទាន​កាបូន​ចំនួន ៥០​ភាគរយ​នៃ​ថវិកា​សរុប ត្រូវ​ផ្តល់​ទៅ​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន​ក្រោម​រូបភាព​ពីរ គឺ​ការ​អភិរក្ស​ដែន​ជម្រក និង​អភិវឌ្ឍ​ភូមិ-ឃុំ​នៅ​ដែន​ជម្រក។ លោក​ថា អ្នក​ជំនាញ​រេដ​បូក​របស់ WCS លោក យាង ដូណាល់ ប្រាប់​ថា តំបន់​ការពារ​ព្រៃ​ឈើ​នេះ ដើម្បី​គណនា​កាបូន ត្រូវ​វាស់វែង​ឈើ​ងាប់​ឈើ​រស់​ឈើ​ឈរ និង​កម្ពស់​ឈើ។ លោក​ថា ការ​ផ្ទុក​កាបូន​អាស្រ័យ​ទៅ​លើ​ប្រភេទ​ព្រៃ តាម​ការ​ប៉ាន់ស្មាន ព្រៃ​ស្រោង​មាន​ផ្ទុក​កាបូន ៧០០​តោន​ក្នុង​មួយ​ហិកតារ ព្រៃ​របោះ​ផ្ទុក​កាបូន​ពី ២០០ ទៅ ៣០០​តោន​ក្នុង​មួយ​ហិកតារ៖ «»

គិត​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ មាន​កាបូន​ទាំងអស់​ជាង ៥​លាន​តោន។ ការ​វាយ​តម្លៃ​ចំនួន​កាបូន ត្រូវ​ធ្វើ​ឡើង​ប្រាំ​ឆ្នាំ​ម្តង ដោយ​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មាន​ជំនាញ​លើ​រឿង​នេះ។ កាបូន​អាច​កើន ឬ​ថយ​ចុះ អាស្រ័យ​លើ​ការ​ការពារ​ព្រៃ​ឈើ ឬ​ការ​បំផ្លាញ​ព្រៃ​ឈើ។

អ្នក​ជំនាញ​រេដ​បូក​របស់ WCS លោក យាង ដូណាល់ ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​មាន​ការ​សម្រេច​ទិញ​ឥណទាន​កាបូន​ពី​ក្រុមហ៊ុន ឌីសនី មាន​បុគ្គលិក​ក្រុមហ៊ុន​នេះ​ចុះ​មក​ពិនិត្យ​វាយ​តម្លៃ​ផ្ទាល់​នៅ​ដែន​ជម្រក​កែវ​សីមា។ លោក​ថា ក្រុមហ៊ុន ឌីសនី ទិញ​ឥណទាន​កាបូន​រយៈពេល​ពីរ​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៨ ត្រឹម​កាបូន ៣៦៥.០០០​តោន ដែល​ចំនួន​នេះ​មិន​ទាន់​ស្មើ​ពាក់​កណ្ដាល​នៃ​ចំនួន​កាបូន​ដែល​មាន​សព្វថ្ងៃ​នៅ​ដែន​ជម្រក​កែវ​សីមា។

ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា មាន​ផ្ទៃ​ជិត ៣០​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​ក្នុង​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី សម្បូរ​ដោយ​ប្រភេទ​ព្រៃ​ផ្សេងៗ​រួម​មាន ព្រៃ​ស្រោង ពាក់​កណ្ដាល​ស្រោង ព្រៃ​របោះ តំបន់​វាល​ស្មៅ។

កត្តា​ទាំងនោះ​ហើយ​ធ្វើ​ឲ្យ​តំបន់​នេះ​សម្បូរ​សត្វ​ព្រៃ និង​សត្វ​ព្រៃ​កម្រ ដូចជា ដំរី​អាស៊ី ខ្លា​រខិន ទន្សោង ខ្ទីង ត្រយង​យក្ស កង្កែប​អូររាំង ស្វា​កន្ទុយ​ស និង​ទទា​ទ្រូង​លឿង ជាដើម។ កត្តា​ពិសេស​មួយ​ទៀត ពលរដ្ឋ​រស់នៅ​តំបន់​នេះ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​ជា​សហគមន៍​រស់នៅ​អាស្រ័យ​លើ​ព្រៃ​ឈើ។

«សំឡេង​សត្វ​យំ និង​ទឹក​ហូរ»

ទាក់ទង​ការ​អភិវឌ្ឍ​សហគមន៍​នេះ​ដែរ ក្រុម​ពលរដ្ឋ​ជា​អ្នក​ល្បាត​នៅ​មូលដ្ឋាន រំពឹង​ថា ថវិកា​បាន​ពី​ការ​លក់​ឥណទាន​កាបូន នឹង​ជួយ​ធ្វើ​ឲ្យ​ជីវភាព​ពួក​គាត់​កាន់​តែ​ប្រសើរ តាម​រយៈ​ការ​បង្រៀន​បច្ចេកទេស​ចិញ្ចឹម​សត្វ ដាំ​បន្លែ និង​ត​ភ្ជាប់​ផ្លូវ ភ្លើង សាលា​រៀន មក​ដល់​មូលដ្ឋាន​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។