ដើម​បណ្ដឹង​រដ្ឋប្បវេណី​សាលា​ក្ដី​ខ្មែរ​ក្រហម​ថា​លោក មាស មុត ចេញ​បញ្ជា​សម្លាប់​មនុស្ស

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៩ សីហា បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អតីត​យុទ្ធជន​ខ្មែរ​ក្រហម​មួយ​រូប ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​សាលា​ក្ដី​ខ្មែរ​ក្រហម​ថា លោក មាស មុត ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មី​ដែល​មាន​ឈ្មោះ សេង សឿន ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​រសៀល​ថ្ងៃ​ទី​២៩ សីហា ថា អតីត​មេ​បញ្ជាការ​ទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម​ឈ្មោះ មាស មុត ធ្លាប់​បាន​ចេញ​បញ្ជា​សម្លាប់​មនុស្ស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «គឺ ម៉ៅ អឿង នៅ​ភូមិ​ជាមួយ​ខ្ញុំ ដែល​ពេល​ហ្នុង មាស មុត គាត់​ផ្ទាល់​ម៉ង គាត់​ថា​គាត់​ឲ្យ​នីរសារ​គាត់​បាញ់​សម្លាប់​វា​ចោល ហើយ​គាត់​ប្រាប់​ខ្ញុំ»

ការ​ថ្លែង​ភ្ជាប់​លោក មាស មុត ទៅ​នឹង​ការ​សម្លាប់​មនុស្ស​នោះ គឺ​លោក សេង សឿន អះអាង​ថា លោក​បាន​ទៅ​ធ្វើ​ការ​នៅ​តំបន់ ៥០៥ ក្នុង​ខេត្ត​ក្រចេះ នៅ​ចុង​ឆ្នាំ​១៩៧៨ ជា​ពេល​ដែល​លោក មាស មុត ទៅ​ត្រួតត្រា​នៅ​ទីនោះ។ លោក​បញ្ជាក់​បន្ថែម​ថា ពេល​នោះ​ជា​ពេល​ដែល​កងទ័ព​វៀតណាម ជិត​ចូល​លុកលុយ​កម្ពុជា ហើយ​ជា​ពេល​ដែល​កម្មាភិបាល​ខ្មែរ​ក្រហម​នៅ​តំបន់​នោះ​ជាច្រើន ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​កម្ពុជា បោស​សម្អាត។ លោក សេង សឿន បដិសេធ​ចំពោះ​សហ​ព្រះរាជអាជ្ញា​ថា លោក​មិន​បាន​ដឹង​អំពី​ជោគវាសនា​របស់​កម្មាភិបាល​ថ្នាក់​ក្រោម​ទេ ពេល​បោស​សម្អាត​នោះ៖ «ពេល​ហ្នុង​រួច​ខ្លួន​គណៈ​ស្រុក​តែ​ពីរ​ហ្នឹង។ ឯ​ពីរ​ទៀត​ដែល​ខ្ញុំ​ទៅ​ទាន់​ហ្នឹង ចំ​ពេល​ហ្នឹង​បង មុត គាត់​ថា​មិន​មែន​បោស​សម្អាត​ទេ គាត់​ចាប់​បញ្ជូន​ឲ្យ​ឡើង​យន្តហោះ​ទៅ​ភ្នំពេញ​ទៅ»

ដើម​បណ្ដឹង​រូប​នេះ​ឲ្យ​ដឹង​ថា តំបន់ ៥០៥ នៅ​ខេត្ត​ក្រចេះ ជា​តំបន់​ស្វយ័ត​ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា ផ្ទាល់ មិន​មែន​នៅ​ក្រោម​គណៈ​ភូមិ​ភាគ​ទេ។ លោក​សន្និដ្ឋាន​ថា ការ​ដែល​លោក មាស មុត ទៅ​គ្រប់គ្រង និង​តែងតាំង​កម្មាភិបាល​នៅ​ទីនោះ គឺ​ជំនួស ប៉ុល ពត។ លោក សេង សឿន បញ្ជាក់​លើ​ឯកសារ​របស់​សហ​ព្រះរាជអាជ្ញា​ដែល​បង្ហាញ​ថា អ្នក​ទាំង​ពីរ​នាក់​ស្លាប់​នៅ​គុក​ទួល​ស្លែង៖ «»

លោក មាស មុត អតីត​មេទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម បច្ចុប្បន្ន​ជា​ជន​ជាប់​ចោទ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​មួយ​រូប​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០៣។ លោក មាស មុត ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​០០៣ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​មាន​ជាអាទិ៍ បទ​មនុស្ស​ឃាត រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​មាន​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ឃុំឃាំង ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​ពូជ​សាសន៍ អំពើ​អមនុស្សធម៌​នៅ​មន្ទីរ​សន្តិសុខ​កំពង់សោម ក្រចេះ និង​មន្ទីរ «-២១» ការ​ប្រព្រឹត្ត​លើ​ជនជាតិ​វៀតណាម និង​ថៃ ហើយ​ការ​រំលោភ​បំពាន​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ តាម​រយៈ​ការ​ធ្វើ​បាប និង​ដក​ហូត​សិទ្ធិ​របស់​ជន​ឈ្លើយ​សឹក។

លោក សេង សឿន អតីត​ជា​យុទ្ធជន​នៅ​ក្នុង​ជួរ​កងទ័ព​ខ្មែរ​ក្រហម ដែល​ប្រយុទ្ធ​តតាំង​ទាហាន​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់ តាំង​ពី​ឆ្នាំ​១៩៧០ រហូត​ធ្លាក់​ខ្លួន​ពិការ​នៅ​ឆ្នាំ​១៩៧៥។ លោក​អះអាង​ថា លោក​ក៏​ធ្លាប់​ឃើញ​ពួក​ខ្មែរ​ក្រហម​យក​ជនជាតិ​ចិន ចាម និង​វៀតណាម ទៅ​សម្លាប់​នៅ​កោះ​គ ក្នុង​ខេត្ត​កណ្ដាល ដែរ។ លោក​មាន​ប្រសាសន៍​ទៀត​ថា មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​នៅ​ពេល​នេះ គឺ​ដោយសារ​តែ​លោក​បាត់បង់​បង​ថ្លៃ ៣​រូប​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។