កម្ពុជា​-​វៀតណាម បន្ត​ចាប់ដៃគ្នា ដោះស្រាយ​បញ្ហា​ព្រំដែន​ ក្រោយ​ការបង្គោល​សម្រេចបាន​៨៣ភាគរយ​ និពន្ធដោយ : ម៉ៅ សុផា       August-29-2016, 9:35 pm         283

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​-​វៀតណាម បន្ត​ចាប់ដៃគ្នា ដោះស្រាយ​បញ្ហា​ព្រំដែន​ ក្រោយ​ការបង្គោល​សម្រេចបាន​៨៣ភាគរយ​លោក Le Hoai Trung អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​វៀតណាម ជួប​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ដើម្បី​ពិភាក្សា​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ភ្នំពេញ​៖ រហូតមកដល់​បច្ចុប្បន្ន​នេះ ការបោះបង្គោល​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម សម្រេចបាន​ប្រមាណ​៨៣​ភាគរយ​ហើយ​។ ប្រទេស​ទាំងពីរ បាន​ប្តេជ្ញា​រួមគ្នា ក្នុង​ការបន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​និង​ការ​បង្គោះ ដែល​នៅ​សេសសល់​។ នេះ​តាម លោក ជុំ សុន្ទរី អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​។

​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ លោក Le Hoai Trung អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​វៀតណាម បាន​ចូលជួប​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ដើម្បី​ពិភាក្សាគ្នា​ពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ មុននឹង​ជួប​លោក ប្រាក់ សុខុន គណៈប្រតិភូ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក Le Hoai Trung បាន​ជួបប្រជុំ​ជាមួយ​គណៈកម្មការ​ព្រំដែន​កម្ពុជា​ម្តង​រួចទៅហើយ កាលពី​ព្រឹក​មិញ​នេះ​។

​ក្រោយ​បញ្ចប់​ជំនួប​រវាង​ភាគី​នៃ​ប្រទេស​ទាំងពីរ​នៅ​ល្ងាច​នេះ អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ សុន្ទរី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អនុរដ្ឋមន្ត្រី​វៀតណាម បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល ដែល​ប្រទេស​ទាំងពីរ​សម្រេចបាន ចំពោះ​ការងារ​ព្រំដែន​កន្លងមក ដូចជា​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ជាច្រើន រួមទាំង​បានបញ្ចប់​ការបោះបង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ ផងដែរ​។ បើតាម​លោក ជុំ សុន្ទរី ដដែល ភាគី​វៀតណាម បាន​ប្រា​ប់លោក ប្រាក់ សុខុន ថា គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ នឹង​បន្ត​ពិភាក្សាគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ការឯកភាព​រួមគ្នា លើ​បញ្ហា​ដែល​នៅ​សេសសល់​ទាំង​អម្បាលម៉ាន ជាពិសេស​ការបោះបង្គោល​តាម​ព្រំដែន​។

ជាការ​ឆ្លើយតប លោក​ប្រាក់ សុខុន  បានបញ្ជាក់​ពី​គោលជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា​ប្រទេស​វៀតណាម ជា​ដៃគូ​ដ៏​សំខាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយគ្នា   ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស​និ្ត​ភាព ស្ថេរភាព និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​លោក ជុំ សុន្ទរី ដែល​បាន​ដកស្រង់​សម្តី​របស់លោក ប្រាក់ សុខុន នៅក្នុង​កិច្ចប្រជុំ មក​ប្រាប់​អ្នកសារព័ត៌មាន​។​

លោក ជុំ សុន្ទរី បាន​បន្តទៀតថា លោក ប្រាក់ សុខុន បានទទួល​របាយការណ៍​ពី​គណៈកម្មការ​ព្រំដែន​កម្ពុជា ដែល​របាយការណ៍​នោះ បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ព្រឹក​មិញ​នេះ គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​-​វៀតណាម បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ជុំវិញ​ផែនការ សម្រាប់​ការបន្ត​បោះបង្គោល​តាម​ព្រំដែន នៅ​ឆ្នាំ​២០១៧​ខាងមុខ​។ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ចុងក្រោយ​ថា​៖«​ការបោះបង្គោល​ព្រំដែន រហូតមកដល់​ពេលនេះ គឺ​ភាគី​ទាំងពីរ​អនុវត្តបាន ៨៣​ភាគរយ​ហើយ​។ បើ​និយាយ​ពី​នៅសល់ គឺ​នៅសល់តែ​១៧​ភាគរយ​ទៀត​ទេ​»៕