ក្រុមហ៊ុន​សិង្ហ​បុរី នឹង​ផ្គត់ផ្គង់​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ដល់​ក្រុង​បាវិត​ចាប់ពី​ឆ្នាំ​២០១៧ និពន្ធដោយ : ញ៉ុង​ ហេង       August-29-2016, 9:59 pm         342

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុមហ៊ុន​សិង្ហ​បុរី នឹង​ផ្គត់ផ្គង់​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ដល់​ក្រុង​បាវិត​ចាប់ពី​ឆ្នាំ​២០១៧​ភ្នំពេញ​៖ ក្រុមហ៊ុន Sunseap Asset (Cambodia) ដែលមាន​ក្រុមហ៊ុនមេ​នៅ​ប្រទេស​សិង្ហ​បុរី នឹង​ផ្គត់ផ្គង់​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ (Solar) ក្នុង​អានុភាព ១០​មេ​ហ្គា​វ៉ា​ត់ ដល់​ក្រុង​បាវិត និង​តំបន់​ជុំវិញ​ក្រុង​បាវិត ដែល​អាច​នឹងត្រូវ​ចាប់ផ្ដើម​ផ្គត់ផ្គង់​នៅ​រដូវប្រាំង​ឆ្នាំ ២០១៧ ខាងមុខនេះ​។

​អគ្គិសនី​កម្ពុជា​( EDC) នៅ​ថ្ងៃទី​២៩​ខែសីហា​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​-​លក់​ថាមពល​អគ្គិសនី ជាមួយ​ក្រុមហ៊ុន Sunseap Asset (cambodia)  បន្ទាប់ពី​ក្រុមហ៊ុន​នេះ បានឈ្នះ​ការដេញថ្លៃ​ក្នុងពេល​កន្លងមក​។​

​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ឲ្យ​ដឹងថា នេះ​ជា​គម្រោង​ផ្គត់ផ្គង់​ថាមពល Solar ខ្នាត​ធំ​លើកដំបូង​នៅ​កម្ពុជា  ដែល​ថាមពល Solar  នេះ នឹងត្រូវ​ត​ភ្ជាប់​ទៅ​ខ្សែបណ្ដាញ​អគ្គិសនី​ជាតិ ដើម្បី​ចែកចាយ​ដល់​ក្រុង​បាវិត និង​តំបន់​ជុំវិញ​ក្រុង​បាវិត​។

​អគ្គនាយក EDC រូបនេះ ឲ្យ​ដឹង​ទៀតថា គម្រោង​ថាមពល Solar នេះ ត្រូវ​ចំណាយ​ទឹកប្រាក់ ១២,៥​លាន​ដុល្លារ លើ​ផ្ទៃដី​ជាង​១០​ហិកតា ហើយ​ក្រុមហ៊ុន​នឹងធ្វើ​ការផ្គត់ផ្គង់​ក្នុង​រយៈពេល ២០​ឆ្នាំ​។ លោក​បន្តថា តាម​កិច្ចព្រមព្រៀង ក្រុមហ៊ុន​ត្រូវ​ចាប់ផ្ដើម​បញ្ចេញ​ផលិតផល​របស់ខ្លួន ក្នុងអំឡុងពេល ១២​ខែ ចាប់ពី​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង តែ​លោក​បញ្ជាក់ថា EDC​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាច​ផ្គត់ផ្គង់​អគ្គិសនី​បាន​ក្នុងរ​វ​ង្វ​ង់​៦​ខែ​ទៀត​ប៉ុណ្ណោះ​។​

«១០​មេ​ហ្គា​វ៉ា​ត់​នេះ គឺ​មិន​ច្រើន​ទេ បើ​ធៀប​នឹង​វា​រី​អគ្គិសនី​មួយ​ដែលមាន​អានុភាព​១០០ ឬ​២០០​មេ​ហ្គា​វ៉ា​ត់​។ ប៉ុន្តែ​នេះ​គឺជា​ប្រភព​កកើត​ឡើងវិញ​មួយ​នៃ​ថាមពល​ស្អាត​»​។ នេះ​បើតាម​លោក កែវ​រតនៈ​។ លោក ក៏បាន​ចាត់ទុក​គម្រោង​នេះ​ថា​បានរួម​ចំណែក​កាត់បន្ថយ​ការទិញ​អគ្គិសនី​ពី​ប្រទេសជិតខាង​ផងដែរ​។​

​បើតាម លោក កែវ រតនៈ ខេត្តស្វាយរៀង​មាន​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ប្រមាណ ៤០​មេ​ហ្គា​វ៉ា​ត់ ហើយ​អគ្គិសនី ២០​មេ​ហ្គា​វ៉ា​ត់ កម្ពុជា​បាន​ទិញ​ពី​ប្រទេស​វៀតណាម​សម្រាប់​ខេត្ត​មួយ​នេះ​។ ដោយឡែក​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ទូទាំងប្រទេស មាន​ទំហំ​ប្រហែល ២​ពាន់​មេ​ហ្គា​វ៉ា​ត់​៕