ឥណ្ឌូនេស៊ី​សុំ​ចិត្ត​មជ្ឈដ្ឋាន​ខាងក្រៅ​ឲ្យ​មើល​ចំណាត់​ការខ្លួន ជាជាង​រិះគន់​ឥតប្រយោជន៍​រឿង​បញ្ហា​ឆេះ​ព្រៃ និពន្ធដោយ : ទេព អ៊ីវិសាល       August-29-2016, 9:39 pm         111

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌូនេស៊ី​សុំ​ចិត្ត​មជ្ឈដ្ឋាន​ខាងក្រៅ​ឲ្យ​មើល​ចំណាត់​ការខ្លួន ជាជាង​រិះគន់​ឥតប្រយោជន៍​រឿង​បញ្ហា​ឆេះ​ព្រៃឥណ្ឌូនេស៊ី កំពុងតទល់ជាមួយនឹងភ្លើងឆេះដី និងព្រៃ។ រូបថត Xinhua​មិន​ខុសពី​ឆ្នាំមុនៗ ចាប់ផ្តើម​ពី​អំឡុង​ខែសីហា​ដល់​ខែតុលា ការបំពុល​អ​ព្ទ័ ដែល​បណ្តាលមកពី​ផ្សែង​នៃ​ភ្លើង​ឆេះ​ព្រៃរបស់​ឥណ្ឌូនេស៊ី បាននិងកំពុង​តែ​វាយប្រហារ​ទាំង​ទៅលើ​លំហ​អាកាស​នៃ​ប្រទេស​ខ្លួន​ផ្ទាល់ និង​ប្រទេសជិតខាង​ទៀតផង​។ ការណ៍​បែបនេះ បាន​កើតឡើង​ស្ទើរតែ​ក្លាយជា​ហេតុការណ៍​បែប​ប្រពៃណី​មួយ​ទៅហើយ​សម្រាប់​បងធំ​អាស៊ាន​មួយ​នេះ ដ្បិត មិនមែន​វិធានការ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​សោះ​។ ខណៈ​ខេត្ត​មួយចំនួន​ត្រូវបាន​ប្រកាស​ដាក់​ក្នុង​ភាពអាសន្ន​ដោយ​ការបំពុល​អ​ព្ទ័ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ក៏បាន​សុំ​ចិត្ត​មជ្ឈដ្ឋាន​ខាងក្រៅ​ឲ្យ​ដាក់​ភ្នែក​មើល​ពី​ការប្រឹងប្រែង​របស់ខ្លួន ជាជាង​ចាំតែ​បន្ទោស និង​រិះគន់​ឥណ្ឌូនេស៊ី​ជា​អ្នកបង្ក​បញ្ហា​នោះ​។​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ព្រៃឈើ​ឥណ្ឌូនេស៊ី លោកស្រី Siti Nurbaya នៅ​ថ្ងៃទី​២៨ ខែសីហា​ម្សិលមិញ បាន​ចេញមុខ​បញ្ជាក់ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី កំពុងតែ​ដុតដៃដុតជើង​ដោយ​មិនបាន​នៅ​ស្ងៀម​ឡើយ​ដើម្បី​តទល់​ជាមួយនឹង​ភ្លើង​ឆេះ​ដី និង​ព្រៃ​ដែល​កំពុងតែ​បង្ក​ជា​អ​ព្ទ័​និង​ផ្សែង​ក្នុង​លំហ​អាកាស​ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី​។ ទន្ទឹមគ្នា​នោះ លោកស្រី​រដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​«​មជ្ឈដ្ឋាន​ខាងក្រៅ​ផ្តោតលើ​ចំណាត់ការ​របស់​ឥណ្ឌូនេស៊ី ជំនួស​ដោយ​ការរិះគន់​វិញ​។

​ឥណ្ឌូនេស៊ី មិន​ខ្វល់​ពី​ការប៉ះពាល់​ដល់​អ្នកជិតខាង​?
​យោងតាម​សារព័ត៌មាន The Jakarta Post ចាប់ពី​ថ្ងៃទី​២៦​ខែសីហា​មក យ៉ាងហោចណាស់​មាន​ខេត្ត​ចំនួន​ប្រាំមួយ​នៃ​ឥណ្ឌូនេស៊ី ត្រូវបាន​ប្រកាស​ក្រោម​ភាពអាសន្ន​ដោយសារតែ​កម្រាស់​នៃ​ផ្សែង និង​អ​ព្ទ័​ក្រាស់​ពេក ហើយ​អាជ្ញាធរ​បាននិងកំពុង​តែ​ពន្លត់​ផងដែរ​នោះ​។  ជាមួយគ្នា​នោះ លោកស្រី​រដ្ឋមន្ត្រី​បរិស្ថាន​ឥណ្ឌូនេស៊ី ក៏បាន​អះអាង​ដែរ​ថា ឥណ្ឌូនេស៊ី បន្ត​គោរព​បណ្តឹង​ដែល​ប្តឹង​ដោយ​បណ្តា​ប្រទេសជិតខាង ប៉ុន្តែ ឥណ្ឌូនេស៊ី មិនមែន​ដោះស្រាយ​បញ្ហា​ដោយសារតែ​សម្ពាធ​ពី​ប្រទេសជិតខាង​នោះទេ​។ រដ្ឋមន្ត្រី​រូបនោះ សង្កត់ធ្ងន់ថា «​រដ្ឋាភិបាល​បានធ្វើការ​ដោះស្រាយ​ដើម្បី​បំពេញ​កាតព្វកិច្ច​សម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​។ លោកស្រី​រដ្ឋមន្ត្រី ក៏​សុំ​ចិត្ត​មិត្ត​ជិតខាង​ដោយ លើកឡើងថា « មជ្ឈដ្ឋាន​ខាងក្រៅ​ទាំងអស់ គួរតែ​ចៀសវាង​ការផ្តល់​អនុសាសន៍​ដែល​គ្មាន​ប្រយោជន៍ ប៉ុន្តែ មើល​ពី​ការប្រឹងប្រែង​ឥណ្ឌូនេស៊ី​ដែល​ធ្វើ​ឡើងជា​លក្ខណៈ​ប្រព័ន្ធ និង​យ៉ាង​យកចិត្ត​ទុក​»​។

​តាមពិតទៅ ភ្លើង​ឆេះ​ព្រៃ និង អ​ព្ទ័ មិនមែន​ទើបតែ​កើតឡើង​នោះទេ ពោលគឺ​បញ្ហា​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ​។ បញ្ហា​នេះ មិន​ត្រឹមតែ​បាន​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​របស់​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ប៉ះពាល់​ដល់​ការរស់នៅ និង​សេដ្ឋកិច្ច​រដ្ឋ​អាស៊ាន​មួយចំនួន​ដែលជា​រដ្ឋ​ជិតខាង​ដូចជា​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ផងដែរ​។ ហើយ​នោះ ក៏​ព្រោះតែ ក្រុមហ៊ុន សាលារៀន និង កិច្ចការ​ពាណិជ្ជកម្ម​ផ្សេងៗ​មិនអាច​ដំណើរការបាន​ដោយសារ​មាន​កម្រិត​អ​ព្ទ័​ក្រាស់​ពេក​។ កាលពី​ឆ្នាំមុន ភ្លើង​ឆេះ​ព្រៃ និង​អ​ព្ទ័​នេះ ត្រូវបាន​មើលឃើញថា​អាក្រក់​បំផុត ដោយ​វា បានអូសបន្លាយ​អស់​រយៈ​ជាង​មួយខែ​ឯណោះ ដែល​វា​បានធ្វើ​ឲ្យ​អ័ព្ទ​នៃ​ការឆេះ​នោះ​អណ្តែត​ពាសពេញ​លំហ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ អ្វី​គួរកត់សម្គាល់​នោះ ការដុត​ព្រៃ​ខុសច្បាប់ ដែល​បង្ក​ឲ្យ​មាន​អ​ព្ទ័ ភាគច្រើន​ផ្តើមចេញពី​ខេត្ត​ពីរ​ដែល​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បានធ្វើ​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​រួមមាន​ខេត្ត​ស៊ូ​ម៉ា​ត្រា និង កាលី​ម៉ាន់​តាន់​។

​ក្រៅពី​ការសុំ​ទោស​អ្នកជិតខាង ឥណ្ឌូនេស៊ី​បានធ្វើ​អ្វីខ្លះ​?
​គិត​ចាប់ពី​បញ្ហា​អ​ព្ទ័​ផ្ទុះ​ឡើងមក ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ស្ទើរតែ​គ្រប់រូប បាន​សុំ​ការ​អភ័យទោស​ចំពោះ​ការជះឥទ្ធិពល​នោះ តែ​រដ្ឋា​ភិ​បា​ឥណ្ឌូនេស៊ី ក៏​មិនដែល​នៅ​ស្ងៀម​ដែរ​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងបរិស្ថាន និង​ព្រៃឈើ​ឥណ្ឌូនេស៊ី​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Channel News Asia ឥណ្ឌូនេស៊ី បាន​ប្រើប្រាស់​មធ្យោបាយ​ចំរុះ​ដើម្បី​ប្រឆាំងនឹង​ភ្លើង​ឆេះ​ព្រៃ​នេះ រាប់បញ្ចូល​ទាំង​ទណ្ឌកម្ម​រដ្ឋបាល និង​បណ្តឹងស៊ីវិល​។ ហើយ​គិត​ចាប់ពី​ឆ្នាំមុន មាន​ក្រុមហ៊ុន​ប្រមាណ​៣០ កំពុងស្ថិត​ក្រោម​ទណ្ឌកម្ម​រដ្ឋបាល ដែល​រាប់បញ្ចូល​ទាំង​ការដក​អាជ្ញា​បណ្ណ​ទៀតផង​។ 

​ជុំវិញ​បញ្ហា​នេះដែរ រដ្ឋមន្ត្រី​ទទួលបន្ទុក​ការិយាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Shahidan Kassim នៅ​ថ្ងៃទី​២៦ ខែសីហា​កន្លងទៅ បាន​អះអាងថា​ម៉ាឡេស៊ី​បាន​ត្រៀម យន្តហោះ​សង្គ្រោះ​ប្រភេទ CL415 ដែល​អាច​ផ្ទុក​ទឹកបាន​រហូតដល់​៦០០០​លី​ត​រួចរាល់​ហើយ​ដើម្បី​សហការ និង​ជួយ​ឥណ្ឌូនេស៊ី នៅពេល​មាន​សំណើសុំ​ពី​ជំនួយ​នោះ​។

​ដោយឡែក​សម្រាប់​ស្ថាប័ន​អាស៊ាន​វិញ ហាក់ដូចជា​នៅ​ស្ងៀម​នៅឡើយ​នោះទេ បើទោះបីជា អាស៊ាន មាន​កិច្ចព្រមព្រៀង​ដែលជា​យន្តការ​ពាក់ព័ន្ធ​នឹង​បញ្ហា​អ​ព្ទ័​ក៏ដោយ​។ កិច្ចព្រមព្រៀង​នោះ មាន​ឈ្មោះថា​កិច្ចព្រមព្រៀង​ស្តី​ការបំពុល​អ​ព្ទ័​ឆ្លងដែន ដែល​ទទួលបាន​ការផ្តល់​ពី​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​២០១៤ ដែលជា​រដ្ឋ​អាស៊ាន​ចុងក្រោយ​គេ​ដែល​បានផ្តល់​សច្ចាប័ន​នេះ​។ តែ​កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន​ពីរ​ឆ្នាំ​ហើយ​នោះ ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​អ្វី​សោះ​លើ​បញ្ហា​នេះ​៕