សោកនាដកម្ម​រថយន្ត​បុក​គ្នា ស្លាប់​៩​នាក់​របួសធ្ងន់​៤​នាក់

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដីរាយការណ៍​បឋម​របស់​មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​៩​នាក់ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ចំនួន​៤​នាក់​ទៀតរង​របួសធ្ងន់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​ដី និង​រថយន្ត​ដឹក​អ្នកដំណើរ ដែល​បាន​បុក​គ្នា​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល ថ្ងៃ​ទី​២៩ ខែសីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ដំរី  ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី​។

នាយ​ផ្នែក​ដំណោះស្រាយ​ចរាចរណ៍ នៃ​ការិយាល័យ​ចរាចរណ៍​ខេត្ត លោក​ម៉ែ​ន បូ​រី បាន​ឲ្យ​ដឹង​ថា  ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី ដែល​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​ខាងលិច ហើយ​បាន​ព្យាយាម​បើក​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ដែល​បើក​ស្រប​ទិស ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​អ្នកដំណើរ​ដែល បើក​បញ្ច្រាសទិស មក​ពី​ខាង​មុខ​ពេញទំហឹង​តែ​ម្ដង​។ លោក ម៉ែ​ន បូ​រី បាន​បញ្ជាក់​ថា រថយន្ត​ដឹក​អ្នកដំណើរ​នោះ​គឺ​របស់​ក្រុមហ៊ុន​«​មេគង្គ អ៊ិ​ច​ប្រេស​» ប្រភេទ​១៤​កៅអី ដែល​ដឹក​អ្នកដំណើរ​ពី​ខេត្តបាត់ដំបង ទៅ​រាជធានី​ភ្នំពេញ​។

លោក​ថា ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ចំនួន​៩​នាក់ ក្នុង​នោះ​៥​នាក់​ជា​ស្ដ្រី​បាន​ស្លាប់​នៅ​នឹង​កន្លែង រីឯ​៤​នាក់​ទៀត​រង​របួស ធ្ងន់​។ សាក្សី​និយាយ​ថា រថយន្ត​ដឹក​ដី​នោះ​បាន​បើកបរ​ក្នុង​ស្ថានភាព​បែប​បំពាន​ច្បាប់​ចរាចរណ៍ ពេល​ជិត​ដល់​កន្លែង​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​នេះ​បន្ថែម​ល្បឿន​ឡើង​ជែង​រថយន្ត​មួយ គ្រឿង​នៅ​ខាង​មុខ​ខ្លួន ស្រប​ពេល​រថយន្ត​ដឹក​អ្នកដំណើរ​មក​ពី​ខាង​មុខ បួង​ចង្កូត​គេច​មិន​ទាន់​ក៏ បុក​រថយន្ត​ដឹក​អ្នកដំណើរ​ទាំង​កំរោល​តែ​ម្ដង​។ សាក្សី​បញ្ជាក់​បន្ថែម​ថា រថយន្ត​ដឹក​អ្នកដំណើរ ធ្លាក់​ចេញពី​ផ្លូវជាតិ រីឯ​មនុស្ស​ជិះ​ក្នុង​រថយន្ត​ដឹក​អ្នកដំណើរ​ស្ទើរ​ទាំងអស់​បាន​ស្លាប់  និង​របួសគាប​ជាប់​ក្នុង​រថយន្ត ហើយ​អ្នក​ភូមិ​បាន​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ​មុន​ពេល​សមត្ថកិច្ច​មក​ដល់​។

លោក​ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយ​ចរាចរណ៍ បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា បើ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ គឺ​កំហុស​ភាគច្រើន​បង្ក​ឡើង​ដោយ​ភាគី​រថយន្ត​ដឹក​ដី ដែល​បើក​ឡើង​ជែង​រថយន្ត​គេ​ទាំង​បំពាន​ច្បាប់​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​បាន​ស្លាប់​ទាំង​សងខាង ។ សមត្ថកិច្ច​កំពុង​ជួយ​បញ្ជូន​អ្នក​របួស​ទៅ​កាន់ មន្ទីរពេទ្យ ខណៈ​សាកសព​មួយ​ចំនួន​គាប​ជាប់​ក្នុង​រថយន្ត ហើយ​ទាំង​សមត្ថកិច្ច​ទាំង ពលរដ្ឋ​កំពុង​ជួយ​អន្តរាគមន៍​យ៉ាង​ពេញទំហឹង​ផង​ដែរ​៕