ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​ នៅ​ភាគខាងត្បូង ​ប្រទេស​បារាំង

ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​ នៅ​ភាគខាងត្បូង ​ប្រទេស​បារាំង

 

ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​មួយ នៅ​តំបន់​ Fontjoncouse ​ភាគខាង​ត្បូង​ នៃ​ប្រទេស​បារាំង​ ឈ្មោះ​ថា L’Auberge du Vieux Puits គឺ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំងពីសំណាក់​អតិថិជន​ទូទាំង​ពិភពលោក​។

 

ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​ នៅ​ភាគខាងត្បូង ​ប្រទេស​បារាំង

 

 

នាងខ្ញុំ តំណាង​ឲ្យ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​គេហទំព័រ​សារព័ត៌មាន Sabayប្រចាំ​ប្រទេស​បារាំង​មាន​ឱកាស​បាន​ជួប​សម្ភាសន៍​ជាមួយ​នឹង​ លោក Gilles Goujonដែល​ជា​មេ​ចុងភៅ​ដ៏​ល្បីល្បាញ និង​ជា​ម្ចាស់​ភោជនីយដ្ឋាន កាល​ពី​ពេល​កន្លង​ទៅ​នេះ​ ទាក់​ទង​ទៅ​នឹង​ភោជនីយដ្ឋាន​ដ៏​និយម​របស់​លោក និង​ ការ​ចម្អិន​​​​​អាហារ​នៅទីនោះ។​​

 

មិន​ថា​ប្រជាជន​បារាំង​ទេ​ ដែល​ស្គាល់​និង​និយម​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន L’Auberge du Vieux Puits មាន​អតិថិជន​ពី​គ្រប់ទិសទី​មក​សាក​ភ្លក់​រស​ជាតិ​គ្មាន​ពីរ​នៅ​ទីនេះ។ អតិថិជន​ដែល​អញ្ជើញ​មក​ទទួល​ទាន​អាហារ​ជាប្រចាំ ​ភាគ​ច្រើន​គូស្នេហ៍ ក្រុម​គ្រួសារ និង​ដៃគូ​ជំនួញ ហើយ​ពួក​គេ​ទាំង​នោះ​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន ឬ​ជា​សេដ្ឋី។ ក្នុង​នោះ​ក៏​មាន​អ្នក​មាន​ធនធាន​មធ្យម ដែល​ចង់​សាក​ល្បង ​និង​ស្គាល់​អំពី​រសជាតិ​ឋានសួគ៌​នៃ​ម្ហូប​បារាំង​ដែល​ចេញ​ពី​ការ​ច្នៃ​ប្រឌិត​របស់​ចុង​ភៅ​ល្បី​ ដើម្បី​ជា​ការ​ដកពិសោធន៍​ផងដែរ។

 

ដោយ​ភោជនីយដ្ឋាន​នេះ​ មាន​ទី​តាំងនៅ​លើភ្នំ និង​ឆ្ងាយ​ដាច់​ស្រយាល​ពី​ទីប្រជុំជន គេបាន​រៀបចំ​ឲ្យ​មាន​បន្ទប់​សណ្ឋាគារ​នៅ​ជាប់​ជាមួយ​នឹង​ភោជនីយដ្ឋាន​តែម្តង ដើម្បី​ភាព​ងាយស្រួល​ និង​មិន​ចំាំ​បាច់​ធ្វើ​ដំណើរ​ឆ្ងាយ ក្រោយពី​ទទួលទាន​អាហារ​ពេល​ល្ងាច។

 

មុន​នឹង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​នឹង​មេចុងភៅ​ ខ្ញុំបាន​ដក​ពិសោធន៍​ទទួលទានអាហារ​នៅក្នុង​​ភោជនីយដ្ឋាន​ជាមួយ​នឹង​ក្រុមការងារ។

 

ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​ នៅ​ភាគខាងត្បូង ​ប្រទេស​បារាំង

 ចន្ទ្រា អ្នកឆ្លងឆ្លើយព័ត៌មាន Sabay ប្រចាំប្រទេសបារាំង កំពុង​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​ចុងភៅ​

 

យើង​ខ្ញុំ​បាន​រៀបចំ​ខ្លួន​រួចរាល់​ជា​ស្រេច​ដើម្បី​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ម៉ោង៨ល្ងាច។

 

នៅ​ខាង​មុខ​ភោជនីយដ្ឋាន​ មាន​តុ និងកៅអី​ និង​មាន​ភ្ញៀវ​ដែល​អង្គុយ​ជជែក​សំណេះសំណាល​គ្នា ដោយ​ទទួល​ភេសជ្ជៈ និង​អាហារ​សម្រន់ ឬ​ជក់​បារី​ជាដើម។ អ្នក​បម្រើ​ដែល​ឈរ​នៅ​ខាងមុខ​ទ្វារ​នៃ​ភោជនីយដ្ឋាន​ បាន​ទទួលស្វាគមន៍​យើងខ្ញុំ​ដោយ​ទឹកមុខ​ញញឹម​ញញឹម​ពោរពេញ​ដោយ​ក្តី​សប្បាយ​រីករាយ។​

 

ចូល​មកដល់​ខាងក្នុង​យើង​សង្កេត​ឃើញថា​មាន​ការ​រៀបចំបែប​សាមញ្ញ ប៉ុន្តែ​មាន​ភាព​ថ្លៃថ្នូរ និងទាក់​ទាញ។ ក្រោយពី​ត្រូវ​បាន​អញ្ជើញ​ឲ្យ​អង្គុយ​តុ​ ដែល​បាន​រៀបចំ​សម្រាប់​ពួកយើង​ជាស្រេចហើយនោះ អ្នកបម្រើ​បានសួរយើងថា តើត្រូវការ​សាកស្រា​ប្រភេទអ្វី​ដើម្បី​ផឹក​មុន​នឹង​ទទួល​អាហារ។

 

នៅ​ភោជនីយដ្ឋានL’Auberge du Vieux Puits មាន​ស្រាជាង ២ពាន់​ប្រភេទ​ផ្សេងៗពីគ្នា ដែល​នៅ​ទីនោះ​មាន​អ្នក​ជំនាញ​ខាង​ស្រា​រង់ចាំ​ជួយ​ផ្តល់​យោបល់​ក្នុង​ការ​ទទួល​ជាមួយ​នឹង​ប្រភេទ​អាហាររបស់​យើង​ផងដែរ។​

 

ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​ នៅ​ភាគខាងត្បូង ​ប្រទេស​បារាំង

 

បើតាម​ទំនៀមទំលាប់​របស់​ជនជាតិ​បារាំង ជាទូទៅ​គេ​មិនទទួល​អាហារ​គ្រប់មុខ​ក្នុងពេល​តែមួយទេ ហើយ​អាហារ​របស់​គេ​មាន​ច្រើន​លំដាប់​ដូចជា mignardises (នំ/អាហារផ្អែមដែលញុំាំតែមួយម៉ាត់ ហើយ​វា​ធ្វើឲ្យយើង​ចង់​ទទួលទាន​អាហារ​បន្ទាប់) aperitif (ការ​ទទួលទាន​ស្រា) entrée (ម្ហូបចាប់ផ្តើម) plat (អាហារ​ដែលសំខាន់​ជាង​គេ​​) និង​dessert (បង្អែម)។

 

គ្រប់​មុខលំដាប់​ម្ហូប​អាហារ និង​បង្អែម​នីមួយ​ៗ​ដែល​លើក​មក​កាន់​តុ​របស់​ភ្ញៀវ ត្រូវ​បាន​ធ្វើបទ​បង្ហាញ​ដោយ​អ្នក​បម្រើ និង​ត្រូវ​បាន​ទទួល​ជាមួយ​នឹង​​ប្រភេទ​ស្រា​ផ្សេងៗ​ពី​គ្នា​ដែល​ស័ក្ដិសម​ទៅ​នឹង​រសជាតិ​ម្ហូប។

 

នំប៉័ង ហ្រូម៉ា និង​ស្រា គឺ​អាហារ ​និង​ភេសជ្ជៈ​បែប​ប្រពៃណី​របស់​បារាំង​ដែល​មាន​តាំងពី​យូរយារ​មក​ទល់​បច្ចុប្បន្ន។ នៅ​ភោជនីយដ្ឋាន ​L’Auberge du Vieux Puits វិញ​បាន​ដាក់​មាន​ជម្រើស​ទទួល​ទាន​ហ្រូម៉ា ចំនួនប្រមាណជា ៥០ប្រភេទ។

 

ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​ នៅ​ភាគខាងត្បូង ​ប្រទេស​បារាំង

បន្ទាប់​ពី​ភ្ញៀវ​បាន​បញ្ចប់​ការ​ទទួល​អាហារ​ពេល​ល្ងាច​ក្រោម​ពន្លឺភ្លើង​ដ៏​ស្រទន់​ មេចុងភៅ Gilles Goujon ដែលមានបទពិសោធន៍ជាចុងភៅ​ប្រមាណជា ២៥ឆ្នាំ បាន​ចេញ​ពី​ផ្ទះ​បាយ​របស់​លោក​ដើម្បី​ធ្វើ​គារវកិច្ច ថ្លែងអំណរគុណ និង​សាកសួរ​យោបល់​ពី​ភ្ញៀវ​នូវ​រសជាតិ​អាហារ​ដែល​លោក​បាន​ចម្អិន។

 

បើ​តាម​ការសាកសួរ លោក Gilles Goujon អាហារ​ពេញ​និយម​ជាងគេ​នៅ​ក្នុង​ភោជនីយដ្ឋាន​គឺ ពងមាន់​ស្អុយ (Rotten Egg)។ មុខ​ម្ហូបនេះ​ ត្រូវ​បាន​ដាក់ឈ្មោះ​​ដោយ​គ្រាន់​តែ​ឲ្យ​មាន​ភាព​ទាក់​ទាញ​និង​កំប្លុកកំប្លែង​ប៉ុណ្ណោះ​ បើធៀប​នឹង​ធាតុពិត​នៃ​មុខម្ហូបនេះ។ ពងមាន់ស្អុយ គឺ​ជាមុខម្ហូប​ដែលចេញ​ពីការច្នៃ​ប្រឌិត​ផ្ទាល់​របស់​លោក ដោយ​ប្រើ​តិចនិក​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចម្អិន​ពងមាន់​រួម​ជាមួយ​នឹង​គ្រឿង​ផ្សំ​ផ្សេង​ទៀត ដើម្បីឲ្យ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ពិសារ។

 

លោក​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ម្ហូប​នៅ​ភោជនីយដ្ឋាន​នៃ​ប្រទេស​បារាំង​ ពិសេស​ភោជនីដ្ឋានL’Auberge du Vieux Puits មិនត្រូវ​បាន​ប្រើប្រាស់​គ្រឿងផ្សំ​ដែល​ចេញ​ម្សៅ ឬ​ផ្អាប់​ទុកយូរ ឬ​ទឹកជ្រលក់​ដែល​ផលិត​ពី​រោងចក្រ​នោះឡើយ។ លោក​តែង​តែ​បង្កើត និង​ចម្អិន​មុខម្ហូប​ដែល​ផ្សំគ្រឿង​ស្រស់​ដោយ​ចេញ​ការ​ច្នៃ​ប្រឌិត​របស់​លោក​ ដើម្បី​សុវត្ថិភាព អនាម័យ និង​រសជាតិ។​

 

ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​ នៅ​ភាគខាងត្បូង ​ប្រទេស​បារាំង

 

យើង​ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យធ្វើ​ទស្សនកិច្ច នៅ​ក្នុង​ផ្ទះបាយ​នៃ​ភោជនីយដ្ឋាន​លំដាប់​ផ្កាយបី​នេះ​នៅ​ពេល​ព្រឹក​ ក្នុង​កំឡុង​ពេល ​ដែល​ក្រុមចុងភៅ​កំពុងរៀបចំ​គ្រឿងផ្សំ​សម្រាប់​អាហារ​ពេល​ល្ងាច​ជូនដល់​អតិថិជន​។ គួរ​ឲ្យភ្ញាក់​ផ្អើល​ដែល​​អាហារ​ដែល​យើង​បាន​ទទួលទាន​កាល​ពីពេល​ល្ងាចដែលចាប់​ទទួល​បម្រើ​សេវាកម្ម​នៅ​ម៉ោង​ ៧.៣០នាទី ត្រូវបាន​រៀបចំ​បម្រុង​ទុក​តាំងតែពី​ម៉ោង​ ១០ព្រឹក។

 

នៅ​ក្នុង​ផ្ទះបាយ​ មាន​ការ​រៀប​ចំ និង​ទុកដាក់​នូវ​ម្ហូបអាហារ​ប្រកបដោយ​អនាម័យ​ និង​មាន​របៀបរៀបរយ​​ទៅ​តាម​ប្រភេទ​នៃ​ផលិត​ផល។

 

គួរឲ្យដឹងដែរថា ភោជនីយដ្ឋានL’Auberge du Vieux Puits ត្រូវ​បាន​បង្កើត​ឡើងនៅ​ឆ្នាំ​ ១៩៩២ និង​ទទួល​បាន​ពានរង្វាន់​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​ Michelin Stars នៅ​ឆ្នាំ​២០១០ កន្លង​ទៅនេះ។ ប្រសិន​បើ​លោកអ្នក​ចង់​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ភោជនីយដ្ឋាន​នេះ​អាច​ចូលមើល​គេហទំព័រ http://www.aubergeduvieuxpuits.fr (ភាសាបារាំង ឬ​ភាសាអង់គ្លេស)។​

 

ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​បី​ នៅ​ភាគខាងត្បូង ​ប្រទេស​បារាំង

 

អត្ថបទ​៖ កើត-អ៊ូជេល​ ចន្ទ្រា