ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤២)

អាចារ្យ​ម៉ា​យី​សើច​ញឹមៗ ហើយ​ប្រឹង​បញ្ចេញ​កម្លាំង​ច្របាច់​ដៃ​ផឹង​លាន​ហូ​វិញ។ មួយ​រំពេច​នោះ​ដៃ​អាចារ្យ​ម៉ា​យី​ស្រាប់តែ​មាន​ការឈឺចាប់​ពើត​ទ្រើង​ភ្លាម ហាក់​ដូច​ជា​មាន​ម្ជុល​ជា​ច្រើន ចាក់​ដោត​មក​រក​ដៃ​របស់​គាត់ បណ្ដាល​ឲ្យ​គាត់​មាន​ការ​ភិតភ័យ​តក់​ស្លុត​ជា​ខ្លាំង។ គាត់​ដក​ដៃ​មក​វិញ​ជា​ប្រញាប់។ ផឹង​លាន​ហូ​បញ្ចេញ​សំណើច​យ៉ាង​ក្អាកក្អាយ ហើយ​លោត​ថយ​ទៅ​ក្រោយ​វិញ​យ៉ាង​ប្រញាប់​។ ម៉ា​យី​ពិនិត្យ​មើល​ទៅ​បាត់​ដៃ​គាត់ ឃើញ​មាន​ស្នាម​របួស​តូច​៥​កន្លែង មុខ​របួស​តូច​ឆ្មារ​នេះ​មាន​សម្បុល​ខ្មៅ។

 

​នៅ​ពេល​ដែល​ផឹង​លាន​ហូ​សៀត​ជក់​ដែក​ទៅ​នឹង​ចង្កេះ​វិញ​នោះ វា​បាន​លួច​ពាក់​ស្នាប់ដៃ​ដ៏​ចម្លែក​ម្យ៉ាង​ដែល​មាន​ពិស ស្នាប់ដៃ​នោះ​តូច​ឆ្មារ​ដូច​អំបោះ ដាំ​ម្ជុល​៥ ពិស​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នោះ​នៅ​នឹង​ម្ជុល​នោះ​ឯង​។ បើ​ម្ជុល​នេះ​ចាក់​ត្រូវ​សាច់​អ្នក​ណា ក្នុង​រយៈ​៦​ម៉ោង អ្នក​នោះ​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មិន​ខាន។ សព្វ​មួយ​ដង​វា​ប្រើ​ស្នៀត​ដៃ​នេះ​នៅ​ពេល​វា​ប្រយុទ្ធ​នឹង​គេ​។ បើ​វា​ទះ​ត្រូវ​សត្រូវ​មួយ​ដៃ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ពិស​ដៃ​វា​ជាដាច់ខាត​។
​ម្ដង​នេះ វា​ក្លែង​ឈ្មោះ​ថា”ឆ្មា​ជើង​បី” បន្លំ​ឆ្លៀត​ឱកាស​ដែល​អាចារ្យ​មិន​បាន​ចាប់ភ្លឹក​ដល់​គំនិត​អាក្រក់​របស់​វា វា​ក៏​ប្រើ​ឧបាយកល​ទុច្ចរិត​យង់ឃ្នង​នេះ​ប្រហារ​គាត់​តែ​ម្ដង។

 

​កាល​ពី​សម័យ​បុរាណ អ្នក​ចេះ​យុទ្ធ​សិល្ប៍​តែងតែ​មាន​គំនិត​ចង់​សាកល្បង​ថ្វី​ដៃ​គ្នា​ជានិច្ច តែ​ប្រសិន​បើ​បាន​ជួប​មុខ​គ្នា​ហើយ​វាយតប់​គ្នា​ភ្លាម​ៗ នេះ​ជា​ការ​មិន​ល្អមើល​ទេ គេ​តែង​ចាប់ដៃ​គ្នា​សម្ដែង​នូវ​ការ​រាក់ទាក់​នឹង​គ្នា​ជា​មុន​សិន។ ​​ការ​ពិត​គឺ​គេ​ចាប់​ដៃ​សាកល្បង​ថ្វី​ដៃ​គ្នា​ទេ​។ អ្នក​ដែល​មាន​ថ្វីដៃ​អន់ នឹង​ត្រូវ​អ្នក​ដែល​មាន​ថ្វី​ដៃ​ខ្លាំង​ច្របាច់​កម្ទេច​ឆ្អឹង​ដៃ ឈឺ​អត់​មិន​បាន​ទាល់តែ​ស្រែក​អង្វរ​គេ​ក៏​មាន​ដែរ។
​អាចារ្យ​ម៉ា​យី​មិន​នឹកនា​ដល់​ថា ផឹង​លាន​ហូ​មាន​គំនិត​លាមក​ឃោរឃៅ​ដល់​ម្ល៉ឹង​សោះ​។ គាត់​ខំប្រឹង​ច្របាច់​ដៃ​ផឹង​លាន​ហូ​ដើម្បី​សាក​កម្លាំង​ដៃ​របស់​វា ពេល​នោះ​ម្ជុល​ក៏​បាន​ចាក់​កប់​ជ្រៅ​ដល់​ឆ្អឹង​គាត់ គាត់​មាន​ការ​ក្ដៅ​ក្រហាយ​ខ្លាំង​ណាស់​។ គាត់​ទះ​មួយ​ដៃ​ទៅ​រក​ផឹង​លាន​ហូ​។ ជន​អប្រិយ​បាន​លោត​ថយ​ក្រោយ​ភ្លាម។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤២)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ