ស្នេហ៍​មិន​ដូច​បំណង នាង​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួនប្រកាស​តាម​រលក​វិទ្យុ

ខេត្តកណ្ដាល ៖  ស្ត្រី​ម្នាក់​ដែល​បាន​លែងលះ​គ្នា​ជាមួយ​ប្ដី អស់​រយៈពេល​៧​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​បុរស​ជា​អតីត​ប្ដី​នោះ​បាន​តាម​រំខាន​យាយី​រូប​នាង​រហូត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ជួប​វិបត្តិ​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ហើយ​គិត​ខ្លី​លែង​ចង់​រស់ ក៏​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត ដោយ​ការ​លេបថ្នាំ ដើម្បី​បញ្ចប់ជីវិត​និង​ទុក្ខសោក​ទាំងឡាយ ។ នេះ​ជា​ការ​អះអាង​របស់​ស្ត្រី​រូប​នេះ ។ ប៉ុន្តែ​ការ​ព្យាយាម​សម្លាប់​ខ្លួន​តាម​វិធី​ខាងលើ​នោះ មិន​បាន​សម្រេច​តាម​បំណង​ឡើយ ដោយសារ​តែ​ក្រោយ​ពេល​លេបថ្នាំ​រួច នាង​បាន​ទូរស័ព្ទ​ទៅ​កាន់​វិទ្យុ​នៅ​ក្នុងស្រុក​មួយ រៀបរាប់​ពី​ទុក្ខសោក និង​វិបត្តិ​នៅ​ក្នុង​គ្រួសារ ព្រមទាំង​ធ្វើការ​ផ្ដែផ្ដាំ​ទៅ​អតីត​ប្ដី​របស់​នាង ដែល​តែងតែ​តាម​រករឿង​នាង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ឲ្យ​ឈប់​យាយី​នាង​ទៀត​ទៅ ព្រមទាំង​បាន​លា​ក្រុម​គ្រួសារ​នាង​ជា​លើក​ចុង​ក្រោយ​ផង​ដែរ ។

ដំណឹង​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​នគរបាល​ស្រុក​អង្គស្នួល បាន​ចេញ​ធ្វើការ​ស្រាវជ្រាវ​រហូត​រក​ទីតាំង​ឃើញ និង​នាំ​ស្ត្រី​ដែល​ប៉ង​ធ្វើ​អត្តឃាត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែសីហា នៅ​បន្ទប់​លេខ​១​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​រូប​នេះ​នៅឡើយ​ទេ ។ ស្ត្រី​រូប​នេះ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ហើយ​អ្វី​ដែល​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​នាង​បាន​ទូរស័ព្ទ​ចូល​ទៅ​ក្នុង​វិទ្យុ​ក្នុងស្រុក​មួយ ដោយ​និយាយ​ថា នាង​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​អស់​ជាង​៤០​គ្រាប់​រួច​ទៅ​ហើយ ។

មន្ត្រី​នគរបាល​បន្ត​ថា មិនតែប៉ុណ្ណោះ​នាង​បាន​និយាយ​ថា នាង​និង​ស្វាមី​បាន​លែងលះ​គ្នា​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អតីត​ស្វា​មីនោះ​នៅ​តែ​តាម​រករឿង​នាង​រហូត មិន​ឲ្យ​នាង​រស់នៅ​បាន​សុខ​ទេ ទោះបីជា​ការ​លែងលះ​នោះ នាង​សុខចិត្ត​នៅ​ទំនេរ​មិន​យកប្ដី​ថ្មី​ក្ដី ទើប​ពេល​នាង​លេបថ្នាំ​ប៉ង​ធ្វើ​អត្តឃាត​រួច​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​កាន់​អតីត​ស្វាមី​របស់​នាង​ម្នាក់​នោះ ឱ្យ​ឈប់​តាម​ចងកម្ម​ពៀរ​នាង​ទៀត ហើយ​នាង​ក៏​លា​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​នាង​ជា​លើក​ចុង​ក្រោយ​ដែរ ។

ការ​និយាយ​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​វិទ្យុ​នោះ គឺ​មាន​សំឡេង​ខ្សោយ​បន្តិច​ម្ដង​ៗ ហើយ​បន្តិច​ក្រោយមក​ទូរស័ព្ទ​ក៏​បាន​ដាច់​ការ​ទាក់ទង ទើប​ពេល​នោះ​បុគ្គលិក​វិទ្យុ​ខាងលើ​បាន​ធ្វើ​ទំនាក់ទំនង​ទៅ​កាន់​នគរបាល​ស្រុក​អង្គស្នួល ឲ្យ​ជួយ​តាម​ស្វែងរក​ទីតាំង​កើតហេតុ រហូត​ដល់​ឃើញ គឺ​នាង​ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​១​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។ នាង​បាន​បិទទ្វារ ដោយ​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ។ បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​ក៏​បាន​គាស់​ទ្វារ​ចូល​ទៅ រួច​ហៅ​រថយន្ត​ពេទ្យ​ដឹក​នាង​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​នោះ​បន្តិច ក៏​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ទៀត​។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​នគរបាល​មិន​ទាន់​បានដឹង​ពី​អត្តសញ្ញាណ​ស្ត្រី​នោះ និង​អតីត​ប្ដី​របស់​នាង​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា នាង​ជា​អ្នកស្រុក​ស្អាង ខេត្តកណ្ដាល ។ នាង​កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ជួយ​ធ្វើការ​សង្គ្រោះ ហើយ​បើ​តាម​គ្រូពេទ្យ​ប្រាប់​ថា ថ្នាំ​ដែល​នាង​លេប​នោះ​ជា​ប្រភេទ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល និង​ថ្នាំ​ងងុយដេក ប៉ុន្តែ​នាង​លេប​អស់​មិន​ដល់​៤០​គ្រាប់​នោះ​ទេ អស់​តែ​ប៉ុន្មាន​គ្រាប់​ប៉ុណ្ណោះ ហើយ​សំខាន់​គឺ​នាង​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ និង​អាច​បាន​ចេញ​ទៅ​ផ្ទះ​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ការ​បន្ទោស​ទៅ​អតីត​ប្ដី​ដើម​របស់​នាង​នោះ ហាក់ដូចជា​មិន​ត្រឹមត្រូវ​ទេ ដោយសារ​ប្ដី​នោះ​គេ​មាន​ប្រពន្ធ​និង​កូន​រួច​ទៅ​ហើយ ។ នាង​ក៏​មានកូន​ប្រុស​ស្រី​២​នាក់​ជាមួយ​ប្ដី​រូប​នោះដែរ តែ​មិនដឹង​ជា​កូន​ទាំង​២​នាក់​របស់​នាង​នៅឯណា​ទេ​។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នាង​ឈ្មោះ យ៉ុ​ម សុ​ខាន់ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១១០ ផ្លូវ​លេខ​២១ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​។ ក្រោយ​ការ​លែងលះ​ជាមួយ​ប្ដី នាង​មាន​ទំនាក់ទំនង​ជាមួយ​ដង្ខៅ​គោ​បាន​ជាង​១​ឆ្នាំ​ហើយ តែ​ក៏​ឧស្សាហ៍​ទាស់​គ្នា​ដែរ ។ ប្រភព​ដដែល​បន្ត​ថា នាង​ក៏​បាន​ទាក់ទង​ជាមួយ​យុវជន​ស្ទាវ​ម្នាក់ តែ​មិនដឹង​ថា​ជា​ការ​ទាក់ទង​បែប​ណា​ទេ ហើយ​នៅ​មុន​ថ្ងៃ​កើតហេតុ បុរស​ជា​ដង្ខៅ​គោ​នោះ​បាន​ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ជាមួយ​ក្មេង​ស្ទាវ​នោះ ក៏​បាន​វាយ​នាង​រហូត​ដល់​សន្លប់ និង​មាន​ជម្លោះ​ជាមួយ​អ្នក​ជិតខាង​ដែរ ព្រោះតែ​រំខាន​គេឯង​ដែល​ជួល​បន្ទប់​ក្បែរ​គ្នា ៕