បើកសុខៗ រត់ចុះពីឡានភ័យបះសក់

រាជធានី​ភ្នំពេញ ៖ រថយន្ត RAV4 ព​​ណ៌ក្រហម​មួយ​គ្រឿង ​បើកបរ​ដោយ​បុរស​ម្នាក់​​តាម​ដងផ្លូវ ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​បណ្តាល​ឲ្យ​ឆេះ​​ចេញ​ជា​អណ្តាតភ្លើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​ស៊ូ​គី​ម៉ិច ផ្លូវ​លេខ​២១៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង០​៨ ​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៩​ សីហា ២០១៦ ។

សាក្សី​​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​​​រថយន្ត​មួយ​គ្រឿង​ម៉ាក RAV4 ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​២D-1244 បើកបរ​ដោយ​បុរស​ម្នាក់ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​ខាងលើ​ ស្រាប់តែ​ម្ចាស់​រថយន្ត​ធុំក្លិនឈ្ងៀម ក៏​ឈប់​​រថយន្ត​ ហើយ​ចុះ​យ៉ាងលឿនពីលើ​រថយន្ត​ទៅ​បើក​គម្របដំបូល​រថយន្ត​ខាង​មុខ កី​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ឡើង ឃើញ​បែប​នេះ ​បុរស​ម្នាក់​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​អស់​១​បំពង់​ ទើប​រលត់​ភ្លាម​ៗ​នោះ​។

ប្រភព​ដដែល​​​បន្ត​​ថា សំណាងល្អ​ហើយ​ដែល​មិន​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កំ​ពុងធ្វើ​ដំណើរ​តាម​ផ្លូវ​ ដោយសារ​តែ​ជួយ​ពន្លត់​ទាន់​ពេលវេលា កុំ​អី​មិនដឹង​ទៅជា​យ៉ាងណា​ទេ ព្រោះ​មាន​ស្ថានីយប្រេងឥន្ធនៈ​ស៊ូ​គី​ម៉ិច​នៅ​ក្បែរ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​រថយន្ត​​​បាន​ទូរស័ព្ទ​ហៅ​ក្រុម​គ្រួសារ​មក​អួ​សយ​ក​ទៅ​ផ្ទះ​វិញ ​ព្រឹក​ឡើង​ទើប​យក​ចូល​ជាង​ឱ្យ​​ជួស​ជុល​ឡើង​​វិញ ។ ចំពោះ​មូលហេតុ​ ដែល​បង្កឲ្យ​មានការ​ឆាបឆេះ​ខណៈ​ពេល​កំពុង​តែ​បើកបរ តាម​ការ​ពិនិត្យ​របស់​ជាង​ជួសជុល​រថយន្ត បាន​ឲ្យ​ដឹង​ថា​ មក​ពី​ខ្សែភ្លើង​ចាស់​ ហើយ​ក្តៅ​ខ្លាំង​ធ្វើ​ឲ្យ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​តែ​ម្តង ៕