ហេតុអ្វី​បានជា​អាមេរិក​តាម​លង​ទម្លាក់​រដ្ឋាភិបាល​លោកអាសាដ​?​

អស់រយៈ​ពេលជិត​៦ឆ្នាំ​មកហើយ ​ដែល​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេសស៊ីរី​បាន​ចាប់ផ្ដើម​រហូត​មកដល់​ពេល​បច្ចុប្បន្ននេះ ​ដោយសារ​តែមាន​ការប្រយុទ្ធ​ប្រទាញ​ប្រទុង​ដណ្ដើម​តំបន់​កាន់កាប់​គ្នារវាង​កងទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី​ ដែល​កំពុង​កាន់​កាប់​ដោយ​លោកបាហ្សា​ អាល់អាសាដ​ ដែលមាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាលរុស្ស៊ី​ និង​កងពល​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី ​ដែល​មានការ​គាំទ្រ​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ។ ​មានមនុស្ស​យ៉ាងហោច​ណាស់​ជិង​៥០​ម៉ឹន​នាក់​ត្រូវ​បានស្លាប់​ ឆ្អឹង​គរ​ឡើង​ជាភ្នំ​ ឈាម​ហូរក្លាយ​ជាទន្លេ ​នេះបើ​យោងតាម​របាយការណ៍​របស់​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​រដ្ឋស៊ីរី​ ​។ សំណួ​រសួរ​ថា៖​ ជិត​៦ឆ្នាំ​មកហើយ​ សង្គ្រាម​នៅស៊ីរី​តែងតែ​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃរវាង​ពលរដ្ឋស៊ីរី​ និង​ពលរដ្ឋ​ស៊ីរី​គ្នាឯង​ ដោយមាន​ការ​គាំទ្រ​ដោយ​មហាអំណាច​ទាំងសង​ខាង​ ចុះ​ហេតុអ្វី​បាន​ជាអាមេរិក​នៅ​តែតាម​លងចង់​ទម្លាក់​លោក​អាសាដ​ចេញពី​អំណាច​ធ្វើអ្វី​? ​
ចម្លើយ​នៃការ​វិភាគ​ត្រូវបាន​ទម្លាយ​ដោយ​លោក​ Keith Preston ​អ្នកវិភាគ​នយោបាយ​មកពីរដ្ឋ​ Virginia ​បានឱ្យ​ដឹងថា​៖ ​មូលហេតុ​ដែលនាំ​ឱ្យរដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅតែ​ក្ដៅស្លឹក​ត្រចៀក​តាម​លងទម្លាក់​លោកអាសាដ​ចេញ​ពីអំណាច​ក៏ព្រោះតែ ​អាមេរិក​ចង់ផ្ដាច់​ជីវភាព​អំណាច​របស់​ស៊ីរី​ក្នុងតំបន់​ដើម​បូព៌ានា​ពេល​អនាគត​ផង ​និងដើម្បី​ផ្ដាច់ផ្លូវ​របស់រុស្ស៊ី​ក្នុងការ​លូកដៃ​ចូល​មក​ប្រទេសស៊ីរី​ក្រោយការ​ដួលរលំ​របស់​រដ្ឋាភិបាល​លោក​អាសាដ​ផង​ ដើម្បី​កុំឱ្យ​រុស្ស៊ី​មានផ្លូវ​ក្នុងការ​កសាង​អំណាច​តាមរយៈ​ការធ្វើ​ទំនើបកម្ម​សព្វាវុធ​មកប្រឆាំង​នឹង​សហរដ្ឋអាមេរិក ​។​ បើតាមលោក ​Preston ​លោកបាន​បន្ថែមថា​៖ ​ប្រទេស​មហាអំណាច​ធំៗ​ទាំងពី​រ នរណា​​ៗ​ក៏ចង់​កម្ទេច​ក្រុម​ឧទ្ទាម​សកម្ម​ប្រយុទ្ធ​ដែរក្រោម​ហេតុផល​ថាដើម្បី​រក្សា​សន្តិសុខ​ក្នុងតំបន់​ និងពិភពលោក ​ក៏ប៉ុន្តែអ្វី​ដែលជា​ភាពចម្រូង​ចម្រាស់​នៅមិន​ទាន់ដាច់​ស្រេច​នោះ​គឺការ​ដណ្ដើម​ផលប្រយោជន៍​រវាងរុស្ស៊ី​ និងអាមេរិក​ ដែលកកូរ​កកាយ​អសន្តិសុខ​ក្នុងប្រទេស​ស៊ីរី​ឱ្យនៅ​តែ​បន្ត​ជាប់​មក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ៕​​

ហេតុអ្វី​បានជា​អាមេរិក​តាម​លង​ទម្លាក់​រដ្ឋាភិបាល​លោកអាសាដ​?​
ដោយ៖ ឈូកស
ប្រភព៖ presstv