Grammy Award ដ៏ល្បីនៅអាម៉េរិកពិចារណាបទចម្រៀងរបស់វង់ភ្លេងកូនកាត់ខ្មែរ-អូស្រ្តាលីហៅ “ក្រុម”

អាល់ប៊ុមបទភ្លេងចម្រៀងចុងក្រោយពីវង់ភ្លេង “ក្រុម” (Krom) ដែលមានសមាជិកខ្មែរ និងអូស្ដ្រាលីផងនោះត្រូវខាងស្ថាប័នតន្ដ្រីពិភពលោក Grammy Award ទទួលយកសម្រាប់ការពិចារណាក្នុងកម្មវិធីរង្វាន់តន្ដ្រីល្អបំផុតក្នុងលោក Best World Music Album។

ចម្រៀងមួយបទពីអាល់ប៊ុមនោះគឺរៀបរាប់អំពីបញ្ហាភាពក្រីក្រ និងពេស្យាចារនៅកម្ពុជា។ លោក Chris Minko អ្នកតែងបទចម្រៀងជនជាតិអូស្ដ្រាលីដែលដឹកនាំក្រុមភ្លេងនេះបានចាកចេញពីឧស្សាហកម្មតន្រ្ដីអូស្ដ្រាលីនៅឆ្នាំ១៩៩៦ទៅរស់នៅកម្ពុជា ហើយលោកបានចំណាយពេលជាង១៥ឆ្នាំធ្វើការជាមួយនឹងជនពិការនៅកម្ពុជា។

គោលបំណងមួយនៃគំនិតរបស់លោក Chris Minko ក្នុងការបង្កើតវង់ភ្លេងឈ្មោះ”ក្រុម”នោះ គឺដើម្បីធ្វើឲ្យសំឡេងដ៏ពិរោះរបស់បងប្អូនអ្នកចម្រៀងខ្មែរនាង ចំរើន សុភា និងនាង ចំរើន សុភ័ក្រ ឈានជើងចូលឆាកអន្ដរជាតិដែលពិភពលោកអាចស្ដាប់សំឡេងពួកគេបាន។

វង់ភ្លេងចម្រុះសាសន៍នេះ គឺតែងនិពន្ធចម្រៀងអំពីប្រធានបទដែលពលរដ្ឋខ្មែរជាច្រើនបានដឹងឮ ប៉ុន្ដែតន្រ្ដីករតន្ដ្រីការិនីដទៃទៀតមិនសូវយកចិត្ដទុកដាក់ គឺបញ្ហាពេស្យាចារ, បញ្ហាទាសភាព និងការជួញដូរមនុស្ស។

លោក Chris Minko ឲ្យដឹងថា បញ្ហាអាក្រក់ និងធាតុពិតជាក់ស្ដែងនៅក្នុងឧស្សាហកម្មនេះ គឺការបង្ខំ, ការចាប់ជំរិតកុមារីអាយុ១៤ ឬ១៥ឆ្នាំឲ្យចូលធ្វើការនៅក្នុងឧស្សាហកម្មនេះ ហើយមានករណីខ្លះគឺធ្វើឡើងដោយឪពុកម្ដាយរបស់ពួកគេ។

លោកថាកត្ដាភាពក្រីក្រដើរតួនាទីសំខាន់នៅក្នុងរឿងនេះ ហើយពួកជួញដូរមនុស្សគឺធ្វើយ៉ាងណាឲ្យពួកគេញៀននឹងគ្រឿងញៀនទឹកកកឲ្យបានឆាប់ ដូច្នេះហើយពួកគេធ្លាក់ក្នុងអន្លង់វិលចុះឡើងនៃការលក់ខ្លួន ដើម្បីបានលុយទៅទិញថ្នាំញៀន ហើយបានថ្នាំញៀនដើម្បីទៅធ្វើការលក់ខ្លួន។

លោក Chris Minko បាននិយាយថា លោកស្រឡាញ់ចូលចិត្ដកម្ពុជាយ៉ាងជ្រាលជ្រៅ ពីព្រោះជាប្រទេសដែលមានវប្បធម៌បុរាណត្រចាស់ត្រចង់ ហើយភ្លេងខ្មែរក៏ពិរោះ។ តន្រ្ដីករអូស្ដ្រាលីរូបនេះនិយាយទៀតថា លោកតែងតែចង់បង្ហាញនូវរូបភាពវិជ្ជមានល្អរបស់កម្ពុជា ព្រោះកម្ពុជាបានឆ្លងកាត់សោកនាដកម្មយ៉ាងធំធេងនៅក្នុងជំនាន់ប៉ុលពត ប៉ុន្ដែកម្ពុជាក៏ជាប្រទេសដែលមានសក្កានុពលធំធេងផងដែរ។

នៅក្នុងផ្នែកតន្រ្ដីលោក Chris Minko បាននិយាយថា លោកបានខំប្រឹងធ្វើការងារដើម្បីបង្កើតស្ទីលចម្រៀងរបស់លោកផ្ទាល់ ដោយប្រើស្ទីលបទភ្លេង delta blues ប៉ុន្ដែសំឡេងនៃបទនេះ គឺជានិម្មិតសញ្ញានៃទន្លេមេគង្គ៕

ប្រភព៖ Radioaustralia


Related Posts