កែវ សុខផេង ​បាន​លេង​ជម្រើស​ជាតិ​ប៉ុន្មាន​នាទី ក៏​សប្បាយ​ចិត្ត​ដែរ

ខ្សែ​ប្រយុទ្ធ​ កែវ សុខផេង ​បាន​និយាយ​ថា​ឱ្យ​តែ​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា ទោះ​ជា​បាន​លេង​ត្រឹម​ប៉ុន្មាន​ចុង​ក្រោយ ឬ​ចូល​លេង​ប៉ុន្មាន​នាទី​ត្រូវ​ប្ដូរ​ចេញ ​ក៏​រូបគេ​សប្បាយ​ចិត្ត​ដែរ ព្រោះ​វា​ជា​កិត្តិយស​មួយ​ដែល​អាច​ជួយ​ប្រទេស​ជាតិ​បាន។

 

កែវ សុខផេង ​បាន​លេង​ជម្រើស​ជាតិ​ប៉ុន្មាន​នាទី ក៏​សប្បាយ​ចិត្ត​ដែរកែវ សុខផេង

 

មុន​ចេញ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​នៅ​ចិន​ហុងកុង ​ថ្ងៃ​ទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ កែវ សុខផេង ​រំពឹង​ថា​ខ្លួន​នឹង​ធ្វើ​បាន​ល្អ ដោយសារ​តែ​បញ្ហា​របួស​ក៏​ជា​សះស្បើយ ហើយ​ការ​ហ្វឹកហាត់​ក៏​បាន​ដិត​ដល់​ថែម​ទៀត។ យ៉ាងណាមិញ ​ការ​ជាប់​ជម្រើស​ដំបូង​ឬ​អត់ រូបគេ​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ ដោយសារ​តែ​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក Lee Tae Hoon ​ថា​ចង់​ដាក់​នរណា​ឱ្យ​ចូល​លេង​មុន​គេ។

 

“ខ្ញុំ​មិន​ដឹង​ថា​បាន​ជាប់​ជម្រើស​ដំបូង​អត់​ទេ ប៉ុន្តែ​ឱ្យ​តែ​បាន​ចូល​លេង​គឺ​ល្អ​ណាស់​ហើយ ខ្ញុំ​សប្បាយ​ចិត្ត​ទោះ​ជា​បាន​ចូល​លេង​ប៉ុន្មាន​នាទី​ក៏​ដោយ។ បញ្ហា​របួស​ដែល​កើត​មាន​តាំង​ពី​ប្រកួត​ជាមួយ​ជប៉ុន​នោះ វា​បាន​ជា​សះស្បើយ​ហើយ ដោយ​ខ្ញុំ​អាច​ប្រើ​កម្លាំង​បាន​ពេញលេញ​វិញ”។ សម្ដី កែវ សុខផេង។

 

កែវ សុខផេង ​បាន​លេង​ជម្រើស​ជាតិ​ប៉ុន្មាន​នាទី ក៏​សប្បាយ​ចិត្ត​ដែរ

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១៥​មក ដោយ​បង្ហាញ​ខ្លួន​បាន​ជាង​១០​ប្រកួត និង​រក​គ្រាប់​បាល់​បាន​ប្រមាណ​ជា​៤​គ្រាប់​ដែរ ក្នុង​ប្រកួត​ផ្លូវ​ការ។ កីឡាករ​ដើម​កំណើត​នៅ​ក្រចេះ​រូប​នេះ លេង​នៅ​ក្លឹប​អាជីព​ធ្លាប់​ជួយ​ក្រុម​បឹង​កេត​ឈ្នះ​ពាន​លីគ​កំពូល​ឆ្នាំ​២០១២ ​និង​ជួយ​ភ្នំពេញ​ក្រោន​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ