បណ្ណាល័យ​ចល័ត​ទី១ នៅ​ទីក្រុង​បាត់ដំបង

បណ្ណាល័យ​ចល័ត​ទី១ នៅ​ទីក្រុង​បាត់ដំបង

 

យុវជន ​វ៉ាន វ៉ាន់ឌី ​ជា​សិស្ស​ថ្នាក់​ទី ១១ នៃ​វិទ្យាល័យ​ព្រះមុនីវង្ស គឺ​អ្នក​ផ្ដួចផ្ដើម​គំនិត​ដំបូង​ក្នុង​ការរៀបចំ​បណ្ណាល័យ​ចល័ត​នេះ​ អោយ​លេចចេញ​ជា​រូបរាង​ឡើង។ យុវជន​រូបនេះ​ថ្លែង​ប្រាប់ថា រូបគេ​ចាប់ផ្ដើម​មាន​ក្ដី​ស្រមៃ​ចង់​បង្កើត​បណ្ណាល័យ​ចល័ត​នេះ​នៅពេលដែល​ទៅ​អាន​សៀវភៅ​នៅ​លើ​ស្ពានថ្ម​ចាស់ ​ដែល​មាន​បរិ​យាស​កាស​ល្អ ខ្យល់អាកាស​បរិសុទ្ធ​ស័ក្ដិសម​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​ការអាន។ ប៉ុន្តែ​អ្វី​ដែល​ វ៉ាន់ឌី ​ឃើញ​នៅ​ពេលនោះ​គឺ “ខ្ញុំ​ឃើញ​មាន​អ្នក​ទៅលេង​ទីនោះ​ច្រើន​ តែ​ពួកគាត់​ទៅ​ទីនោះ​ដើម្បី​ទៅ​ជជែក​គ្នា​លេង លេង​ហ្គេម​ឬ​ថត​selfieប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​មាន​គោលបំណង​មួយ​ គឺ​ចង់​អោយ​ពួកគាត់​ងាក​មក​ចាប់​យក​ការអាន​សៀវភៅ​ជំនួស​សកម្មភាព​ទាំងនោះ​វិញ។

 

បណ្ណាល័យ​ចល័ត​ទី១ នៅ​ទីក្រុង​បាត់ដំបង

 

បណ្ណាល័យ​ចល័ត​នេះ​លេចចេញ​ជា​រូបរាង​នៅ​ថ្ងៃទី១ ខែ​សីហា ឆ្នាំ២០១៦ ហើយ​ត្រូវ​ដាក់​ឈ្មោះថា ប្រកប។ បណ្ណាល័យ​នឹង​បើក​នៅ​រាល់​ម៉ោង ៤ល្ងាច ​នៅ​សួនច្បារ​ស្ទឹង​សង្កែ​តាម​បណ្ដោយ​ផ្លូវ​លេខ១ ទល់មុខ​នឹង​សាខា​ក្រុមហ៊ុន​LG ហើយ​បិទ​វិញ​នៅពេល​មេឃងងឹត​មើល​សៀវភៅ​លែង​ឃើញ​ ហើយ​បើ​គ្មាន​ការ​រំខាន​ពី​ភ្លៀង​ទេ បណ្ណាល័យ​នេះ​នឹង​បើក​ជា​រៀងរាល់ថ្ងៃ។

 
បណ្ណាល័យ​ចល័ត​ទី១ នៅ​ទីក្រុង​បាត់ដំបង

 

គោលបំណង​សំខាន់​បី​នៃ​ការ​បង្កើត​នេះ​គឺ៖

 

-ជួយ​សម្រួល​ដល់​អ្នក​ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការទិញ​សៀវភៅ​អោយបាន​អាន​សៀវភៅ
-ជួយ​សម្រួល​ដល់​អ្នក​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​បណ្ណាល័យ​ផ្សេងៗ​អោយ​បាន​អាន​សៀវភៅ​ព្រោះថា​បណ្ណាល័យ​នេះ​ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង
-ដើម្បី​បង្កើត​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ​ គឺ​ទាក់ទាញ​អោយ​អ្នក​មិន​ធ្លាប់​អាន​សៀវភៅ​មក​ចាប់អារម្មណ៍​ក្នុង​ការអាន ហើយ​អ្នក​ដែល​អាន​ហើយ​កាន់តែ​បង្កើន​សកម្មភាព​របស់​ខ្លួន​ទៀត។

 
បណ្ណាល័យ​ចល័ត​ទី១ នៅ​ទីក្រុង​បាត់ដំបង

 

វ៉ាន់ឌី​ បានបញ្ជាក់​ទៀតថា “ខ្ញុំ​ធ្លាប់បាន​បញ្ចេញ​គំនិត​អំពី​បណ្ណាល័យ​ចល័ត​នេះ​ហើយ​ក៏មាន​អ្នកគាំទ្រ​ដែរ ហើយ​ក្រោយពី​បានឃើញ​បណ្ណាល័យ​ចល័តរ​បស់​បង​មុនី​នៅ​ភ្នំពេញ​ដំណើរការ​ហើយ ខ្ញុំ​ក៏​ចាប់ផ្ដើម​សុំ​យោបល់​ខ្លះ​ពី​គាត់​ហើយ​គិតគូរ​រៀបចំ​វា​អោយ​ចេញ​ជា​រូបរាង​ឡើង​នៅ​ក្រុង​បាត់ដំបង​នេះ។ ដំបូងបង្អស់ សៀវភៅ​សម្រាប់​អាន​គឺ​មាន​ប្រហែល៣០ក្បាល​ហើយ​ជា​សៀវភៅ​ដែល​ខ្ញុំ​ធ្លាប់បាន​អាន​កន្លងមក​ហើយ​យើង​មាន​ហិប​មួយ​សម្រាប់​ដាក់​សៀវភៅ។”

 

ទាក់ទង​ទៅ​នឹង​ឈ្មោះ ប្រកប នេះ​ទៀតសោត​ក៏​មាន​បង្កប់​អត្ថន័យ​ដែរ។ បើ​តាម​ការ​រៀបរាប់រ​ប​ស់ លោក រដ្ឋា ជា​បណ្ណារក្ស​មួយ​រូប​នៃ​បណ្ណាល័យ​នេះ​បាន​អោយដឹងថា “ពាក្យ ប្រកប ក្នុង​ភាសា​ខ្មែរ​យើង​មានន័យថា សម្រេច​ដូច​បំណង​ហើយ​កាន់តែ​ពិសេស​ជាងនេះទៀត ការប្រកប​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអាន​តែម្តង។

 

អស់​រយៈពេល​ជិត១ខែ បណ្ណាល័យ​ចល័ត​ប្រកប​បាន​រីកចម្រើន​ និង​ទទួល​ការគាំទ្រ​ជា​លំដាប់។ ជាក់ស្តែង វ៉ាន់ឌី​បានបង្ហាញ​ថា “ពួកយើង​បានធ្វើការ​ផ្សព្វផ្សាយ​អំពី​បណ្ណាល័យ​នៅលើ​បណ្តាញ​សង្គម​ និង​ទទួល​ការគាំទ្រ​យ៉ាងច្រើន។ អ្នកអាន​មាន​ទាំងចាស់ទាំងក្មេង​ហើយ​គ្រប់ពេលវេលា​ដែល​យើង​បើក​គឺមាន​អ្នកអាន​ជានិច្ច។”

 

បណ្ណាល័យ​ចល័ត​ទី១ នៅ​ទីក្រុង​បាត់ដំបង

 

សៀវភៅ​របស់​យើង​បាន​កើន​ឡើងជា​លំដាប់​រហូតដល់​ឥឡូវ​មាន​ជាង ២៣០ក្បាល។ ការកើនឡើង​នេះ​គឺ​ដោយសារ​យើង​ទទួល​បាន​ការ​បរិច្ចាគ​ពី​អ្នកអាន ពី​គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​ដូចជា ​Heart book ទទួល​បាន​ការ​ទទួល​វិភាគទាន ​ពី​ជនបរទេស​មួយ​ចំនួន ហើយ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ផ្តល់​ជា​សាច់ប្រាក់​អោយ​យើង​ទិញ​សៀវភៅ​បន្ថែម។ បើ​គិត​ជា​មធ្យម យើង​ទទួល​បាន​សៀវភៅ​បី​ក្បាល​ក្នុង​មួយថ្ងៃ។ ប្រការនេះ​ធ្វើអោយ​អ្នកអាន​គាត់​មាន​អារម្មណ៍​ថា​បណ្ណាល័យ​នេះ​ជា​របស់​គាត់​ដែរ ហើយ​យើង​ព្យាយាម​រៀបចំ​វា​អោយ​សាមញ្ញ​បំផុត​ដោយ​មិន​ចាំបាច់​តម្រូវ​អោយ​មាន​ការ​សរសេរ​ឈ្មោះ ​និង​ហត្ថលេខា​នោះ​ទេ។

 

ការ​ដំណើរការ​បណ្ណាល័យ​ចល័ត​នេះ ​មិន​ត្រឹមតែ​ទាក់ទាញ​អោយ​ការ​ចូល​អាន​សៀវភៅ​នៅ​ទី​សាធារណ​ប៉ុណ្ណោះ​តែ​វា​ថែមទាំង​បាន​ជំរុញ​អោយ​យុវជន​មួយ​ចំនួន​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​វា​អោយ​មាន​ដំណើរការ​ថែមទៀត។ យុវសិស្ស​ថ្នាក់​ទី ៩ អ៊ាង ហ៊ុយ​ឃាង​នៅ​វិទ្យាល័យ​ព្រះមុនីវង្ស​ជា​អ្នកស្ម័គ្រចិត្ត​ចូលរួម​ជួយ​បណ្ណាល័យ​ចល័ត​នេះ។

 

យុវជន​រូប​នេះ​​បាន​រៀបរាប់ថា “នៅ​ពេល​ដំបូង ខ្ញុំ​បាន​ឃើញ​បណ្ណាល័យ​នេះ​ផ្សព្វផ្សាយ​លើ​ប​ណ្ណា​ញ​សង្គម ទើប​មានចិត្ត​ចង់​ចូលរួម​ចំណែក​ជួយ​អោយ​វា​មាន​ដំណើរការ​ប្រសើរ​ឡើង​ហើយ​ដាក់ពាក្យ​ចូលរួម​ជា​អ្នកស្ម័គ្រចិត្ត​សម្រាប់​បណ្ណាល័យ​នេះ។ ដោយសារ​ខ្ញុំ​មាន​ពេលទំនេរ​តែ​ចុង​សប្ដាហ៍ ខ្ញុំ​ព្យាយាម​ជួយ​បណ្ណាល័យ​នេះ​អោយ​បានជា​អតិបរមា​ដូចជា​មក​បើក​បណ្ណាល័យ ជួយ​ក្មេងៗ​ក្នុង​ការ​អាន​និង​ដឹកជញ្ជូន​សៀវភៅ​ជាដើម តែ​សមាជិក​ផ្សេងៗ​ទៀត​គាត់​ធ្វើការ​ច្រើន​ជាងនេះ​ទៅទៀត​គឺ​ពេញ​មួយ​សប្ដាហ៍​។”

 

ហ៊ុយ​ឃាង​បាន​បន្ថែមថា “ការអាន​សៀវភៅ​គឺជា​ការ​កម្សាន្ត​បែប​ចំណេះដឹង​ដែល​មិនគួរ​មើល​រំលង​នោះទេ​ដើម្បី​ពង្រឹង​សមត្ថភាព​ផ្ទាល់ខ្លួន។

 

វ៉ាន់ឌី​ បានបង្ហាញ​ពី​បំណង​របស់​ខ្លួន​នៅ​ក្នុង​ការពង្រីក​បណ្ណាល័យ​ចល័ត​នេះ​អោយបាន​ច្រើន​កន្លែង​ទៀត “ពួកយើង​នឹង​បំបែក​គ្នា​ជា​ក្រុម​ហើយ​បង្កើត​បណ្ណាល័យ​មួយទៀត​នៅលើ​ស្ពានថ្ម​ចាស់ ហើយ​យើង​នឹង​ជួយ​រៀបចំ​អោយមាន​បណ្ណាល័យ​បែបនេះ​នៅតាម​ស្រុក​មួយ​ចំនួនទៀត​ដែល​មាន​គ្នា​យើង​រស់នៅ​ទីនោះ។”

 

អត្ថបទ៖ ហួន ទីណារ័ត្ន