​ទុក្ខផ្ទួនៗ! លោកតាជិះកង់ទៅរកគេជួយ ​បែរត្រូវផ្តាច់សង្ខារ…

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឱ្យ​អាណិត​ជាពន់ពេក បន្ទាប់​ពី​បុរស​ចំណាស់​ម្នាក់​ដែល​គេ​ដឹង​ថា កំពុង​ស្នាក់​​​លើ​ដី​គេ ហើយ​ត្រូវ​ម្ចាស់​ដី​ដេញ ក៏​ធ្វើ​ដំណើរ​ជិះ​កង់​ ទៅ​រក​មេ​ភូមិ​ឱ្យ​ជួយដើម្បីបាន​ស្នាក់បន្ត តែ​អ្វី​ដែល​តក់ស្លុតបំផុត ​ខណៈគាត់​​ជិះ​ត្រឡប់​មក​ដី​វិញ ស្រាប់តែ​ត្រូវ​រថយន្ត​តាក់ស៊ី​បោះពួយបុកកង់គាត់​ប៉ើង​ដូច​ក្រដាស​​ប៉ើង​មនុស្សផងដែរ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​​ស្ពាន​១០-១១ ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​គុ​ជ លន់ អាយុ​៧២​ឆ្នាំ គ្មាន​លំនៅ​ពិតប្រាកដ បច្ចុប្បន្ន ​សុំ​ដី​គេ​ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ ដោយ​មានកូន​ប្រុស​-​ស្រី​៦​នាក់​ក្នុង​បន្ទុក​​ ។ ចំណែកឯ​អ្នក​បើករថយន្ត​តាក់ស៊ី​ឈ្មោះ​ឆ​ន រ៉ា​វុ​ធ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រហម ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើករថយន្ត​តាក់ស៊ី (​ភ្នំពេញ​-​កំពង់ចាម​-​រតនគិរី​) ពាក់​ស្លាក​លេខ 2L-9454 ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ទាំង​មនុស្ស និង​រថយន្ត ។

ប្រភព​បន្ត​ថា មុនពេលកើតហេតុ បុរស​ចំណាស់​ខាងលើ គឺ​គាត់​ចង់ឱ្យ​លោក​មេ​ភូមិ​ ជួយ​សម្រួល​ដល់​ម្ចាស់​ដី ដើម្បី​បានគាត់​សុំ​ស្នាក់លើដី​បន្ត លុះ​ជិះ​កង់​ត្រឡប់មក​វិញទាំងក្នុងចិត្ត​បារម្ភផង ស្រាប់តែ​ជួបជាមួយ​រថយន្ត​ខាងលើ​ កំពុង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​ជ្រុលបុក​ជន​រង​គ្រោះ​ប៉ើង​ខ្ទប់​ ជាមួយ​កញ្ចក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ។