ការរកឃើញ​ជីវិត​ប្លែកៗ​នៅ​មហាសមុទ្រ​ដ៏​សែន​ជ្រៅ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ខួង​រ៉ែ​ និពន្ធដោយ : VOA       August-30-2016, 9:39 am         331

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការរកឃើញ​ជីវិត​ប្លែកៗ​នៅ​មហាសមុទ្រ​ដ៏​សែន​ជ្រៅ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ខួង​រ៉ែ​​វ៉ាស៊ីនតោន ៖ មហាសមុទ្រ​គឺជា​ស្រទាប់​ព្រំដែន​ចុងក្រោយ​នៅលើ​ភពផែនដី​។ ប៉ុន្តែ​តម្រូវការ​ធនធាន​រ៉ែ និង​លោហៈ​ឥតឈប់ឈរ​របស់​ពិភពលោក​កំពុង​ជំរុញ​ឲ្យ​មនុស្ស​ធ្វើដំណើរ​ដោយ​ឥត​រួញរា​ទៅកាន់​កន្លែង​មួយ​ដែល​មនុស្ស​មិន​ធ្លាប់បាន​ទៅដល់​កាលពីមុន ហើយ​ពួកគេ​រកឃើញ​ជីវិត​នៅក្នុង​ដំណើរការ​រុករ​កធន​ធាន​ទាំងនោះ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Hawaii at Manoa បាន​សិក្សា​ទៅលើ​តំបន់​មួយ​មាន​ផ្ទៃ​ទំហំ​៩០០​គីឡូម៉ែត្រ​ការ៉េ​នៅក្នុង​ជម្រៅ​មហាសមុទ្រ​ឈ្មោះថា​តំបន់ Clarion-Clipperton ហៅ​កាត់​ថា​តំបន់ CCZ ស្ថិតក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ បេសកកម្ម​របស់​ពួកគេ​គឺ ស្វែងរក​ជីវិត​ថ្មី និង​ហ្វូង​ប្រភេទ​ត្រី​ថ្មី​នៅក្នុង​បាតសមុទ្រ​។ ពួកគេ​បាន​បោះពុម្ព​លទ្ធផល​នៃ​ដំណើរ​ស្រាវជ្រាវ​របស់​ពួកគេ​នៅក្នុង​ការចុះផ្សាយ​លេខ​មុន​នៃ​ទស្សនាវដ្ដី Nature (Nature Scientific Reports) ដែល​អាច​អាន​បាន​លើ​លើ​តំណ​ភ្ជាប់​មួយ​នេះ​៖ ​។​

​ក្នុង​ជម្រៅ​បាតសមុទ្រ​
​តំបន់ CCZ គឺជា​តំបន់​វាលរាប​សន្ធឹង​លើ​លំហ​សមុទ្រ​ដែលមាន​ទំហំ​ជិត​ប៉ុន​នឹង​ផ្ទៃដី​របស់​សហរដ្ឋអាមេរិក ដែល​ត​ភ្ជាប់​រវាង​តំបន់ភ្នំ Clarion ទៅនឹង​តំបន់​ក្នុង​បាតសមុទ្រ​ឈ្មោះថា Clipperton Fracture ដែល​ស្ថិតនៅ​ចន្លោះ​អាមេរិក​កណ្តាល និង​កោះ​ហា​វ៉ៃ​។ តំបន់​នេះ​ត្រូវបាន​គេ​ដឹងថា សម្បូរ​ទៅដោយ​ធនធាន​រ៉ែ ដូចជា​ទង់ដែង នី​កែ​ល និង​កូ​ប័ល ដែល​ធនធាន​ទាំងនេះ​មាន​ទំហំ​ដូចជា​ដុំ​មូលៗ​ដែលមាន​ទំហំ​ប៉ុន​មើមដំឡូង​បារាំង គឺ​ចន្លោះ​ពី ៥​ទៅ​១០​សង់ទីម៉ែត្រ​។ ដុំ​ពក​លោហធាតុ​ទាំងនេះ មាននៅ​រាយប៉ាយ​ពាសពេញ​ផ្ទៃសមុទ្រ គឺ​នៅ​ចន្លោះ​ពី​៣​ពាន់​ទៅ​៦​ពាន់​ម៉ែត្រ​នៅ​ខាងក្រោម​ផ្ទៃ​ទឹក​នៃ​មហាសមុទ្រ​។ អាជ្ញាធរ​សមុទ្រ​អន្តរជាតិ ISA បានផ្តល់​អាជ្ញាប័ណ្ណ​ចំពោះ​តំបន់​ជាក់លាក់​មួយ​នៅ​តំបន់ CCZ ទៅ​ឲ្យ​ក្រុមហ៊ុន UK Seabed Resources Ltd ដើម្បី​ទទួលបាន​សិទ្ធិ​រុករក​រ៉ែ​នៅ​តំបន់​នោះ​។ ប៉ុន្តែ​មុនពេល​ក្រុមហ៊ុន​អាច​ចាប់ផ្តើម​ប្រតិបត្តិ​ការរុករក​រ៉ែរ​បាន អាជ្ញាធរ​សមុទ្រ​អន្តរជាតិ​បានដាក់​កំណត់​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​លើ​ជីវៈ​នៅ​តំបន់​នោះ​ឲ្យ​បាន​ពេញលេញ​ជាមុនសិន​។​

​ការសិក្សា​នោះ​ជា​ពេលដែល​អ្នកស្រី Diva Amon ដែលជា​អ្នកស្រាវជ្រាវ​កម្រិត​ក្រោយ​បណ្ឌិត​បាន​ចូលរួម​។ ក្រុមហ៊ុន UK Seabed Resources បាន​ជួល​គម្រោង ABYSSLINE ដើម្បី​កំណត់ថា តើ​មានជីវិត​អ្វីខ្លះ​ដែលមាន​ក្នុង​សមុទ្រ​ដែល​ពួកគេ​បាន​ចុះ​កុងត្រា​នោះ និង​ថា​តើ​សរីរាង្គ​ទាំងនោះ ពឹង​ផ្អែកលើ​ស្រទាប់​ធនធាន​រ៉ែ​ទាំងនោះ​ដោយ​របៀប​ណា​។​

​អ្នកស្រី Amon នាយករង​គម្រោង ABYSSLINE បាន​ប្រាប់ VOA ថា​៖ «​ជា​ផ្នត់គំនិត អ្នក​ជីវសាស្ត្រ​ផ្នែក​ជម្រៅ​សមុទ្រ​តែង​គិតថា មិនមាន​វត្ថុ​មានជីវិត​រស់នៅក្នុង​បាតសមុទ្រ​ទេ ប៉ុន្តែ​យើង​បាន​រកឃើញថា តាមពិត​មាន​វត្ថុ​មានជីវិត​ច្រើនណាស់​នៅ​ទីនោះ​។ ជាង​ពាក់កណ្តាល​នៃ​សត្វ​ដែល​យើង​បាន​ប្រមូល​មក គឺជា​សត្វ​ដែល​ទើប​រកឃើញ​ថ្មី​សម្រាប់​ការពិសោធន៍​បែប​វិទ្យាសាស្ត្រ​។ អ្វីដែល​យើង​ត្រូវធ្វើ​គឺថា យើង​ត្រូវការ​ធ្វើការ​នៅ​ទីនោះ​បន្ថែមទៀត ព្រោះថា​យើង​ដឹង​តិចតួច​ណាស់​អំពី​តំបន់​នោះ​»​។​

​ក្រុម​របស់​អ្នកស្រី​បាន​រកឃើញ​ប្រភេទ​សត្វ​ថ្មី​មួយ​នៃ​អំបូរ​ផ្កាយ​សមុទ្រ (anemone) និង​សត្វ​សមុទ្រ​ប្រភេទ​ដូច​អេ​ប៉ុង​ហ្ស៍ ប៉ុន្តែ​ទាំងនេះ មិនមែនជា​អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​សប្បាយចិត្ត​ទេ​។​

​សត្វ​គំរូ​ទាំង​៣​ដែល​អ្នកស្រី Amon បាន​ប្រមូល​មក​នោះ​គឺ​មិន​ត្រឹមតែ​ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថ្មី​ប៉ុណ្ណោះ​ទេ ក្រុម​អ្នកស្រាវជ្រាវ​ត្រូវបង្កើត​ចំណាត់ថ្នាក់​ថ្មី​កម្រិត​ខ្ពស់​ដោយ​ផ្នែក​លើ​ប្រភេទ​របស់​ពួកវា​។ សត្វ​ពីរ​ប្រភេទ​ក្នុងចំណោម​សត្វ​ទាំងនេះ ស្ថិតក្នុង​អំបូរ​គ្រួសារ​ផ្កាថ្ម ហើយ​ប្រភេទ​ទី​បី គឺជា​សត្វ​ក្នុង​ប្រភេទ​និង​អំបូរ​ថ្មី​។ លោក Paul Snelgrove អ្នកស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ក្នុង​សមុទ្រ​ដែល​ចូលក្នុង​ការ​ស្រង់​ចំនួន​សត្វមានជីវិត​ក្នុង​សមុទ្រ​សាកល​អស់​រយៈពេល​មួយ​ទសវត្សរ៍​មកហើយ​នោះ កាលពី​ប៉ុន្មាន​ឆ្នាំមុន បានកត់សម្គាល់​ឃើញថា ការរកឃើញ​ប្រភេទ​សត្វ​ថ្មីៗ​នៅក្នុង​ជម្រៅ​មហាសមុទ្រ​គឺជា​រឿង​សាមញ្ញ​ទៅហើយ​។ ប៉ុន្តែ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Memorial University of Newfoundland រូបនេះ​និយាយថា តម្រូវការ​សម្រាប់​សត្វ​ប្រភេទ​ថ្មី​ដែល​រកឃើញ «​ពិតជា​ចាំបាច់​យ៉ាងខ្លាំង​»

​ជីវៈ​ដែលមាន​សណ្ឋាន​ដូច​ដុំ​ពក​តូចៗ​
​ការងារ​របស់​អ្នកស្រី Amon ក៏​ផ្តោតទៅលើ​អ្វីដែល​គេ​ហៅថា «​ដំឡូង​ដែក​» ផងដែរ​។ អ្នកស្រី​បាន​រកឃើញថា ជាង​ពាក់កណ្តាល​នៃ​សត្វ​ទាំងអស់​ដែល​ត្រូវបាន​ប្រមូល​យកមក ត្រូវបាន​ត​ភ្ជាប់​ទៅនឹង​ដុំ​ពក​ជាច្រើន​។ ផ្ទៃ​លាតសន្ធឹង​នៃ​តំបន់ CCZ គឺជា​ផ្ទៃសមុទ្រ​ដ៏​ស្រទន់ និង​រាបស្មើ និង​មាន​ដុំ​ពក​ជាច្រើន​ដែល​បង្កើតបានជា​ផ្ទៃ​រឹង​ដែលជា​កន្លែង​សត្វ​ទាំងនេះ​អា​ចត​ភ្ជាប់​គ្នា​។ អ្នកស្រី Amon និយាយថា​៖ «​បើសិនជា​ការរុករក​រ៉ែ​ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​តំបន់​នោះ ប្រព័ន្ធ​អេកូឡូស៊ី​នឹងត្រូវ​បានសម្លាប់​ក្នុង​ចំនួន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។​

​លោក Snelgrove ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង ABYSSLINE និយាយថា ហេតុ​ដូច្នេះហើយ​បានជា​ការសិក្សា​អំពី​ពួក​សត្វ​ទាំងនោះ​មាន​សារៈសំខាន់​។​

​លោក​និយាយថា​៖ «​យើង​ទំនងជា​នឹង​បង្កើតបាន យ៉ាងហោចណាស់ ទិដ្ឋភាព​មួយចំនួន​នៃ​បរិស្ថាន​ក្នុង​មហាសមុទ្រ​ដ៏​ជ្រៅ​ទាំងនេះ ហើយ​យើង​គួរតែ​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​ចំណេះដឹង​ដែល​យើង​មាន​ស្រាប់ ហើយ​ធ្វើ​វា​ក្នុង​របៀប​មួយ​ដែលមាន​ផលប៉ះពាល់​តិចតួច​បំផុត​»​។​

​អ្នកស្រី Amon និយាយថា​៖ «​នេះ​គឺជា​ការជំរុញ​បែប​វិទ្យាសាស្ត្រ​ដើម្បី​បន្ថយល្បឿន​គម្រោង​យក​រ៉ែ​បន្តិច សម្រាប់​ឲ្យ​ការសិក្សា​វិទ្យាសាស្ត្រ​សិន ដូច្នេះ​ការរុករក​រ៉ែ​នេះ​គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​និរន្ត​ភាព​តាមតែ​អាចធ្វើ​បាន​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ឆ្នាំ​២០១៣ នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lockheed Martin បានប្រកាស​ពី​ការផ្តល់​កុងត្រា​ឲ្យ​ក្រុមហ៊ុន UK Seabed Resources ដែល​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ អាជ្ញាធរ​សមុទ្រ​អន្តរជាតិ ISA បាន​ថ្លែងថា ក្រុមហ៊ុន​ចំណុះ​របស់​ក្រុមហ៊ុន​នេះ «​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​របស់​រដ្ឋា​ភិ​បាល​អង់គ្លេស និង​ស្ថាប័ន​ស្រាវជ្រាវ​ផ្សេងៗ​អំពី​ធាតុ​ផ្សំ​ផ្សេងៗ​ផ្នែក​ឧស្សាហកម្ម និង​បរិស្ថាន​របស់​គម្រោង​នេះ​»​។ VOA បាន​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន UK Seabed Resources ដើម្បី​សុំ​ការពន្យល់ ប៉ុន្តែ​មន្ត្រី​របស់​ក្រុមហ៊ុន​នេះ​មិនបាន​ឆ្លើយតប​ទាន់ពេល​នៃ​ការចេញផ្សាយ​ព័ត៌មាន​នេះ​ទេ​។​

​ការធ្វើដំណើរ​បន្ថែម​ទៅក្នុង​ជម្រៅ​សមុទ្រ​
​គម្រោង ABYSSLINE មាន​បេសកកម្ម​រយៈពេល​៥​ឆ្នាំ ហើយ​អ្នកស្រី Amon រំពឹងថា ពពួកសត្វ​ថ្មីៗ​ជាច្រើន​ទៀត ក៏ដូចជា​ប្រភេទ​សត្វ​ដទៃទៀត​នឹងត្រូវ​បាន​ស្រាវជ្រាវ​រកឃើញ​នៅក្នុង​ដំណើរ​ទៅក្នុង​ជម្រៅ​សមុទ្រ​នាពេល​អនាគត​។ អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​បាន​ពិនិត្យមើល​ទិន្នន័យ​នៅក្នុង​ឆ្នាំ​ទី​២ ហើយ​ខ្ញុំ​បានឃើញ​មាន​ប្រភេទ​ថ្មីៗ​រួចទៅហើយ​»​។​

«​សមុទ្រ​ជ្រៅ​ជា​កន្លែង​គួរ​ឲ្យ​ចង់​ទស្សនា​ជា​កន្លែង​ដែលមាន​របស់​ជាច្រើន​ដែល​គ្មាន​អ្នកណាម្នាក់​ធ្លាប់​បានឃើញ​ពីមុនមក ហើយ​របស់​ទាំងនោះ​មើលទៅ​គួរ​ឲ្យ​ចម្លែក និង​អស្ចារ្យ​ទៀតផង​។ នេះ​ជា​តំបន់​ចុងក្រោយ​ដែល​មិនទាន់​ទទួលរង​នូវ​ឥទ្ធិពល​របស់​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅឡើយ​។ ដូច្នេះ យើង​ត្រូវតែ​ប្រុងប្រយ័ត្ន ហើយ​ខ្ញុំ​សង្ឃឹមថា ការធ្វើ​ការសិក្សា​ដូចដែល​យើង​កំពុង​ធ្វើ​នេះ យើង​អាច​ផ្តល់​ទិន្នន័យ​ដែល​អាច​ប្រើប្រាស់​ដើម្បី​រៀបចំ​តំបន់​នេះ​ឲ្យ​បានល្អ​បំផុត​តាមតែ​អាចធ្វើ​បាន​»​។​

​វា​ហាក់ដូចជា​នៅមាន​ពិភពថ្មីៗ​ចម្លែកៗ​ជាច្រើន​ទៀត​នៅលើ​ផែនដី ដែល​ត្រូវមាន​ការស្រាវជ្រាវ​បន្ត​៕