រឿង​ព្រំដែន​ភាគី​យួន​បាន​ត្រឹម​ទទួលយក​សំណើ​របស់​កម្ពុជា​ទៅ​ទុកចោល​

កិច្ចប្រជុំ​រវាង​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​-​យួន កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា ពុំបាន​ទទួលលទ្ធផល​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ព្រោះ​មន្ត្រី​កិច្ចការ​ព្រំដែន​យួន​បាន​ឆ្លើយ​បដិសេធថា រាល់​សំណង់​ដែល​បាន​សាងសង់​គឺ​ធ្វើ​នៅលើ​ទឹកដី​យួន​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​សកម្មជន​ព្រំដែន​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​វាយតម្លៃថា យួន​នៅតែ​ព្យាយាម​បិទបាំង​សកម្មភាព​របស់ខ្លួន​ក្នុងការ​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​នៅតាម​តំបន់​ព្រំដែន​ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង កណ្ដាល តាកែវ និង​កំពត​ជាដើម​។ ដូច្នេះ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​យួន ត្រូវ​ពិនិត្យឡើងវិញ​ចំពោះ​ល្បិចកល​របស់​យួន ព្រោះ​តាម​ប្រវត្តិសាស្ត្រ​ក៏ដូចជា​បច្ចុប្បន្ន​យួន​មិន​លះបង់​មហិច្ឆតា​ក្នុង​ការរំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា​ឡើយ​។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​យួន និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​យួន​-​កម្ពុជា ឈ្មោះ ឡេ ហ៊​យ​ជុង បាន​អះអាង​នៅ​ចំពោះមុខ​មន្ត្រី​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ថា យួន​ទទួលយក​ការតវ៉ា​របស់​កម្ពុជា​ទាក់ទង​បញ្ហា​រំលោភ​ចូល​អធិបតេយ្យភាព​ទឹកដី​កម្ពុជា ហើយ​យួន​នឹង​ជូនដំណឹង​ត្រឡប់មកវិញ​បន្ទាប់ពី​មេដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​យួន​ធ្វើការ​សម្រេច​លើ​ដំណោះស្រាយ​ឆ្លើយតប​ចំពោះ​ការតវ៉ា​របស់​កម្ពុជា​។ ការអះអាង​របស់​មន្ត្រី​យួន ឈ្មោះ ឡេ ហ៊​យ​ជុង បែបនេះហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមអ្នកវិភាគ​វាយតម្លៃថា ភាគី​យួន​នឹង​ទទួលយក​សំណើ​របស់​កម្ពុជា​ទៅ​ទុកចោល​ដូច​កាលពីមុន​ជាមិនខាន ព្រោះ​យួន​គ្មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​ដោយ​តម្លាភាព​ឡើយ​។

ចាប់តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១១ រហូតដល់​ខែសីហា ឆ្នាំ​២០១៦ គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​និង​លិខិតតវ៉ា​រឿង​យួន​រំលោភ​ចូល​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​ព្រំដែន​មិនតិចជាង​២៣​លើក​នោះទេ​។ កិច្ចប្រជុំ​ប្រមាណ​ជាង​៥​ម៉ោង​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ គឺ​បានលើកឡើង​ពី​ការសាងសង់​ប៉ុស្ដិ៍​យាម​របស់​យួន​នៅក្នុង​តំបន់ហាមឃាត់​(​តំបន់ស​) ការសាងសង់​អគារ ការជីក​ស្រះ ការធ្វើ​ផ្លូវ​តាម​ព្រំដែន​ដែល​ខាង​ភាគី​កម្ពុជា​លើកឡើងថា យួន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​។ ទោះជា​យ៉ាងណា​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​វាយតម្លៃថា កិច្ចប្រជុំ​រវាង​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​-​យួន​នៅពេលនេះ នឹង​ពុំមាន​លទ្ធផល​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ព្រោះ​មន្ត្រី​យួន​បានត្រឹមតែ​ទទួលយក​ការតវ៉ា​របស់​ភាគី​កម្ពុជា​ទៅប្រាប​មេដឹកនាំ​ខ្លួន​ប៉ុណ្ណោះ ហើយ​បន្ទាប់មក​ភាគី​យួន​អាច​បន្ត​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​ព្រំដែន​យ៉ាង​គឃ្លើន​ដូច​មុន​ជាមិនខាន​៕

187a2fd0627b9fc1a392b17cc32613d8 449f5e7e4e7319797b1dd060783df145 1708