រមាំង៣២៣ក្បាល ងាប់ខ្ទេចក្នុងពេលតែមួយ ដោយសាររន្ទះបាញ់

ន័រវេស៖ សត្វរមាំងជាង៣០០ក្បាល បានងាប់ខ្ទេចមួយរំពេចដោយសារគ្រោះធម្មជាតិរន្ទះបាញ់មួយ នៅក្នុងឧទ្យានជាតិប្រទេសន័រវេស ហើយមន្រ្តីសត្វព្រៃបានហៅគ្រោះធម្មជាតិនេះថា ជាគ្រោះមហន្តរាយធម្មជាតិមិនធម្មតាមួយ។

ទីភ្នាក់ងារបរិស្ថានន័រវេស បានចេញផ្សាយរូបភាពដែលបង្ហាញពីសាកសពសត្វរមាំងងាប់គជើងគ្នា ដោយសាររន្ទះបាញ់លើវាលស្មៅខ្ពង់រាបនៃភ្នំ Hardangervidda ។ ទីភ្នាក់ងារនេះបាននិយាយថា សត្វរមាំងចំនួន៣២៣ក្បាលបានងាប់ រួមទាំងកូនវាចំនួន៧០ក្បាលផងដែរ ដោយក្នុងនោះមានរមាំង៥ក្បាល មិនទាន់ងាប់ភ្លាមៗទេ។ 

មន្រ្តីសត្វព្រៃបាននិយាយថា សោកនាដកម្ម គួរឲ្យសង្វេគ និងព្រឺក្បាលនេះត្រូវបានគេជឿថា បានកើតឡើងក្នុងអំឡុងពេលមានព្យុះរន្ទះមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារបរិស្ថានលោក Kjartan Knutsen បានប្រាប់សារព័ត៌មាន AP ថា វាមិនមែនជារឿងចម្លែកសម្រាប់សត្វរមាំង ឬសត្វព្រៃផ្សេងទៀតដែលត្រូវរន្ទះបាញ់ងាប់នោះទេ គ្រាន់តែយើងមិនដែលលឺចំនួនសត្វរមាំងងាប់ច្រើនបែបនេះពីមុនមក។

លោកបន្តថា សត្វរមាំងទាំងនេះទំនងជាវានៅឈរផ្តុំគ្នា ខណៈពេលដែលមានអាកាសធាតុមិនល្អ ទើបបណ្តាលឲ្យមានចំនួនងាប់ច្រើនយ៉ាងនេះក្នុងពេលតែមួយ។

គេហទំព័រ The BNO បានផ្សាយថា ចំនួនសត្វងាប់ដោយសាររន្ទះបាញ់នេះ ត្រូវបានគេជឿថា ជាចំនួនដ៏ធំបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា ដោយកាលពីឆ្នាំ២០០៥ គ្រោះធម្មជាតិរន្ទះបាញ់ដូចគ្នានេះ បានកើតឡើងនៅក្នុងប្រទេសអូស្រ្តាលី ដោយសម្លាប់សត្វគោត្រឹមតែ៦៨ក្បាលប៉ុណ្ណោះ នេះបើយោងតាមកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records)៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រមាំង៣២៣ក្បាល ងាប់ខ្ទេចក្នុងពេលតែមួយ ដោយសាររន្ទះបាញ់

រមាំង៣២៣ក្បាល ងាប់ខ្ទេចក្នុងពេលតែមួយ ដោយសាររន្ទះបាញ់

រមាំង៣២៣ក្បាល ងាប់ខ្ទេចក្នុងពេលតែមួយ ដោយសាររន្ទះបាញ់