ឆ្នាំនេះ បុណ្យសមុទ្រធ្វើនៅពេលណា?

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​ឲ្យ​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ទទួល​បាន​ជោគជ័យ​បន្ត​ទៀត​នោះ នា​ព្រឹក​ថ្ងៃ​ទី​២៩ ​សីហា នៅ​សាលាខេត្ត លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកយន្ត មីន  អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​តំណាង​ទីស្តីការ គណៈ​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ខេត្ត មន្ទីរ​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​តំណាង​ផែ្ន​ក​ឯកជន​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ បាន​ជួប​ប្រជុំ​គ្នា​ ដើម្បី​ពិភាក្សា​អំពី​ការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ ។

មន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៦​នេះ គ្រោង​រៀបចំ​ពី​ថ្ងៃ​ទី​៣០-៣១ ​ធ្នូ ឆ្នាំ​២០១៦ និង​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៧ នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​នេះ​គឺជា​លើក​ទី​០២​ផង​ដែរ សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ដែល​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀប ចំ​ពិធីបុណ្យ​សមុទ្រ បន្ទាប់​ពី​ការ​រៀបចំ​លើក​ទី​១​ប្រកបដោយ​ជោគជ័យ​កាលពី​ឆ្នាំ​២០១១ កន្លង​ទៅ ។

មន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់​ថា កិច្ចប្រជុំ​បាន​ធ្វើការ​ពិភាក្សា និង​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​សំខាន់​ៗ​ឆ្ពោះទៅ​ការ​រៀបចំ​ពិធី បុណ្យ សមុទ្រ​ឆ្នាំ​២០១៦​ខាង​មុខ មាន​ដូច​ជា ៖
ទី​១-​ការ​រៀបចំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្មី​ៗ និង​ប្រព័ន្ធ​ទឹក ភ្លើង​នៅ​ទីក្រុង
ទី​២-​ការ​រៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​ឆ្នេរ​ខ្សាច់​កម្សាន្ត​ថ្មី
ទី​៣-​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​ទីក្រុង និង​តំបន់ឆ្នេរ​កម្សាន្ត
ទី​៤-​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ ផលិតផល​ទេសចរណ៍ បដិសណ្ឋារកិច្ច​ល្អ និង​ចលនា​ប្រជាជន​រៀបចំផ្ទះ​ស្នាក់​សម្រាប់​ទេសចរ
ទី​៥-​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ឆ្នេរ​ខ្សាច់ និង​កីឡា​លើ​ទឹក
ទី​៦-​ការ​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ពិព័រណ៍​ពាណិជ្ជកម្ម ផលិតផល​ក្នុងស្រុក និង​ពិព័រណ៍​ម្ហូបអាហារ 
ទី​៧-​ការ​រៀបចំ​កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឲ្យ​ល្អ មាន​លក្ខណៈ​ពិសេស និង​មាន​ភាព​ទាក់ទាញ​ជាង​ឆ្នាំ​កន្លង​មក
ទី​៨-​ការ​រៀបចំ​សកម្មភាព​បុ​រេ​ព្រឹត្តិការណ៍ ឆ្ពោះទៅ​រក​បុណ្យ​សមុទ្រ​ដូច​ជា ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ឆ្នេរ​ស្អាត (​កែ​លំអ​សណ្តាប់ធ្នាប់ សោភ័ណ​ភាព​ទីក្រុង សណ្តាប់ធ្នាប់ សោភ័ណ​ភាព​ឆ្នេរ​ខ្សាច់​កម្សាន្ត​...) ការ​ពង្រឹង និង​បង្កើន​គុណភាព​សេវាកម្ម​ទេសចរណ៍ ការ​រៀបចំ​សិក្ខាសាលា វេទិកា​ស្តី​ពី​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ ការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរ​កីឡា​នៅ​តាម​តំបន់​ទេសចរណ៍​នានា
ទី​៩-​ការ​រៀបចំ​ជំរុញ​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ចាប់ពី​ឥឡូវនេះ​តទៅ​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ណែនាំ​ឲ្យ​គណៈ​អភិបាលខេត្ត សមត្ថកិច្ច និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ខិតខំ​រៀបចំ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ឲ្យ​បាន​ល្អ ស័ក្តិ​សមជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ការ​ប្រសិទ្ធ​នាម​ឆ្នេរសមុទ្រ​កម្ពុជា តារា​រះ​នា​ទិស​នីរ​តី ធ្វើ​យ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ក្លាយជា​ព្រឹត្តិការណ៍​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​គ្រប់​គ្រួសារ ។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ទាំងអស់​គ្នា​ត្រូវ​ចាត់​ទុក​បុណ្យ​សមុទ្រ​ជា​ឱកាស​មួយ​ដ៏​ល្អ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ទី​ក្រុងព្រះ សី ហនុ ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ ៕