សមត្ថកិច្ច​ថៃ​ត្រៀម​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​​៤​នាក់​មក​កម្ពុជា​វិញ

មន្ត្រី​ប៉ូលិស​ការ​ពារ​ព្រំដែន​គោក​ប្រចាំ​ការ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង អះអាង​ថា សមត្ថកិច្ច​ថៃ នឹង​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ៤​នាក់ ​ប្រគល់​​ឲ្យ​សមត្ថកិច្ច​កម្ពុជា វិញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា។ ពលរដ្ឋ​ទាំង ៤​នាក់​នោះ​ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ ​ឃាត់​​​ខ្លួន​ ខណៈ​ពួកគេ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ ​​ខុស​ច្បាប់​ដែល​មាន​ចម្ងាយ​ពី​ព្រំដែន​ខ្មែរ នៃ​ស្រុក​សំឡូត ប្រមាណ ១២​​គីឡូម៉ែត្រ។

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​គោល​វរលេខ​៣១០ បញ្ជាក់​ថា​ ចាប់​តាំង​ដើម​​ឆ្នាំ​២០១៦ មក ករណី​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សមត្ថកិច្ច​ថៃ ចាប់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ តាម​ច្រក​ព្រំដែន​នៃ​ស្រុក​សំឡូត​នោះ។​

​​​​​មេបញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​គោក​វរលេខ​៣១០ ប្រចាំ​ការ​នៅ​តំបន់​ព្រំដែន​ស្រុក​សំឡូត​ លោក អ៊ុក សារឹន​ ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ថា សមត្ថកិច្ច​ថៃ ​ត្រៀម​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង ​៤​នាក់​ត្រឡប់​មក​កម្ពុជា​វិញ យ៉ាង​យូរ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា។ លោក​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​ទាំង ៤​នាក់​​ក្នុង​ចំណោម ៥​នាក់ ដែល​បាន​រត់​រួច​ម្នាក់​ដោយ​ពួកគេ​​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ​មាន​ចម្ងាយ​ពី​ច្រក​ពាមតា ​​នៃ​​ឃុំ​តាតោក ​ស្រុក​សំឡូត ប្រមាណ ៥​គីឡូម៉ែត្រ ហើយ​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ ចម្ងាយ​ពី​ព្រំដែន​ខ្មែរ​ប្រមាណ ១២​​គីឡូម៉ែត្រ។

លោក​បន្ថែម​ថា​ ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា៖ «រឿង​នេះ​ដោយសារ​កន្លង​យើង​មាន​ទំនាស់​ល្អ​រវាង​សមត្ថកិច្ច​​ខ្មែរ និង​ថៃ​ ទើប​សមត្ថកិច្ច​ថៃ គេ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​មក​វិញ​ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​កម្ពុជា»

លោក អ៊ុក សារឹន ឲ្យ​ដឹង​ថា ពលរដ្ឋ​​​ទាំង ៤​នាក់​ រួម​មាន​ឈ្មោះ​ អុន ប្រុស ភេទ​ប្រុស​ អាយុ ២៣​ឆ្នាំ  លោក​ អុន ទីន​​​ អាយុ ២៤​ឆ្នាំ​ អ្នក​ទាំង​ពីរ​ជា​បង​ប្អូន​បង្កើត លោក ឡាំ ដែន អាយុ ១៨​ឆ្នាំ និង​ យុវជន ភួន លីហួរ អាយុ ១៤​ឆ្នាំ។ អ្នក​ទាំង​៤ រស់​នៅ​ភូមិ​អូរត្រែង ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី កត់សំគាល់​​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​នោះ​ ដោយសារ​ពួកគាត់​មាន​ជីវភាព​ក្រីក្រ ហើយ​ឆ្លង​ដែន​ទាំង​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ ​ក្នុង​រូបភាព​ស៊ី​ឈ្នួល​ឲ្យ​ក្រុម​នាយទុន​​រក​ស៊ី​ឈើ​ដោយ​ខុស​ច្បាប់​ដើម្បី​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

លោក យិន ម៉េងលី ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​ក្រុម​អ្នក​រក​ស៊ី​ឈើ​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ទៅ​កាប់​ស្រុក​គេ​ដោយ​ខុស​ច្បាប់​ទៀត៖ «ពួកគាត់​ទាំង​អស់​នោះ​គាត់​ប្ដូរ​អាយុ​ជីវិត​ណាស់ ដើម្បី​បញ្ហា​ក្រពះ​របស់​ខ្លួន ដោយសារ​ពួក​គាត់​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ការងារ​នេះ។ ព្រោះ​អី​ពួកគាត់​​មាន​សម្រាប់​ដាំដុះ​បន្តិចបន្តួច ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ»

មេបញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​គោក​វរលេខ​៣១០​ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ទាំង ៤​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ថៃ បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​​​ខេត្ត​ត្រាត (TRAT) ប្រទេស​ថៃ​​ ក្រោយ​ពី​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ សីហា​នោះ។ ដោយ​ឡែក​​ពលរដ្ឋ​ខ្មែរ​ចំនួន ៣៤​នាក់​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​ថៃ ឃាត់​ខ្លួន​ខណៈ​ពួកគេ​ចូល​ទៅ​កាប់​ឈើ​នៅ​ខេត្ត​បុរីរ៉ាំ ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា នោះ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ​ លោក​ ជិន ពិសិដ្ឋ បញ្ជាក់​ថា ពុំ​ទាន់​ដឹង​ពី​ទីតាំង​​ច្បាស់​លាស់ ដែល​សមត្ថកិច្ច​ថៃ ឃុំ​ខ្លួន​ពួកគេ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។