ទង្វើ​មិន​ប្រក្រតី​របស់​មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ កំពុង​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ក្លា​

​តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​តូចតាច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក ឆេង សុវត្ថិ ដែល​ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ជំនួស​លោក ចាប សុ​ផា​រិ​ទ្ធ កំពុង​ប្រើប្រាស់​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក ចាប សុ​ផា​រិ​ទ្ធ ដែល​ឡើងកាន់តំណែង​ជា​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ផែន​សេដ្ឋកិច្ច​កំពុង​ឃុបឃិត​ឲ្យ​លោក ឆេង សុវត្ថិ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវគេ​សង្ស័យថា​រង់ចាំ​ទទួលផល​ប្រយោជន៍​ពី​លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ ទើប​បណ្ដោយ​ឲ្យ​មន្ត្រីនគរបាល​២​នាក់​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

សេចក្ដីរាយការណ៍​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​សៀម បាន​ឲ្យ​ដឹងថា​លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ ឃុបឃិត​គ្នា​បង្កើត​ប៉ុស្ដិ៍​ជជុះ​ជាច្រើន​កន្លែង​ដើម្បី​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​នឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។ លើស​នេះ​ទៅទៀត​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ទំនិញ​ខូចគុណភាព និង​ដឹកជញ្ជូន​ឈើ​គ្រញូង​ជាដើម គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ នាពេល​បច្ចុប្បន្ន​។ ដូច្នេះ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ឡើងវិញ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ ព្រោះ​ពួកគេ​កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។

ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​លើកឡើងថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​មានការ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រោម​ការគ្រប់គ្រង​របស់លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ ដែលមាន​ប៉ុស្ដិ៍​ជជុះ​ជាច្រើន​កន្លែង​នោះទេ​។ លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ មិន​ចាត់វិធានការ​បង្ក្រាប​ទំ​និ​ញ​ខុសច្បាប់​ដែល​ឈ្មួញ​នាំចូល​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​ម៉ាឡៃ ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត​នោះទេ គឺ​ពួកគេ​ឃុបឃិត​ដើម្បី​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ខិលខូច​យ៉ាង​ស្ងៀមស្ងាត់​។ ហេតុនេះ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​សកម្ម​ភាពមិនប្រក្រតី​របស់លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​សកម្មភាព​រប​ស់​មន្ត្រីនគរបាល​ទាំង​២​នាក់​នេះ កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ឈ្មួញ​អាជីវករ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​៕

netsavoeurn_305លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ  W@t-20011333-300x180​លោក ចាប សុ​ផា​រិ​ទ្ធ