លោក អេង ឆៃអ៊ាង បញ្ជាក់​ពី​ស្ថានភាព​ជាក់ស្តែង​ជុំវិញ​ករណី​ចាប់ខ្លួន​លោក កឹម សុខា​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្មីៗ​នេះ បានបញ្ជាក់​ពី​ស្ថានភាព​ជាក់ស្តែង​ជុំវិញ​ករណី​ចាប់ខ្លួន ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ដោយ​ក្នុងនោះ​លោក អេង ឆៃអ៊ាង បាន​ឆ្លើយ​សំណួរ​របស់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ដូចជា​៖ ១-​តើ​ថ្ងៃទី​០៩​នេះ​បើ លោក កឹម សុខា មិន​ទៅ​តុលាការ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ​? ២-​តើន​រណា​អាចជួយ​លោក កឹម សុខា បាន​? ៣-​បើ​តុលាការ​ធ្វើបែបនេះ តើ​មាន​ស្ថាប័ន​ណា​ដាក់ទោស​លើ​គាត់​បាន​?

ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា លោក កឹម សុខា មិនអាច​គេចខ្លួន​ឡើយ ប្រសិនបើ​សមត្ថកិច្ច ចង់​នាំខ្លួន​គាត់​ទៅ​តុលាការ​មែន​នោះ​។ លោក អេង ឆៃអ៊ាង ពន្យល់ថា ការមិន​ចាកចេញ​ពី​ទីស្នាក់ការ​គណបក្ស​បែបនេះ លោក កឹម សុខា ព្រោះ​លោក​កំពុង​ធ្វើ​កូដកម្ម​នយោបាយ ក្នុង​គោលបំណង​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​។ លោក​បន្ថែមទៀតថា អំឡុងពេល​ប៉ុន្មាន​ខែ​ដែល លោក កឹម សុខា រស់នៅក្នុង​ទីស្នាក់ការ​បក្ស គឺ​ដើម្បី​បង្ហាញថា អ្វីៗ​ដែល​អ្នកកាន់អំណាច​ធ្វើ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការរំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា យើង​ដឹង​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​មធ្យោបាយ​អ្វី​ធំដុំ​ទេ​។ ដូចនេះ​គេ​អាចមក​ចាប់​ពេលណា​ក៏បាន​តែ សាធារណជន​ទាំងអស់​គប្បី​ជ្រាបថា លោក កឹម សុខា អត់​ខ្លាច​សន្តិសុខ ឬ​សមត្ថកិច្ច ហើយ​រត់​ពួន​ទេ​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ រំពឹងថា​ប្រជាពលរដ្ឋ និង​សាធារណជន​នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​ចាប់ខ្លួន​លោក​ដោយ​អយុត្តិធម៌​ដាច់ខាត​។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៣០ សីហា នេះ គឺមាន​រយៈពេល​បី​ខែ​ហើយ ដែល​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ស្នាក់នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​រង​ការចាប់ខ្លួន​ក្រោម​បទ​ចោទ បដិសេធ​ក្នុងការ​ចូលខ្លួន​តាម​កា​រ​កោះហៅ​ពី​សំណាក់​តុលាការ​។ ជុំវិញ​បញ្ហា​ខាងលើនេះ សាធារណមតិ​ជាតិ និង​អន្តរជាតិ បាន​ចាត់ទុកថា ប្រព័ន្ធតុលាការ​កម្ពុជា​ត្រូវបាន​អ្នកកាន់អំណាច​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ធ្វើ​ទុក​បុក​ម្នេញ​ឥតឈប់ឈរ​មកលើ​មេដឹកនាំ និង​សកម្មជន​គណបក្សជំទាស់ ព្រមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​នឹង​នាំ​ឲ្យ​ស្ថានភាព នយោបាយ​កាន់តែ​តានតឹង ហើយ​ការបោះឆ្នោត​ខាងមុខ​នឹង​គ្មាន​ភាពយុត្តិធម៌​ឡើយ​៕

13669633_823898994378731_8854105072878234991_n