ទំហំ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​រវាង​កម្ពុជា និង​ឥណ្ឌា​កំពុង​រីក​លូតលាស់

រាជធានី​ភ្នំពេញ ៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ឥណ្ឌា បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​នៅ​មាន​សក្តានុពល​សំខាន់​ៗ​ជា​ច្រើន​ទៀត​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ។

ប្រទេស​ឥណ្ឌា​បាន​ដាក់​គម្រោង​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​តាំងពី​ឆ្នាំ​២០០៨​មក ដែល​បាន​ជំរុញ​ឲ្យ​មានការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​ឥណ្ឌា ។ បើ​សម្លឹង​មើលទៅ​លើ​ទំហំ ឱកាស ទេព​កោសល្យ ឧស្សាហកម្ម និង​ផ្នែក​ឯកទេស ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កើនឡើង​បន្ថែម​ទៀត ។

យោង​តាម​ទស្សនាវដ្តី Forbe បាន​រាយការណ៍​ថា ឥណ្ឌា និង​កម្ពុជា មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​លឿន​ជាងគេ​ក្នុង​អាស៊ី ។ ក្រសួងពាណិជ្ជកម្ម​របស់​កម្ពុជា និយាយ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ឥណ្ឌា និង​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ គឺ​ស្មើនឹង​ប្រមាណ​៣៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

សភាពាណិជ្ជកម្ម​របស់​ឥណ្ឌា (ICC) ក៏​បាន​និយាយ​ថា ប្រទេស​កម្ពុជា​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថានទូត​ឥណ្ឌា ដើម្បី​ជំរុញ​ឲ្យ​មានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក្នុង​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា ។ ICC ក៏​កំពុង​តែ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

ដោយឡែក ចំពោះ​ទំនាក់ទំនង​ដៃគូ​ពិភាក្សា​រវាង​អាស៊ាន និង​ប្រទេស​ឥណ្ឌា បាន​រីក​លូតលាស់​ជា​លំដាប់ គឺ​ពី​ដៃគូ​ពិភាក្សា​តាម​វិស័យ​ក្នុង​ឆ្នាំ​១៩៩២ ទៅ​ជា​ដៃគូ​ពិភាក្សា​ពេញលេញ​ក្នុង​ខែធ្នូ ឆ្នាំ​១៩៩៥ ។ ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​បាន​លូតលាស់​បន្ថែម​ទៀត​តាម​រយៈ​កិច្ចប្រជុំ​រវាង​អាស៊ាន និង​ឥណ្ឌា ក្នុង​ឆ្នាំ​២០០២ ដែល​បាន​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។

តាំងពី​ពេល​នោះ​មក កិច្ចប្រជុំ​រវាង​អាស៊ាន និង​ឥណ្ឌា​បាន​បន្ត​មាន​ជា​រៀង​រាល់​ឆ្នាំ ។ ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​នេះ បាន​កើតឡើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ ដែល​ពិតជា​បង្ហាញ​ឲ្យ​ឃើញ​ពីសារ​សំខាន់​នៃ​ភាព​ជា​ដៃគូ​ក្នុង​ការ​ពិភាក្សា​សម្រាប់​អាស៊ាន និង​ឥណ្ឌា និង​សកម្មភាព​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ការ​សហការ​គ្នា​នេះ ។

ក្នុង​កិច្ចប្រជុំ​ទី​១៣ រវាង​អាស៊ាន និង​ឥណ្ឌា ដែល​បាន​ធ្វើ​ឡើង​ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួ នា​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ អ្នកដឹកនាំ​របស់​អាស៊ាន​បាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​របស់​ឥណ្ឌា ដែល​មានឈ្មោះ​ថា «​គោលនយោបាយ​ងាក​មក​កើត​» (Act East Policy) និង «​ផលិត​ក្នុង​ប្រទេស​ឥណ្ឌា​» (Make in India) ។ ចូរ​កត់​សម្គាល់ថា ការ​ផ្តួចផ្តើម​ទាំង​ពីរ​នេះ គឺ​ដើរ​ទន្ទឹម​គ្នា​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការ​បង្កើត​ឲ្យ​មាន​សហគមន៍​អាស៊ាន ។ ហេតុនេះ អ្នកដឹកនាំ​ក្នុង​អាស៊ាន​បាន​ជំរុញ​ឲ្យ​ប្រទេស​ឥណ្ឌា​សហការ​ជាមួយ​អាស៊ាន ដើម្បី​ឲ្យ​ស្រប​នឹង​ទស្សនវិស័យ និង​គោលដៅ​ដែល​បាន​ដាក់​បញ្ចូល​ក្នុង​គម្រោង ASEAN 2025: Forging Ahead Together ។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ឥណ្ឌា ឃើញ​ថា ទំហំ​នៃ​លំហូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​អាស៊ាន និង​ឥណ្ឌា គឺ​បន្ត​មាន​ក្នុង​កម្រិត​ទាប​នៅឡើយ បើ​ធៀប​នឹង​ដៃគូ​ពិភាក្សា​ដទៃ​របស់​អាស៊ាន ។ ក្នុង​រវាង​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​២០០៣ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន និង​ឥណ្ឌា បាន​កើនឡើង​ក្នុង​អត្រា​ប្រចាំឆ្នាំ​ប្រមាណ១១,២% (​ពី​២,៩​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩៩៣ ទៅ​ដល់​១២,១​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០០៣) ។

ក្នុង​កិច្ចប្រជុំ​ទី​១០ រវាង​អាស៊ាន និង​ឥណ្ឌា ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ អ្នកដឹកនាំ​ទាំងអស់​បាន​ដាក់​គោលដៅ​នៃ​ការ​ធ្វើ​យន្តការ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ដល់​១០០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៥ ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៥ យន្តការ​ពាណិជ្ជកម្ម​សរុប គឺ​បាន​ត្រឹមតែ​៥៨,៧​ប៊ី​លាន​ប៉ុណ្ណោះ ដែល​តិច​ជាង​ឆ្នាំ​២០១៤ គឺ​១៣,២៩% (​ឆ្នាំ​២០១៤ ទទួល​បាន​៦៧,៧​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ។ ជាមួយ​គ្នា​នេះ​ដែរ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ពី​ឥណ្ឌា​បាន​កើនឡើង​ដល់​ទៅ​៩៨% (​ពី​៦០៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៤ ដល់​១,២​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៥) ៕