ក្រុម​រាំ Polarix តំណាង​កម្ពុជា​ទៅ​ប្រកួត​រាំ​លក្ខណៈ​អន្តរជាតិ​នៅ​ថៃ

“Seacon Street Int’l Challenge the Princess Cup” កាល​ពី​ដើម​ឆ្នាំ​២០១៦​នេះ បាន​ប្រកាស​ពី​ព្រឹត្តិការណ៍​ប្រកួត​រាំ​ “Asia Hip Hop Jam 2016″ របស់​ខ្លួន​នៅ​ប្រទេស​ថៃ ដោយ​ទទួល​យក​វីដេអូ​ប្រឡង​រាំ​ពី​បណ្ដា​ប្រទេស​នានា​នៅ​ជុំវិញ​តំបន់​អាស៊ី ដើម្បី​ជ្រើសរើស​បេក្ខភាព​ ១០ ក្រុម​ចុង​ក្រោយ​មក​ប្រកួត​ផ្ដាច់​ព្រ័ត្រ នៅ​ខែ​កញ្ញា ខាង​មុខ​នេះ។

 

ក្រុម​រាំ Polarix គឺ​ជា​ក្រុម​រាំ​តែ​មួយ​គត់​ពី​កម្ពុជា​ដែល​ត្រូវ​គេ​ជ្រើស​រើសឲ្យ​ចូលរួម​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ បន្ទាប់​ពី​ផ្ញើ​វីដេអូ​ប្រឡង​រាំ​ដោយ​បង្កើត​ក្បាច់រាំ original ផ្ទាល់​ខ្លួន។ សមាជិក​ក្រុម Polarix ទាំង៩​នាក់ ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ដោយ​សាលា​បង្រៀន​បណ្ដុះ​បណ្ដាល​​សិល្បៈ Cambodia Stars Academy (សៀមរាប)។ ដោយ​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ​រយៈ​ពេល ៥ ម៉ោង​ក្នុង​មួយ​ថ្ងៃ​រួម​ជាមួយ​គ្រូ​បង្ហាត់​រាំ​ពី​ជប៉ុន ក្រុម Polarix ជឿជាក់​ថា​នឹង​​ក្លាយ​ជា​ក្រុម​រាំ​ដ៏​ឆ្នើម​ដែល​តំណាង​ឱ្យ​កម្ពុជា​ និង​​ជួយ​នាំ​យក​វិស័យ​នេះ​វិវត្ត​ឡើង​ទៅ​កម្រិត​ថ្មី​មួយ​ទៀត។

 

ក្រុម​រាំ Polarix តំណាង​កម្ពុជា​ទៅ​ប្រកួត​រាំ​លក្ខណៈ​អន្តរជាតិ​នៅ​ថៃ

 

ព្រឹត្តិការណ៍ “Asia Hip Hop Jam 2016″ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់ ១១ កញ្ញា ខាង​មុខ​នេះ នៅទីលាន Seacon Square នៃ​​ទីក្រុង​​បាងកក ប្រទេស​ថៃ ដោយ​មាន ១០ ក្រុម​មក​ពី​កូរ៉េខាងត្បូង តៃវ៉ាន់ ហ្វីលីពីន កម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និង​ថៃ​ជា​ម្ចាស់​ផ្ទះ។

 

នេះ​ជា​កម្មវិធី​ប្រកួត​លើក​១០ ហើយ ខណៈ​ពាន​រង្វាន់​ជយលាភី​លេខ១ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១០០ ០០០ បាត, លេខ​២ ទទួល​បាន ៧០ ០០០ បាត និង​លេខ​៣ ទទួល​បាន ៥០ ០០០ បាត។ នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់​ព្រ័ត្រ គឺ​ថ្ងៃ​ទី​១១ កញ្ញា ក៏​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ប្រទេស​ថៃ​ផង​ដែរ៕

 

 

ក្រុម​រាំ Polarix តំណាង​កម្ពុជា​ទៅ​ប្រកួត​រាំ​លក្ខណៈ​អន្តរជាតិ​នៅ​ថៃ

 

ក្រុម​រាំ Polarix តំណាង​កម្ពុជា​ទៅ​ប្រកួត​រាំ​លក្ខណៈ​អន្តរជាតិ​នៅ​ថៃ

 

អត្ថបទ៖ ដៃគូ​សហការ