រឿងអាស្រូវ​របស់លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ ត្រូវបាន​លាតត្រដាង​

មន្ត្រីរាជការ​មួយចំនួន​បម្រើ​ការងារ​នៅ​សាលាខណ្ឌ​សែន​សុខ បាន​អំពាវនាវ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យមើល​រឿងអាស្រូវ​បក្ខពួកនិយម គ្រួសារនិយម​ហួសហេតុ​របស់លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ​ជាបន្ទាន់​។ ប្រភពពី​មន្ត្រី​សាលាខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក ប៉ឹ​ល កុសល ចូលកាន់​តំណែង​ជា​អភិបាលខណ្ឌ​សែន​សុខ ជំនួស​លោក លី សា​វេត រួចមក​គឺ​លោក ប៉ឹ​ល កុសល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​យក​សាច់ញាតិ​មួយចំនួន​ដែល​មិនមែនជា​មន្ត្រីរាជការ​សាលាខណ្ឌ​ឲ្យ​ទៅកាន់​មុខតំណែង​សំខាន់ៗ ដើម្បី​ប្រមូល​ផលប្រយោជន៍​សេដ្ឋកិច្ច​គ្រប់​ច្រកល្ហក​។ មានន័យថា​លោក ប៉ឹ​ល កុសល កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​ចំណូល​សេដ្ឋកិច្ច​ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ​យ៉ាង​ក្រអឺតក្រទម ហើយ​ការប្រើប្រាស់​សាច់ញាតិ​របស់ខ្លួន​គឺ​ដើម្បី​រក្សា​ការសម្ងាត់​អំពី​ចំណូល​។

មន្ត្រី​សាលាខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​លោក ប៉ឹ​ល កុសល ទទួលបាន​តំណែង​ជា​អភិបាលខណ្ឌ​សែន​សុខ គឺ​មិន​យកចិត្តទុកដាក់​ដល់​ម​ន្ត្រី​ក្រោម​ឱវាទ​ដូច​ពេលដែល​លោក លី សា​វេត នៅ​ធ្វើជា​អភិបាលខណ្ឌ​នោះឡើយ​។ មន្ត្រី​ជំនាញ​មួយចំនួន​ត្រូវបាន​លោក ប៉ឹ​ល កុសល ទុកចោល​ហើយ​ប្រើប្រាស់​សាច់ញាតិ​របស់ខ្លួន​ដែល​មិនមែនជា​មន្ត្រីរាជការ​ក្នុង​សាលាខណ្ឌ​សែន​សុខ ឲ្យ​ក្ដោប​ក្ដាប់​ប្រភព​ចំណូល​សេដ្ឋកិច្ច​សព្វបែបយ៉ាង​។ ប្រការ​នេះហើយ​ដែល​មន្ត្រី​ជំនាញ​តាម​ផ្នែក​ផ្សេងៗ​ក្នុង​សាលាខណ្ឌ​សែន​សុខ ត្រូវ​អត់​ការងារ​ធ្វើ​ព្រោះ​លោក ប៉ឹ​ល កុសល ប្រមូល​ការងារ​ទាំងនោះ​ឲ្យ​សាច់ញាតិ​របស់ខ្លួន​គ្រប់គ្រង​និង​រក​ចំណូល​យ៉ាង​រលូន​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៉ឹ​ល កុសល បាន​បើក​កកាយ​ថា អភិបាលខណ្ឌ​សែន​សុខ​រូបនេះ បាន​យក​ប្អូនបង្កើត​របស់ខ្លួន​ឈ្មោះ ប៉ឹ​ល តារា ឲ្យ​ទទួល​តួនាទី​ជា​អ្នកគ្រប់គ្រង​ផ្នែក​សំណង់ ចំណែក​ក្មួយ​គាត់​ម្នាក់ទៀត​ឲ្យ​កាន់តំណែង​ជា​នាយក​រដ្ឋបាល​សាលាខណ្ឌ ហើយ​សាច់ញាតិ​ម្នាក់ទៀត​ឲ្យ​ធ្វើជា​ប្រធាន​សណ្ដាប់ធ្នាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្មួយ​ខាង​ប្រពន្ធ​របស់លោក ប៉ឹ​ល កុសល ត្រូវបាន​ឲ្យ​ធ្វើការ​ជា​ជំនួយការ​របស់លោក​អភិបាលខណ្ឌ​តែម្តង ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ឯកសារ​សព្វបែបយ៉ាង​។ សរុបមក​សាច់ញាតិ​លោក ប៉ឹ​ល កុសល ប្រមាណ​១០​នាក់​កំពុងធ្វើការ​ងារ​នៅ​សាលាខណ្ឌ​សែន​សុខ ហើយ​គ្រប់គ្រង​ចំណូល​ទាំងស្រុង​ដូចជា ការដើរ​ប្រមូល​លុយ​ពី​អាជីវករ ពី​ទីតាំង​សិប្បកម្ម​ផ្សេងៗ ពី​ការរត់​ការ​ឯក​សារស​ព្វ​បែបយ៉ាង ជាពិសេស​ទាក់ទង​ទៅនឹង​វិស័យ​សំណង់​។ ដូច្នេះហើយ​ទើប​មន្ត្រី​សាលាខណ្ឌ​សែន​សុខ ស្នើសុំ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ​ជាបន្ទាន់ ព្រោះ​អភិបាលខណ្ឌ​រូបនេះ​មិនសូវ​គិតពី​ទុក្ខលំបាក​ឬ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ឡើយ ហើយ​បែរជា​ប្រឹងប្រែង​រក​ចំណូល​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​៕

16850424055_bf6aa4f901_oលោក​ ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ Pic234លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ