​​រឿង​បាឡាត់​គណៈ​ខេត្ត​ចាប់​ព្រះសង្ឃ​ផ្សឹក និងបិទវត្ត​អង្គប្ញស្សី

ខេត្តស្វាយរៀង ៖​ លោក​ស៊ុំ​ សុ​ជាតិ អភិបាលរង​ខេត្ត​បាន​ដឹកនាំ​ប្រតិភូ ធ្វើការ​ចុះ​សម្របសម្រួល​ដោះស្រាយ​រឿង​ព្រះ​បាឡាត់​​គណ​ខេត្ត មុំ​ សយ បញ្ជា​ឱ្យមន្ត្រី​សង្ឃ​ អា​ជ្ញា​ធរ ​និង​កម្លាំងប្រដាប់អាវុធ ទៅ​ចាប់​ព្រះ​ចៅអធិការ​វត្ត​អង្គប្ញ​ស្សី ព្រះ​នាម​ ភ្លុក សុខ​ខឿន
និង​​ចាប់​ជម្លៀសព្រះសង្ឃ​ចេញពី​វត្ត ហើយ​បិទវត្ត​អង្គ​ប្ញ​ស្សីមិន​បាន​សម្រេច ធ្វើ​ឱ្យ​ប្រជា​ពុទ្ធ​បរិ​ស័ទចំណុះជើងវត្ត ​នាំ​គ្នា​ទៅ​តវ៉ាសុំ​ឲ្យ​លោក​អភិបាលខេត្ត​រក​យុត្តិធម៌ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ទាំង​មិន​អស់​ម​ន្ទិល ​។

​អាជ្ញាធរ​ខេត្ត​ចុះ​ដោះស្រាយ​ ​ធ្វើឡើង​កាលពីរ​វេលា​ម៉ោង​០២​ និង​៣០​នាទី​រសៀល រហូត​ដល់​ម៉ោង​ជិត​០៥ល្ងាច​ថ្ងៃ​ទី​២៩ ​សីហា​២០១៦​ ស្ថិតនៅ​វត្ត​អង្គប្ញ​ស្សី ​ក្នុង​ភូមិ​អង្គ​ប្ញ​ស្សី ​ឃុំ​ស្វាយ​ធំ ​ស្រុក​ស្វាយ​ជ្រំ ដោយ​មានការ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត​ ស្រុក​ អភិបាលរង​ស្រុក ព្រមទាំង​គណៈ​ក​ម្មា​ការ អាចារ្យវត្ត​ ប្រជា​ពុទ្ធបរិស័ទ​ជិត​២០០​នាក់ ​។

​លោក​ស៊ុំ​ សុ​ជាតិ​ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ប្រជា​ពុទ្ធ​បរិ​ស័ទ​ថា ការ​ដែល​លោក​បាឡាត់​គណៈ​​ខេត្ត​មុំ​ សយ បញ្ជាឱ្យ​មន្ត្រី​សង្ឃ និង​កងកម្លាំងប្រដាប់អាវុធ​ចុះ​មក​ចាប់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​នាម ភ្លុក ​សុខ​ខឿន ផ្សឹក និង​ចាប់​ជម្លៀស​​ព្រះសង្ឃ​ចេញពី​វត្ត ហើយ​បិទ​វត្ត​អង្គប្ញ​ស្សី​នេះ គឺជា​ការ​ខុសច្បាប់​ ។

​ដោយ​យោង​តាម​ការ​តែងតាំង​ជា​ព្រះ​ចៅអធិការ​វត្ត​អង្គ​​ប្ញ​ស្សី​នេះ គឺ​តែងតាំង​ដោយ​សម្តេច​សង្ឃ ។ ដូច្នេះ​ ការ​ចាប់​ផ្សឹក​ និងការ​ជម្លៀសសង្ឃ​ចេញពីវត្ត ​ឬ​បិទ​វត្ត​នេះ​ មិន​អាច​ធ្វើ​ឡើង​ត្រឹម​ព្រះ​បាឡាត់ខេត្ត​ ឬ​មេគណ​ស្តីទី​ខេត្ត​នោះ​ទេ ត្រូវ​តែ​ស្នើ​សុំ​តាម​រយៈ​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត ស្នើ​ទៅ​ក្រសួង​ធម្មការ ​និង​សាសនា និង​ស្នើ​សុំ​ទៅ​សម្តេច​ព្រះសង្ឃ ទើប​ដកហូត​ឬ​ផ្សឹក​បាន ។

ដោយ​យោង​ថា សង្ឃ​អង្គ​នោះ​​មាន​កំហុស​ក្នុង​ព្រះ​វិ​ន​យ័​ផង ​ក៏​ប៉ុន្តែព្រះ​អង្គ ភ្លុក ​សុខ​ខឿន ព្រះ​ចៅអធិការ​វត្ត​អង្គ​ឬ​ស្សី គ្មាន​កំហុស​សោះ ដោយ​​លោក​បាឡាត់​គណៈខេត្ត​យក​រឿង​ចោទប្រកាន់​របស់​ម្ចាស់​គ្រឿងសំណង់ថា គណៈ​ក​ម្មការ​សាងសង់ ព្រះ​វិហារ និង​សមិទ្ធផលក្នុង​វត្ត នៅ​ជំពាក់​ថ្លៃ​គ្រឿងសំណង់​រហូត​៤១​លាន​រៀល តាំងពី​ព្រះ​ចៅអធិកា​មុន ហើយ​មក​ចាប់បង្ខំ​ឲ្យ​ព្រះ​ចៅអធិការ​ថ្មី​សង ដោយ​គ្មាន​វិក្កយ​ប​ត្រ ទិញ​លក់​ទាល់តែ​សោះ​ ។