បុគ្គល​ជោគជ័យ​តែងតែ​បដិសេធ​ទ​ង្វើ​18​ចំណុច

តាម​ការ​សង្កេត បុគ្គល​ជោគជ័យ​មាន​២០​ចំណុច​ដែល​ពួក​គេ​តែងតែ​បដិសេធ​មិន​ធ្វើ ។ យើង​សាកល្បង​មក​មើល​ថា មាន​អ្វីខ្លះ ។

១-​មិន​ចាប់ផ្តើម​ដោយ​ខុស​ពី​ផែនការ ៖
ពួក​គេ​បាន​ផ្តោត​លើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ឱ្យ​សម្រេច ។ ពួក​គេ​មាន​ទាំង​របៀប វិន័យ និង​ភាព​ឈ្លាសវៃ​សម្រាប់​បែងចែក​ពេលវេលា​របស់​ខ្លួន​ផង​ដែរ ដូច​ជា​បញ្ជី​ត្រូវធ្វើ (To-Do-List) ដើម្បី​មិន​ឱ្យ​បាត់បង់​រឿង​សំខាន់​ៗ ។

២-​មិន​យក​ខ្លួន​ទៅ​ក្បែរ​អ្នកមាន​គំនិត​អវិជ្ជមាន ៖
អ្នក​ដែល​មាន​ឥរិយាបថ​អវិជ្ជមាន និង​ចូល​ចិត្ត​តវ៉ា​គ្រប់​រឿង​ទាំងអស់ ជា​ក្រុម​មនុស្ស​ដែល​បុគ្គល​ជោគជ័យ​មិន​ចង់​នៅ​ក្បែរ​ជា​ដាច់ខាត ព្រោះ​ការ​នៅ​ក្បែរ​មនុស្ស​ប្រភេទ​នេះ គឺ​មាន​តែ យក​ភាព​អវិជ្ជមាន​មក​ដាក់​ក្នុង​ខ្លួន ។ បុគ្គល​ជោគជ័យ​រមែងតែ​នាំ​ខ្លួនឯង​ទៅ​ទីកន្លែង​ដែល​គិត​វិជ្ជមាន និង​អ្នក​ដែល​អាច​បំផុសគំនិត​ដល់​ពួក​គេ ។

៣-​មិន​គិត​ថា ភាព​លំបាក​គឺជា​បញ្ហា ៖
នៅ​ពេល​បុគ្គល​ជោគជ័យ​ជួបនឹង​ឧបសគ្គ ពួក​គេ​នឹង​មើលឃើញ​ថា នេះ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ឱ្យ​បាន ហើយ​ពួក​គេ​នឹង​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ និង​កាន់តែ​រឹង​មាំ​ឡើង ។

៤-​មិន​បណ្តោយ​ឱ្យ​ភាព​បរាជ័យ​មក​រារាំង ៖
បុគ្គល​ជោគជ័យ​នឹង​សម្លឹង​ឃើញ​ថា ភាព​បរាជ័យ គឺជា​ឱកាស​ដែល​អាច​រៀនសូត្រ និង​ចម្រើន​លូតលាស់ ។ ពួក​គេ​ជឿ​ថា មិន​ថា​នឹង​បរាជ័យ​ប៉ុន្មាន​ដង គឺ​ត្រូវ​ក្រោក​ឡើង​ឱ្យ​បាន ទើប​កាន់តែ​រឹង​មាំ​លើស​ដើម ។

៥-​មិន​យក​បញ្ហា​មក​ទាញ​ខ្លួន​ឱ្យ​ធ្លាក់​ចុះ ៖
នៅ​ពេល​ជួប​បញ្ហា ពួក​គេ​ចៀសវាង​មិន​ផ្តោត​តែ​លើ​បញ្ហា​តែ​ម្យ៉ាង​នោះ​ទេ គឺ​ពួក​គេ​មើលទៅ​លើ​សកម្មភាព និង​ធ្វើ​ឱ្យ​ស្ថានការណ៍​ល្អ​ប្រសើរ​ឡើង​វិញ ។

៦-​មិន​ព្រមឱ្យ​ការ​សម្រេចចិត្ត​របស់​អ្នក​ដទៃ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ខ្លួន​ឡើយ ៖
បុគ្គល​ជោគជ័យ​មិន​បណ្តោយ​ឱ្យ​ការ​សម្រេចចិត្ត ឬ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ​ប៉ះពាល់​មក​លើ​ខ្លួន​ឡើយ ព្រោះ​ពួក​គេ​ដឹង​យ៉ាង​ច្បាស់​ថា រូបគេ​មាន​តម្លៃ និង​ជំហរ​រឹង​មាំ ។ ម្យ៉ាងទៀត ពួក​គេ​ដឹង​ថា ពួក​គេ​មានជីវិត​រស់នៅ​ដើម្បី​អ្វី និង​កំពុង​ស្វែងរក​អ្វី ដោយ​មាន​ក្រិត​ក្រម​នៅ​ក្នុង​ចិត្ត ដើម្បី​ទៅ​ដល់​គោលដៅ​របស់​ខ្លួន ។

៧-​មិន​បន្ទោស​អ្នក​ដទៃ ៖
បុគ្គល​ជោគជ័យ​ទទួលខុសត្រូវ​ជាមួយនឹង​កំហុស​របស់​ខ្លួន នៅ​ពេល​មាន​អ្វី​ខុសធម្មតា​កើតឡើង ពួក​គេ​នឹង​ទទួលខុសត្រូវ ព្រមទាំង​ដោះស្រាយ​វា ។

៨-​មិន​ច្រណែន​អ្នក​ដទៃ​ដែល​ទទួល​បាន​ជោគជ័យ ៖
ពួក​គេ​ជឿ​ថា នឹង​ទទួល​បាន​ជោគជ័យ​បែប​នេះ​ដូច​គ្នា ហើយ​នៅ​ពេល​មាន​អ្នក​ទទួល​ជោគជ័យ​កាន់តែ​ច្រើន ពិភពលោក​នឹង​កាន់តែ​គួរ​ឱ្យ​ចង់​រស់នៅ ។ ការ​ដែល​ឃើញ​ភាព​ជោគជ័យ​របស់​អ្នក​ដទៃ មិន​បាន​ធ្វើ​ឱ្យ​ពួក​គេ​ច្រណែន​នោះ​ទេ ប៉ុន្តែ​បែរ​មាន​អារម្មណ៍​ថា ជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ច្រើន​ជាង ។

៩-​មិន​បដិសេធ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ៖
មិន​ថា​ត្រូវធ្វើ​ការងារ​លំបាក​ប៉ុនណា បុគ្គល​ជោគជ័យ​មិន​ភ្លេច​ផ្តល់​ភាព​សំខាន់​ដល់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ឡើយ ដូច​ជា ក្រុម​គ្រួសារ របស់​ខ្លួន ព្រោះ​ភាព​ជោគជ័យ​ពិតប្រាកដ គឺ​ចាប់ផ្តើម​ពី​ខាងក្នុង​ទៅ ។

១០-​មិន​ភ្លេច​រីករាយ​ជាមួយនឹង​ជីវិត ៖
បុគ្គល​ជោគជ័យ​ដឹង​យ៉ាង​ច្បាស់​ថា ការ​ធ្វើការ​ដោយ​ប្រាសចាក​ពី​ភាព​រីករាយ គឺជា​រឿង​ដែល​គ្មាន​តម្លៃ ។ ភាព​ជោគជ័យ គួរតែ​កើតឡើង​ពី​ការ​ធ្វើការ​ដែល​បង្កើត​ក្តី​រីករាយ​បាន​ក្នុង​ពេល​ដូច​គ្នា និង​ដឹង​ថា ពេល​ណា​ដែល​គួរ​សម្រាក ឬ​ការ​លេង​ក៏​មាន​សារសំខាន់​ផង​ដែរ ។

១១-​មិន​មើល​រំលង​រឿង​សុខភាព ៖
ភាព​ជោគជ័យ​ពិតប្រាកដ​របស់​ក្រុម​មនុស្ស​ទាំងនេះ​កើត​ចេញពី​មាន​សុខភាព​ល្អ ដែល​ធ្វើ​ឱ្យ​ខួរក្បាល​ស្រឡះ​ល្អ និង​មាន​កម្លាំង​ពេញ​ខ្លួន ។

១២-​មិន​កំណត់​គោលដៅ​ស្រពេចស្រពិល ៖
បុគ្គល​ទាំងនេះ​ដឹង​យ៉ាង​ច្បាស់​ថា ត្រូវការ​អ្វី​ក្នុង​ជីវិត និង​នៅ​ពេល​ដឹង​ច្បាស់លាស់​ហើយ ក៏​ធ្វើ​តាម​ក្តី​សុបិន​ដោយ​មិន​បញ្ឈប់ ។ ក្តី​សុបិន ប្រៀប​ដូច​ជា​អ្នក​ដើរ​តាម​ផ្លូវ​ទៅ​រក​ចំណុច​នោះ​នៅ​ពេល​ណាមួយ ។

១៣-​មិន​គ្រាន់តែ​និយាយ តែ​អនុវត្ត​ផ្ទាល់ ៖
ជំនួស​ឱ្យ​គ្រាន់តែ​និយាយ ឬ​រិះគន់​អ្នក​ដទៃ ពួក​គេ​បាន​ធ្វើ​វា​ឱ្យ​កើតឡើង​តែ​ម្តង ។

១៤-​មិន​បណ្តោយ​ឱ្យ​ខ្លួន​ក្លាយជា​ជន​រង​គ្រោះ ៖
បុគ្គល​ទាំងនេះ​មិន​ព្រមឱ្យ​ខ្លួនឯង​ក្លាយជា​ជន​រង​គ្រោះ​ពី​អំពើ​របស់​អ្នក​ដទៃ​ឡើយ ។ ពួក​គេ​ឈ្លាសវៃ​ក្នុង​ការ​ចៀសវាង​ពី​មនុស្ស​មិនល្អ ឬ​ស្ថានការណ៍​អាក្រក់ ។

១៥-​មិន​នៅ​ជាមួយ​អតីតកាល ៖
ពួក​គេ​នឹង​មិន​ព្រមឱ្យ​អតីតកាល​មក​ធ្វើ​ជា​ឧបសគ្គ​ក្នុង​ជីវិត​ឡើយ ព្រោះ​ប្រសិនជា​ប្រើ​ជីវិត​ជាមួយ​អតីតកាល ក៏​នឹង​គ្មាន​ក្តី​សុខ​ក្នុង​ពេល​បច្ចុប្បន្ន​ដែរ ។

១៦-​មិន​ទប់ទល់​នឹង​ការ​ផ្លាស់​ប្តូរ ៖
ផែនការ យុទ្ធសាស្ត្រ ឬ​យុទ្ធវិធី​ផ្សេង​ៗ​អាច​ផ្លាស់​ប្តូរ​បានជា​និច្ច បុគ្គល​ជោគជ័យ​អាច​សម្រប​តាម​កាលៈទេសៈ​បាន​រហូត ព្រោះ​ពួក​គេ​ជឿ​ថា នៅ​មាន​ផ្លូវ​ជា​ច្រើន​ដើម្បី​ទទួល​បាន​ជោគជ័យ ។

១៧-​មិន​បញ្ឈប់​ការ​រៀនសូត្រ ៖
មិន​ថា​អាយុ​ប៉ុន្មាន​ក៏​ដោយ ពួក​គេ​មិន​បញ្ឈប់​ការ​រៀនសូត្រ​ឡើយ ព្រោះ​ជឿជាក់​ថា គ្មាន​អ្នក​ណា​ម្នាក់​ដឹង​គ្រប់យ៉ាង អាច​ការ​បំផុសគំនិត​ឡើង​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ឡើយ ។ ដូច្នេះ កុំ​ធ្វើខ្លួន​ជា​កែវ​ដែល​មានទឹក​ពេញ តែ​ចូរ​ធ្វើខ្លួន​ជា​កែវ​ដែល​មានទឹក​កន្លះ ដែល​នៅ​សល់​កន្លះ​ទៀត​ជា​កន្លែង​ទំនេរ​ដើម្បី​រៀនសូត្រ​ជា​និច្ច ។

១៨-​មិន​បញ្ចប់​ដោយ​គ្មាន​ការ​អរគុណ ៖
មិន​ថា​ជា​រឿង​តូច​ឬ​ធំ បុគ្គល​ជោគជ័យ​នឹង​មាន​អារម្មណ៍​អរគុណ​នឹង​អ្វី​គ្រប់យ៉ាង​នៅ​ក្បែរ​ខ្លួន ដែល​ធ្វើ​ឱ្យ​ពួក​គេ​មានជីវិត​ដល់​សព្វ​ថ្ងៃនេះ​។ ពួក​គេ​ចូល​ចិត្ត​អ្នកគាំទ្រ​ជា​និច្ច ហើយនឹង​អាច​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ភាព​វិជ្ជមាន និង​គំនិតល្អ ៕