សារធាតុ​វិទ្យុសកម្ម​បន្ត​សម្លាប់​ត្រី​ក្នុង​សមុទ្រ​នៅ​ប្រទេស​វៀតណាម

ប្រទេស​វៀតណាម ៖ មូលហេតុ​ពីក្រោយ​ការ​ងាប់​ត្រី​ជា​ច្រើន​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​រក​ឃើញ​ថា មាន​ក្រុមហ៊ុន​ផលិត​ដែកថែប Formosa Ha Tinh Steel (FHS) ជាដើម​ហេតុ​ក្នុង​ការ​ចាក់​ធាតុ​ពុល​ចូល​ទៅ​ក្នុង​សមុទ្រ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ធាតុ​ពុល​នៅ​តែ​បន្ត​សម្លាប់​ត្រី​តទៅ​ទៀត ។

ប្រហែលជា​មនុស្ស​មួយ​ចំនួន​គិត​ថា លទ្ធផល​នៃ​រឿង​មួយ​នេះ​អាច​នាំ​ឲ្យ​មានការ​សហការ​គ្នា​ផ្នែក​បរិស្ថាន​រវាង​សហគ្រាស និង​សមត្ថកិច្ច​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មិន​ដល់​២​ស​ប្តា​ហ៍​បន្ទាប់​ពី​ក្រុមហ៊ុន FHS សង​ប្រាក់​ជា​ច្រើន​រឿង​កំហុសឆ្គង​នេះ អាជីវកម្ម​តូច​មួយ​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ជាប់​សង្ស័យ​ពី​ការ​កប់​កាក​សំណល់​ក្នុង​ចម្ការ​មួយ​នៅ​ខេត្ត Ha Tinh ។

អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៀត​នោះ គឺ​កាក​សំណល់​ប្រមាណ​១០០​តោន ត្រូវ​បាន​កប់​ក្នុង​ចម្ការ​ដែល​ជា​កម្មសិទ្ធិ​របស់​នាយក​នៃ​ក្រសួងបរិស្ថាន​របស់​ខេត្ត​នោះ ។ ការ​ពិសោធ​បាន​បញ្ជាក់​ហើយ​ថា កាក​សំណល់​ទាំងនោះ​ពិតជា​មាន​ជាតិពុល​មែន ។

នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​បាន​ប្រាប់​ទៅ​កាន់​មន្ត្រី​គ្រប់​រូប គ្រប់​ជាន់ថ្នាក់​ថា មិន​ឲ្យ​ប្តូរ​ការ​ការពារ​បរិស្ថាន យក​ការ​អភិវឌ្ឍ​ទេ ។ ប៉ុន្តែ​មើលទៅ​សារ​មួយ​នេះ គឺ​មិន​ទាន់​បាន​ផ្ញើ​ទៅ​ដល់​នៅឡើយ ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​មុន​ពី​ក្រសួងបរិស្ថាន និង​ធនធានធម្មជាតិ​បាន​បង្ហាញ​ថា តំបន់ឆ្នេរ​ក្នុង​ខេត្ត​ជា​ច្រើន​កំពុង​តែ​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ដោយ​មាន​គំរូ​បង្ហាញ​ថា មានការ​អន់​ថយ​ជាតិពុល​ប្រមាណ​៩០% ។

ការ​សិក្សា​ខាងលើ​ក៏​បាន​បង្ហាញ​ទៀត​ថា ការ​ប៉ះពាល់​ទៅ​លើ​តំបន់​មួយ​ចំនួន គឺ​មាន​សុវត្ថិភាព​ក្នុង​ការ​ហែល​ទឹក និង​នេសាទ ។ ប៉ុន្តែ​ពួក​គេ​កត់​សម្គាល់ថា ក្នុង​តំបន់​ជា​ច្រើន​ទៀត​ដែល​នៅ​ជិត​កន្លែង​ធ្លាយ​ជាតិពុល គឺ​ត្រូវការ​ការ​ត្រួតពិនិត្យ​បន្ត​ទៀត ។

រោងចក្រ​ផលិត​ដែកថែប​បាន​បង្ហូរ​កាក​សំណល់​ជាតិពុល​រួម​មាន​សារធាតុ​ដូច​ជា phenol, cyanide និង iron hydroxides ។ អ្នកជំនាញ​ជា​ច្រើន​បាន​ព្យាករណ៍​ថា បរិស្ថាន និង​ជីវិត​ក្នុង​សមុទ្រ​ត្រូវការ​ពេល​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ការ​ល្អ​ប្រសើរ​ឡើង​វិញ ព្រោះតែ​មាន​វត្តមាន​ដែក​ធ្ងន់ ។ បើ​ទោះជា​ជាតិពុល​ខ្លះ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​រលក​ពិតមែន ក៏​ដែក​ធ្ងន់​នៅ​ក្នុង​បាតសមុទ្រ តម្រូវ​ឲ្យ​មានការ​បារ​ចេញ​ផង​ដែរ ។

ក្រុមហ៊ុន FHS ពេល​នេះ​បាន​បង់ប្រាក់​ពាក់កណ្តាល​នៃ​ប្រាក់​ពិន័យ​សរុប​ហើយ (​ប្រាក់​សរុប​៥០០​លាន​ដុល្លារ​) ។ បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​ពិន័យ លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បាន​ថ្លែង​ថា រដ្ឋាភិបាល​នឹង​ប្រើប្រាស់​ប្រាក់​ទាំងនោះ​ជា​សាធារណៈ​ដោយ​មាន​តម្លាភាព និង​ហ្មត់ចត់ ក្នុង​គោលបំណង​ជួយ​ដល់​សហគមន៍​នេសាទ​ដែល​រង​គ្រោះ​ដោយសារ​ការ​បំពុល​នេះ និង​បន្ថែម​ទៅ​លើ​ការ​ការពារ​បរិស្ថាន ៕