ស៊ីណាត​ ៖«​ផល​ សោភ័ណ្ឌ​ ជា​ឧបសគ្គ​​សម្រាប់​​ ឡៅ​ ចន្រ្ទា ​ប្រកួត​ខ្សែក្រវាត់​»

កីឡាករ​ជើង​ចាស់​ប្រចាំ​ក្លឹប​ឆ័ត្រ​យោង​៩១១​ ឡៅ​ ស៊ីណាត​ ថា​ អ្នក​លេង​គុន​ខ្មែរ​​ ផល​ សោភ័ណ្ឌ​ ជា​ឧបសគ្គ​សម្រាប់​ ឡៅ​ ចន្រ្ទា​ ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់​៦៣.៥ គីឡូក្រាម​​ នៅ​សង្វៀន​បាយ័ន​បឹងស្នោរ ​ពេល​ខាង​មុន​នេះ។

 

ស៊ីណាត​ ៖«​ផល​ សោភ័ណ្ឌ​ ជា​ឧបសគ្គ​​សម្រាប់​​ ឡៅ​ ចន្រ្ទា ​ប្រកួត​ខ្សែក្រវាត់​» ឡៅ ស៊ីណាត

 

អតីត​កីឡាករ​ប្រដាល់​ ឡៅ​ ស៊ីណាត​ បាន​ឲ្យ​ Sabay​ ដឹង​ថា​ ផល​ សោភ័ណ្ឌ​ ជា​កីឡាករ​ខ្លាំង​​មាន​បច្ចេកទេស​វ៉ៃ​​ឈុត​តែ​ម្ដង​មិន​ថា​ក្បាច់​អ្វី​ក៏​​កីឡាករ​រូប​នេះ​អាច​ចេញ​បាន​ដែរ។​ រាល់​ការ​ប្រកួត​របស់​គេ​កម្រ​​នឹង​ចាញ់ ​ហើយ​ថែម​ទាំង​ផ្ដួល​ដៃ​គូ​ប្រកួត​ឲ្យ​​សន្លប់​ច្រើន​ទៀត​ផង។​ ដូច្នេះ​ការ​ស្វែង​រក​ខ្សែ​ក្រវាត់​ទី​៣​របស់​ប្អូន​ប្រុស​ខ្លួន​ហាក់​​ពិបាក​​ពោល​គឺ​​មិន​ងាយ​សូវ​ស្រួល​ដូច​មុន​ៗ​នោះ​ទេ។

 

ទោះ​ជា​យ៉ាង​ណា​​ អ្នក​ប្រដាល់​ធ្លាប់​​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​រូប​នេះ​នៅ​តែ​មាន​ជំនឿ​ជឿ​ជាក់​លើ​ប្អូន​ប្រុស​របស់​ខ្លួន។ «បារម្ភ​បង​ លើក​នេះ​មាន​ជើង​ខ្លាំង​ហើយ​គេ​ល្អ​គ្រប់​ទាំង​អស់​ តែ​ខ្ញុំ​ជឿ​ជាក់​លើ​​ប្អូន​ខ្ញុំ​ថា​នៅ​តែ​អាច​ធ្វើ​បាន​ល្អ»។ សម្ដី​ ឡៅ​ ស៊ីណាត​ បាន​និយាយ។

 

ស៊ីណាត​ ៖«​ផល​ សោភ័ណ្ឌ​ ជា​ឧបសគ្គ​​សម្រាប់​​ ឡៅ​ ចន្រ្ទា ​ប្រកួត​ខ្សែក្រវាត់​» ឡៅ ចន្ទ្រា

 

ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម​​​នឹង​ប្រកួត​នា​ថ្ងៃ​អាទិត្យ ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ដែល​មាន​កីឡាករកម្ពុជា​​កម្ពុជា និង​កីឡាករ​ថៃ។ កីឡាករ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ផល សោភ័ណ្ឌ និង ឡៅ ចន្ទ្រា ដែល​​​មាន​អ្នក​គាំទ្រ​ច្រើន និង​មាន​សមត្ថភាព​ខ្លាំង​ដូច​គ្នា។

 

ទាក់ទង​នឹង​ការ​ប្រកួត​នេះដែរ លោក នាង ស៊ីវុត្ថា ប្រធានផ្នែកកីឡានៅសង្វៀនបាយ័នមិនទាន់ទម្លាយ​ឲ្យដឹង​ពី​រូបមន្ត​នៃ​ការ​ប្រកួត​ឡើយ​ដោយ​អ្វីៗ​ទាំង​អស់​នឹង​ទម្លាយ​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​គ្រោង​នឹង​ធ្វើ​នា​ថ្ងៃ​អាទិត្យ សប្តាហ៍នេះ​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោរ៕

 

 ស៊ីណាត​ ៖«​ផល​ សោភ័ណ្ឌ​ ជា​ឧបសគ្គ​​សម្រាប់​​ ឡៅ​ ចន្រ្ទា ​ប្រកួត​ខ្សែក្រវាត់​»ផល សោភ័ណ្ឌ

 

ស៊ីណាត​ ៖«​ផល​ សោភ័ណ្ឌ​ ជា​ឧបសគ្គ​​សម្រាប់​​ ឡៅ​ ចន្រ្ទា ​ប្រកួត​ខ្សែក្រវាត់​»

 

អត្ថបទ៖​ នួន​ ស៊ីណា