បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​ស្រុក​កំពង់លែង ពុំមាន​ការថយចុះ​នោះទេ​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្លូវ​ទូក ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ ព្រោះ​នាយ​សង្កាត់រដ្ឋបាល​ជល​ផល​កំពង់លែង និង​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យ​ស្របតាម​វិធានការ​របស់​ក្រសួងកសិកម្ម​នោះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា របាំង​លប​លូណ​រ៉ាវ និង​សាច់​អួន​ក្រឡា​ញឹក​ត្រូវបាន​គេ​ដាក់​រាប់សិប​កន្លែង​ដើម្បី​ចាប់យក​ត្រី​ក្នុង​រដូវ​ទឹក​ឡើង​ដែលជា​រដូវ​បិទ​នេសាទ​នៅ​ចំណុច​កោះ​តា​លៀ វាលភក់ ស្លត​ចុង​ផ្លូវ​ទូក ថ្នល់​ឈើទាល​ជាដើម ហើយ​មិនឃើញ​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​មើលរំលង​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ឆ្នាំង​នោះទេ ព្រោះ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។

ប្រជា​នេសាទ​នៅ​ឃុំ​ផ្លូវ​ទូក បាន​ឲ្យ​ដឹងថា របាំង​សាច់​អួន​ក្រឡា​ញឹក​ដែលមាន​បណ្ដោយ​វែងៗ​ដាក់​កន្ទុយភ្នែក ត្រូវបាន​គេ​យកមក​ដាក់​នៅ​តំបន់​អភិរក្ស ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត មិនដែល​ចុះទៅ​បង្ក្រាប​ទាល់តែសោះ​។ មានការ​សង្ស័យថា ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាងនេះទៅទៀត​គឺមាន​មន្ត្រី​អាជ្ញាធរ និង​តំណាង​សហគមន៍​នេសាទ​មួយចំនួន គឺជា​អ្នករត់​ការសម្របសម្រួល​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល ដើម្បី​ជួយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ​។

​ក្រុម​មេខ្យល់​ដែលមាន​ជំនាញ​ខាង​រត់ការ​សម្របសម្រួល​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ជួយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​អាច​ប្រព្រឹត្តទៅបាន​នោះ​មានដូចជា ឈ្មោះ ពាម សាន្ត សមាជិក​ក្រុមប្រឹក្សាឃុំ​ផ្លូវ​ទូក​, ឈ្មោះ ខៀវ គៀន មេភូមិ​ថ្នល់​ឈើទាល​, ឈ្មោះ វៀង ថៃ មេ​សហគមន៍​នេសាទ និង​មានឈ្មោះ ហូរ ឈ្មោះ ម៉ាង ង៉ុ​យ ឈ្មោះ ឈឿន និង​ឈ្មោះ ភាព ផងដែរ​។ ដោយសារតែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​បែបនេះហើយ ទើប​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​កំពុង​កើតឡើង​យ៉ាង​រាលដាល ព្រោះ​លោក ពុំ សុផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់លែង គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ដូច្នេះហើយ​ទើប​ប្រជា​នេសាទ​នៅ​ស្រុក​កំពង់លែង អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់លែង​ជាបន្ទាន់ ព្រោះ​សូម្បីតែ​នៅ​តំបន់​អភិរក្ស​ក៏​កើតមាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ដែរ​៕

WAT-29082 WAT-29085 WAT-29081