ក្រោយ​បង្ក្រាប​ឡិច​ស៊ី​ស​470​ដឹក​សុទ្ធតែ​កាំបិត ធ្លុះ​ដល់​កុងស៊ី

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​ទីតាំង​កុងស៊ី​២​កន្លែង កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ២០១៦ នេះ ស្ថិត​​ត្រង់​ចំណុច​ផ្ទះ​អត់លេខ អត់​យីហោ ក្នុងភូមិ​បាក់​ទូក ផ្លូវ​១០៣ សង្កាត់​ទួល​សង្កែ ខណ្ឌ​ទួល​សង្កែ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង រួម​ទាំង​ម៉ូតូ​សរុប​ចំនួន៤២​គ្រឿង ក្នុង​នោះ​២​គ្រឿង​ ជា​ម៉ូតូ​បទល្មើស​។

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ចាប់ខ្លួន​ក្រុមជនសង្ស័យ​៦​នាក់ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ សីហា ខណៈ​ជនសង្ស័យ​២​នាក់ ​បម្រុង​ធ្វើ​សកម្មភាព​ប្លន់​មន្ត្រី​នគរបាល​ល្បាត តែ​ពេល​នោះ ត្រូវ​កម្លាំង​ដឹងខ្លួន​ទាន់ ក៏​វាយបកវិញ ឱ្យ​កម្លាំង​តាម​មុខសញ្ញា​ឃាត់​​​​ទាំង​២​នាក់ រហូត​ឈាន​ដល់ចាប់ខ្លួន​៤​នាក់​ទៀត រួម​ទាំង​រថយន្ត​ឡិច​ស៊ី​ស​៤៧០​គ្រឿង​, ដំបង និង​កាំបិត ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ដដែល​។

ទោះបីជា​យ៉ាងណា ជនសង្ស័យ​ទាំង​៦​នាក់ រួម​ទាំង​ម្ចាស់​កុងស៊ី​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ មិន​ត្រូវ​បង្ហាញ​ឈ្មោះ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ស្រាវជ្រាវ​បន្ត ។