គ្រោះថ្នាក់​ចរាចរណ៍​បាត់ដំបង​៖ ចាន់​នូ ដែល​បំផុស​ចលនា​បាល់ទាត់​នារី​តាម​សហគមន៍​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ និពន្ធដោយ : សឿន វណ្ណឌេត       August-30-2016, 2:22 pm         26

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គ្រោះថ្នាក់​ចរាចរណ៍​បាត់ដំបង​៖ ចាន់​នូ ដែល​បំផុស​ចលនា​បាល់ទាត់​នារី​តាម​សហគមន៍​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​​កញ្ញា កេង ចាន់​នូ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នារី និង​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​សហគមន៍​នារី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​រងរបួស​បាក់ឆ្អឹង​ក និង​ឈាមកក​ក្នុង​ខួរក្បាល​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង និង​ឡាន​ដឹក​ដី​នៅ​ខេត្តបាត់ដំបង កាលពី​ម្សិលមិញ​។ ហើយ​ពេលនេះ​នាង​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ដោយ​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ក្នុង​ប​ន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង​។​

​កញ្ញា កេង ចាន់​នូ គ្រូ​ជម្រើសជាតិ​នារី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​មិនទាន់​ដឹង​ខ្លូន​នៅឡើយ​ទេ​នៅពេលនេះ ដោយ​កំពុង​ដេក​សម្រាក​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ខេត្តបាត់ដំបង ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ពោលគឺ​នាង​បាន​រងរបួស​បាក់ឆ្អឹង​ក និង​មាន​ឈាមកក​ក្នុង​ខួរក្បាល​។

​លោក លី ហៀ​ង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ដែល​កំពុង​នៅ​ផ្ទាល់​ជាមួយ​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​កញ្ញា កេង ចាន់​នូ រងរបួស​បាក់ឆ្អឹង​ក និង​មាន​ឈាមកក​ក្នុង​ខួរក្បាល​។ នាង​មិនទាន់​ដឹងខ្លួន​នោះទេ​នៅពេលនេះ ហើយ​នាង​កំពុងស្ថិត​ក្នុងស្ថានភាព​សង្គ្រោះបន្ទាន់​នៅឡើយ​»​។

​លោក​អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​រូបនេះ​បាន​បន្តទៀតថា តាំងពី​ចូល​សម្រាក​ព្យា​ល​កាលពី​ម្សិលមិញ​រហូតមក​ពេលនេះ​ស្ថានភាព​ជម្ងឺ​របស់ កញ្ញា កេង ចាន់​នូ មិនទាន់​ឆ្លង​ផុតពី​ស្ថានភាព​អាក្រក់​នៅឡើយ ហើយក៏​មិន​វិវត្តន៍​ទៅរក​ស្ថានភាព​កាន់តែ​អាក្រក់​ផងដែរ ពោលគឺ​ស្ថិតក្នុង​ស្ថានភាព​ដេក​សន្លប់​មិនដឹង​ខ្លួន​ដដែល​។

​ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​យ៉ាងនេះ​ក្តី ប៉ុន្តែ​មិនទាន់មាន​គម្រោង​ណាមួយ​ថា នឹង​បញ្ជូន ចាន់​នូ ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​នៅឡើយ ព្រោះ​លោកគ្រូ​ពេទ្យ​ជនជាតិ​បរទេស​ដែល​កំពុង​ព្យាបាល​រូបនាង​នៅ​ប​ន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ​ទោះបី​បញ្ជូនទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ក៏​គ្មាន​ប្រយោជន៍​ដែរ​។ នេះ​ជា​ប្រសាសន៍​របស់លោក លី ហៀ​ង ដែល​កំពុង​ស្ថិតនៅ​ទីនោះ​។

​កីឡាការិនី កេង ចាន់​នូ មិន​ត្រឹមតែ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នារី និង​សមាគមន៍​បាល់ទាត់​នារី​ប៉ុណ្ណោះ​ទេ  នាង​គឺជា​អតីត​កីឡាការិនី​លេង​ក្នុង​ក្រុម Mighty Girls ខេត្តបាត់ដំបង ហើយ​បច្ចុប្បន្នកំពុង​បន្ត​ការសិក្សា​ឆ្នាំ​ទី​២​ផ្នែក​ច្បាប់​ក្នុង​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ លើសពីនេះ​នាង​គឺជា​អ្នកចាំទី និង​ជា​ជា​អ្នករៀបចំ​ការប្រកួត​លី​ក​កំពូល​នៅ​កីឡដ្ឋាន RSN ផងដែរ​។​

​គួរ​បញ្ជាក់ថា កញ្ញា កេង ចាន់​នូ បាន​រងរបួស​បាក់ឆ្អឹង​ក និង​ឈាមកក​ក្នុង​ខួរក្បាល ខណៈពេលដែល​នាង​ជិះ​រថយន្តក្រុង​របស់​ក្រុមហ៊ុន Mekong Express ទៅកាន់​ខេត្តបាត់ដំបង ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​ជ្រុល​មក​បុក​ពេញទំហឹង​តែម្តង​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នោះដែរ មនុស្ស​៩​បាន​ស្លាប់​ភ្លាមៗ និង​រងរបួស​ធ្ងន់​ចំនួន​៤​នាក់​៕