ហេង ស្រីពេជ្រ គ្រវែង​ស្នេហា​ទុក​មួយ​ដុំ ស្រវា​កើប​ប្រាក់​ក្នុង​អា​ជីព​សម្ដែង ទោះ​ស្ថិត​ក្នុង​រដូវ​វ​ស្សា

(ភ្នំពេញ)៖ ទោះបីជារដូវនេះ បានឈានចូលដល់រដូវវស្សា ដែលមានតារាសម្ដែងខ្លះ បានសំរាកពីការងារសិល្បៈ ដេកស្ងាបនៅផ្ទះ គ្មានចំណូលថវិកាចូលក្ដី ប៉ុន្តែសម្រាប់តារាសម្ដែងច្រើន​​តែដណ្ដើម​បានជាតួម្ដាយ តួជំទាវ និងតួបងស្រី នាង ហេង ស្រីពេជ្រ ហាក់មិនបានថមថយ បាក់ស្រុតការងារសិល្បៈ​នោះឡើយ ពោលនាងនៅតែមមាញឹក​ទាំងយប់ទាំងថ្ងៃ ស្ទើរតែរកពេលសម្រាកគ្មាន រហូតភ្លេចគិត​រឿងអនាគតស្នេហា​ គូស្រករអ្វីសោះ ព្រោះតែជាប់ដៃកើបប្រាក់ ពីការសម្ដែងរឿង។

តារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបានមហាជន​ស្គាល់ជាទូទៅ តាមរយៈការបង្ហាញខ្លួន ក្នុងរឿងភាគ រឿងដុំ និងបទចម្រៀងខារ៉ាអូខេ ក្នុងផលិតកម្មធំៗ ដោយភាគច្រើន គឺអ្នកដឹកនាំសម្ដែង តែងតែប្រគល់តំណែង ជាតួម្ដាយបែបកាចឆ្នាស់ និងធ្វើជាតួជំទាវ ឬជាបងស្រីជាដើម។ ជាមួយគ្នានេះ ការងារសិល្បៈ​របស់នាង ក៏មានជាប់រដឹក មិនថាតែរដូវប្រាំង ឬរដូវវស្សានោះទេ គេតែងឃើញ ស្រីពេជ្រ មានរឿងត្រូវសម្ដែងរហូត និងតែងបង្ហាញសកម្មភាពនេះ ក្នុងបណ្ដាញសង្គមរបស់ខ្លួន ដើម្បីឲ្យមហាជនបានដឹង។

​ជាក់ស្ដែងបច្ចុប្បន្ននេះ តារាសម្ដែងតួម្ដាយ និងកំពុងវិវឌ្ឍទៅជាតួកំប្លែង​ ហេង ស្រីពេជ្រ កំពុងតែសកម្ម​ក្នុងការសម្ដែងរឿង​ជាច្រើនរួមមាន រឿង​ស្នេហ៍ពនេចរ ,​នំប៉ាំងសុបិន​ស្នេហ៍,​ខ្សែករពេជ្រ​, ផ្ការីកក្នុងចិត្ត, កូនក្រមុំលោកមេឃុំ ព្រមទាំងចូលរួម​​ ថតបទចម្រៀង​​ខារ៉ាអូខេ ក្នុងផលិតកម្ម សាន់ដេ,ហង្សមាស និងផលិតកម្មថោន​ផងដែរ។ ដោយសារតែភាពមមាញឹក នឹងការងារសម្ដែងនេះ ទើបតារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបានគេដឹងថា លែងសូវគិតខ្វល់ខ្វាយ រឿងអនាគតនោះឡើយ ខណៈដែលថ្មីៗនេះ នាងកំពុងតែជួបស្នេហ៍ថ្មី ជាមួយនឹងបុរសម្នាក់ ប៉ុន្តែក្នុងលក្ខណៈស្វែងយល់ចិត្តគ្នា ហើយក្នុងនោះ​នាងពុំមាន​ពេលវេលាគ្រប់គ្រាន់ សម្រាប់សាងភាព​ផ្អែមល្ហែម ដល់គូស្នេហ៍នោះទេ។

ហេង ស្រីពេជ្រ និយាយថា «ចា៎..បង ខ្ញុំមានការងារសិល្បៈ​សម្ដែងច្រើន ព្រោះមានផលិតកម្មនានា ចេះតែទាក់ទងមកឥត់ដាច់។ រវល់គួរសមដែរហ្នឹង! ហើយបើនិយាយពីរឿង​ស្នេហាវិញ ខ្ញុំកំពុងស្វែង​យល់ចិត្តគ្នា ជាមួយនឹងមនុស្សម្នាក់ តែពេលវេលាហាក់ដូចជា​ ពុំមានច្រើនឲ្យគ្នានោះទេ ព្រោះរវល់រៀងៗខ្លួន ណាមួយដូចជាមិនទាន់ចង់គិត​ នៅពេលនេះផង»។

ទោះបីជាយ៉ាងណា តារាសម្ដែង ហេង ស្រីពេជ្រ បានបង្ហាញគោលជំហររបស់ខ្លួនថា នៅពេលវេលាណាមួយ​ដែលសមរម្យ អាចឲ្យនាង​ងាកមកគិត រឿង​ស្នេហា​បាន គឺនាងនឹង​សម្រេច​​ចិត្ត​ចូលរោងការតែម្ដង ហើយបុរសដែលនាងកំពុងស្វែងយល់ចិត្តនោះ គឺសង្ឃឹមថា រូបគេជាមនុស្សល្អ មានចិត្តធម៌ មានការសណ្ដោសប្រណី ដល់រូបនាងជាមិនខាន។ ម្យ៉ាងទៀត ស្រីពេជ្រ ក៏មិនចង់ទុកយូរ នាំឲ្យមានពាក្យចចាមអារ៉ាម បោកបក់លើរឿងរ៉ាវឯកជន អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ក្នុងមជ្ឈដ្ឋានសិល្បៈឡើយ៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload