គួច សុកុម្ភៈ បញ្ជាក់​ពី​ស្ថាន​ភាព​របួសរបស់ខ្លួន

ខ្សែ​បម្រើ​របស់​ក្លឹប​ណាហ្គាវើល​ គួច ​សុកុម្ភៈ ​បាន​​អះអាង​ពី​អាការៈ​របួស​របស់​ខ្លួន​មិន​ទាន់​អាច​ហ្វឹកហាត់​នៅ​លើ​ទីលាន​បាន​វិញ​នោះ​ទេ ខណៈ​មាន​ Page ​មួយ​ចំនួន​ផ្សាយ​ពី​គេ​ព្រោងព្រាត​ថា កីឡាករ​រូប​នេះ​ ជាសះស្បើយ​ពី​របួស​សរសៃពួ​​រកែង​ជើង​​បាន​៩៥​%។

 

គួច សុកុម្ភៈ បញ្ជាក់​ពី​ស្ថាន​ភាព​របួសរបស់ខ្លួនកីឡាករ គួច សុកុម្ភៈ

 

​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រូប​គេ​បាន​ត្រឹម​ហ្វឹកហាត់​​លើក​​ទម្ងន់ ឬ​រត់​ហាត់​ប្រាណ​តិច​ៗប៉ុណ្ណោះ​ពោល​គឺ​មិន​ទាន់​អាច​ចូល​​ហ្វឹកហាត់​រត់​លើ​ទីលាន​បាន​នៅ​ឡើយ។ ​​រូប​គេ​មិន​​អាច​បង្ហាញ​ខ្លួន​លេង​នៅ​លើ​​ទីលាន​ក្នុង​ពេល​ឆាប់​នេះ​នោះ​ទេ ប៉ុន្តែ​​រូប​គេ​នឹង​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​របួស​កាន់​តែ​ប្រសើរ​ឡើង។

 

​កីឡាករ​​ដែល​ជួយ​ឲ្យ​ណាហ្គាវើល​បាន​ជើង​ឯក​រង​ទាំង​លីគ​កំពូល​ និង​ Hun Sen Cup ​កាល​ពី​ឆ្នាំ​មុន​រូប​នេះ​បញ្ជាក់​ថា ការ​ហាត់​ប្រាណ​របស់​គេ​ ​ក្នុង​វីដេអូ​​ដែល​បណ្ដាញ​សង្គម​​​ហ្វេសបុក​បង្ហោះ​ព្រោងព្រាត​​​គឺ​ជា​ការ​ហ្វឹកហាត់​កុំ​ឲ្យ​ឡើង​ទម្ងន់ ​និង​ហ្វឹកហាត់​តាម​បញ្ជា​របស់​​គ្រូពេទ្យ។ ​ប្រហែល​ជា​ថ្ងៃ​ទី៥ ខែ​កញ្ញា​​នេះ ​រូប​គេ​​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ម្ដង​ទៀត ​ដើម្បី​ជួប​គ្រូ​ពេទ្យ​​បញ្ជាក់​ពី​អាការៈ​របួស​នេះ​ម្ដង​ទៀត។

 

​គួច សុកុម្ភៈ បាន​រង​របួស​សរសៃ​ពួរ​កែង​ជើង​កាល​ជំនួប​រវាង​ណាហ្គាវើល និង​​ស៊ីម៉ាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា​​ ដែល​ពេល​នោះ​​ក្រុម​លោក​ មាស ចាន់​ណា ​នាំ​យក​ គួច សុកុម្ភៈ ​​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ ​បន្ទាប់​ពី​លេង​បាន​ត្រឹម​​ដើម​តង់​ទី១៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​