សុខ​ហ៊ុច ​មក​ដល់ខ្មែរ​សល់ប្រាក់​រង្វាន់១២ម៉ឺនបាត ខណៈ​ប្រាក់​ជំនួយទើប៥​០០ដុល្លារ

ជើង​ខ្លាំង​ជំនាញ​ទាត់​របស់​កម្ពុជា មឿន សុខ​ហុច ​​បានរង​​របួស​នៅ​លើ​ផ្ទៃមុខ​ ដែល​​​ដេរ​មុខ​របួស​​ចំនួន​ ១០​ថ្នេរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​ឈ្នះ​ខ្សែក្រវាត់​ប្រាក់​ពី Max Muay Thai  ប៉ុន្តែ​បើ​គិត​មក​ដល់​ពេល​នេះ​ទើប​តែ​ទទួល​បាន​ជំនួយ​​​​ទឹក​ប្រាក់​ចំនួន ៥០០​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ប្រាក់​រង្វាន់​ចំនួន​២០ម៉ឺន​បាន​នៅ​សល់​ប្រហែល​ជា១២​ម៉ឺន​បាត​ បន្ទាប់ពី​ចំណាយផ្សេងៗ។

 

សុខ​ហ៊ុច ​មក​ដល់ខ្មែរ​សល់ប្រាក់​រង្វាន់១២ម៉ឺនបាត ខណៈ​ប្រាក់​ជំនួយទើប៥​០០ដុល្លារមឿន សុខ​ហ៊ុច(ក្រហម ប្រកួត​នៅ​ថៃ)

 

​​សិស្ស​គុន​ខ្មែរ​របស់​ក្លឹប​ពុធ​សេរី​វង្ស​ព្រែក​តា​ទែន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជំនួយ​ដែល​ឧកញ៉ា ស្រី ចាន់​ថន​ ​ថា​ផ្ដល់​​ឲ្យ១ពាន់​ដុល្លារ​អាមេរិក​​​នោះ​ មិន​ទាន់​​បាន​នៅ​ឡើយ​​ ហើយ​ពេល​នេះ​រូប​គេ​ទទួល​ជំនួយ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​ហ៊ុន​​មួយ​ចំនួន​​ ​ព្រម​ទាំង​សហព័ន្ធ​កីឡា​ប្រដាល់​ ដែល​មាន​ទឹក​ប្រាក់​សរុប​​ចំនួន៥០០​ដុល្លារ​អាមេរិក។ ​ជ័យ​ជម្នះ​នា​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​កីឡា​ស៊ុយអែត​​ រូប​គេ​មាន​របួស​នៅ​លើ​មុខ​​ដែល​ដេរ​អស់​ ១០​ថ្នេរ ប៉ុន្តែ​មិន​មាន​បញ្ហា​អ្វី​ជា​ដុំ​កំភួន​​ទេ​​​​។

 

​​​​​ម្ចាស់​ខ្សែក្រវាត់​​ប្រាក់​ Max Muay Thai ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​ រូប​នេះ​បន្ត​ថា ចំណែក​ប្រាក់​រង្វាន់​ ២០​ម៉ឺន​បាត ដែល​រូប​គេ​ប្រកួត​បាន​ពី​កម្មវិធី​ត្រូវ​​បាន​កាត់​​​ភាគ​រយ​ និង​ចំណាយ​ផ្សេង​ៗ​អស់​ប្រមាណ៨​ម៉ឺន​បាត​ដែល​មាន​ន័យ​ថា សល់​ប្រាក់​រង្វាន់តែ​១២ម៉ឺន​បាត​ប៉ុណ្ណោះ។ ​រូប​គេ​ នឹង​ត្រូវ​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រភេទ​មាស នា​ខែ​ធ្នូ​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 

មឿន សុខ​ហ៊ុច ​មិន​ធ្លាប់​ចេញ​ទៅ​ប្រកួត​កម្មវិធី Max Muay Thai ​នេះ​ទេ​ពី​មុន​មក ហើយ​នេះ​ជា​លើក​ទី​១​ផង​ដែរ​ ដែល​កីឡា​​ប្រដាល់​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​លើ​ទឹក​ដី​​ថៃ​ ហើយ​​អាច​ដណ្ដើម​បាន​ខ្សែក្រវាត់​​ត្រឡប់​មក​​ស្រុក​កំណើត​វិញ​៕

 

សុខ​ហ៊ុច ​មក​ដល់ខ្មែរ​សល់ប្រាក់​រង្វាន់១២ម៉ឺនបាត ខណៈ​ប្រាក់​ជំនួយទើប៥​០០ដុល្លារ

 

សុខ​ហ៊ុច ​មក​ដល់ខ្មែរ​សល់ប្រាក់​រង្វាន់១២ម៉ឺនបាត ខណៈ​ប្រាក់​ជំនួយទើប៥​០០ដុល្លារ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​
រូបថត៖ Max Muay Thai