សកម្មភាព​ទិញ​លក់​ដី​រដ្ឋ​ខុសច្បាប់​ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស នៅតែ​កើតមាន​ឥតឈប់ឈរ​

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​មាន​អ្នករត់​ការប្រមូលទិញ​ដី​ដែល​បានមកពី​ការ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ កំពុង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ព្រោះ​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ និង​ក្រុម​ជនដើរ​ប្រមូល​ទិញ​ដី​កំពុង​កើតមាន​ឥតឈប់ឈរ​។ ដោយសារ​តែមាន​ក្រុម​អ្នករត់​ការប្រមូលទិញ​ដី​ដែល​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​បែបនេះហើយ ទើប​មន្ត្រី​អាជ្ញាធរ និង​ឈ្មួញ​ខិលខូច​មួយចំនួន​នៅតែ​ឃុបឃិត​គ្នា​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​រត់ការ​ទិញ​ដី​ចុះទៅ​ប្រមូល​ទិញ​ដីព្រៃ​របស់​រដ្ឋ​ដែល​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឬ​លិខិត​កាន់កាប់​ស្របច្បាប់​ក្នុង​១​ហិកតា​តម្លៃ​៧០០​ដុល្លារ​។ នៅពេល​ប្រមូល​ទិញ​បាន​ច្រើន​ឈ្មួញ​ទាំងនោះ​រត់ការ​ជាមួយ​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​បាន​យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ បញ្ហា​នេះ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី គួរពិនិត្យមើល​ផងដែរ ព្រោះ​មាន​មន្ត្រី​សុរិយោដី​ក្នុង​ខេត្តកំពង់ឆ្នាំង​មួយចំនួន ត្រូវបាន​គេ​ដឹងថា​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ឃុំ​ក្រាំង​ស្គារ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ក្រាំង​ស្គារ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មួយរយៈ​ពេល​ចុង​ក្រោយនេះ​មាន​ឈ្មួញ​មួយចំនួន​ចុះមក​ប្រមូល​ទិញ​ដី​នៅ​ក្នុងភូមិ​ដំណាក់​ខ្លុង ឃុំ​ក្រាំង​ស្គារ និង​នៅ​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ហើយ​មិនទាន់មាន​មន្ត្រី​អាជ្ញាធរ​ថ្នាក់ស្រុក និង​អាជ្ញាធរខេត្ត ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ក្រាំង​ស្គារ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ព្រោះ​ក្នុងចំណោម​ជនល្មើស​គឺមាន​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយចំនួន​ផងដែរ​។ ដូច្នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​មាន​បទល្មើស​ឈូសឆាយ​ព្រៃ​សហគមន៍​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​ឃុំ​ក្រាំង​ស្គារ កើតឡើង​យ៉ាង​អនាធិបតេយ្យ​តទៅទៀត ព្រោះ​បច្ចុប្បន្ន​ដីព្រៃ​របស់​រដ្ឋ​រាប់រយ​ហិកតា​កំពុង​ក្លាយទៅជា​កម្មសិទ្ធិ​របស់​អ្នកមាន​លុយ អ្នកមានអំណាច​ដោយសា​រ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តកំពង់ឆ្នាំង​ផងដែរ​៕

chandoeun-620លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង 14054225_1753159188284105_4479849762026894560_n