កម្ពុជា​-​វៀតណាម កំពុង​បន្ត​ត្រួតពិនិត្យ​លើ​កំណត់ហេតុ នៃ​កិច្ចប្រជុំ​ចង្អៀត​លើ​បញ្ហា​ព្រំដែន​ និពន្ធដោយ : រឿន ភារុន       August-30-2016, 3:15 pm         86

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​-​វៀតណាម កំពុង​បន្ត​ត្រួតពិនិត្យ​លើ​កំណត់ហេតុ នៃ​កិច្ចប្រជុំ​ចង្អៀត​លើ​បញ្ហា​ព្រំដែន​​ក្រុមមន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​កម្ពុជា​-​វៀតណាម កំពុង​បន្ត​ប្រជុំពិភាក្សា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ចង្អៀត​លើ​បញ្ហា​ព្រំដែន​រវាង​ភាគី​ទាំងពីរ ។ ក្រោយពី​ត្រួតពិនិត្យ​លើ​កំណត់​ហេតុនេះ កម្ពុជា​-​វៀតណាម នឹង​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា លើ​បញ្ហា​ចម្រូងចម្រាស​ព្រំដែន​ប្រទេស​ទាំងពីរ​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត​កាលពី​ម្សិលមិញ​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម លោក វ៉ា គឹមហុង បាន​បញ្ជាក់ថា កិច្ចប្រជុំ​ចង្អៀត​នេះ គឺ​កម្ពុជា​និង​វៀតណាម ផ្ដោតទៅលើ​ការត្រួតពិនិត្យ​លើ​ឯកសារ​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​បារាំង ដើម្បី​ដោះស្រាយ​លើ​ចំណុច​ខ្វែងគំនិត​គ្នា នៃ​បញ្ហា​ព្រំដែន​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​ចំណុច​មួយចំនួន​លើ​ឯកសារ​ស្នើសុំ​អន្តរាគមន៍​ពី​បារាំង​នេះ ភាគី​ទាំងពីរ​ក៏​មិនទាន់​ឯកភាពគ្នា​ទាំងស្រុង​នោះដែរ ដោយសារ​កម្ពុជា​ចង់​ស្នើសុំ​ឲ្យ​បារាំង​ជួយ​អន្តរាគមន៍​ចំនួន​២​ចំណុច​ប៉ុណ្ណោះ ខណៈ​ខាង​ភាគី​វៀតណាម​ចង់​ស្នើសុំ​៧​ចំណុច​។ នេះ​បើតាម​លោក វ៉ា គីម​ហុង ដែល​មិនទាន់​អាច​បញ្ជាក់​ពី​ចំណុច​ក្នុង​ខ្លឹមសារ​ទាំងនោះ​បាន​នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់ថា កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន កាលពី​ឆ្នាំ​២០០៦​មក ក្នុង​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រវែង​១២៧០​គីឡូម៉ែត្រ ដោយ​កំណត់​បោះបង្គោល​ព្រំដែន​ចំនួន​៣៧៥​បង្គោល​។ បើតាម​របាយការណ៍​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា កាល​ឆ្នាំ​២០១៥ កម្ពុជា​-​វៀតណាម បាន​បោះបង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ ពោលគឺ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ នៅសល់​១៧​ភាគរយ​ទៀត​ប៉ុណ្ណោះ​៕