ន័​រវេ​ស​៖ សត្វ​រមាំង​ច្រើនជាង​បី​រយ​ក្បាល ត្រូវ​រន្ទះបាញ់​ងាប់​ក្នុងពេល​តែមួយ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-30-2016, 12:24 pm         996

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ន័​រវេ​ស​៖ សត្វ​រមាំង​ច្រើនជាង​បី​រយ​ក្បាល ត្រូវ​រន្ទះបាញ់​ងាប់​ក្នុងពេល​តែមួយ​​សត្វ​រមាំង​ច្រើនជាង​បី​រយ​ក្បាល ត្រូវបាន​រន្ទះបាញ់​ងាប់ នៅ​ភាគខាងត្បូង​ប្រទេស​ន​ន័​រវេ​ស​។ នេះ គឺជា​បាតុភូតធម្មជាតិ​ដែល​បានសម្លាប់​សត្វ​រមាំង​ច្រើនជាងគេ​បំផុត ខណៈដែល​កន្លងមក ក៏មាន​ហេតុការណ៍​របៀបនេះ​ដែរ តែ​មិនមាន​ចំនួន​សត្វ​រមាំង​ងាប់​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​ឡើយ​។​

​មន្ត្រី​ន័​រវេ​ស បាន​និយាយ​នៅ​ថ្ងៃទី​២៩ ខែសីហា ថា សត្វ​រមាំង​ចំនួន​ដល់​ទៅ​៣២៣​ក្បាល ត្រូវបាន​រន្ទះបាញ់​ងាប់ នៅ​ឧទ្យាន​ជាតិ​មួយកន្លែង​ភាគខាងត្បូង​ប្រទេស​។ អ្នកថែរក្សា​សត្វព្រៃ បាន​រកឃើញ​សាកសព​សត្វ​រមាំង​ទាំង​៣២៣​ក្បាល កាលពី​ថ្ងៃទី​២៦ ខែសីហា នៅឯ​ខ្ពង់រាប Hardangervidda ជាទី​ដែល​សត្វ​រមាំង​ប្រហែល​មួយ​ម៉ឺន​ក្បាល​រស់នៅ​។

​វីដេអូ​ទូរទស្សន៍ បាន​ផ្សាយ​ពី​រូបភាព​នៃ​សាកសព​សត្វ​រមាំង​ដ៏​ច្រើន​ដែល​ដេករ​ណូ​ក​រណែល​ក្បែរៗ​គ្នា​នៅលើ​ដី​នៃ​ឧទ្យាន​ជាតិ​។ លោក Kjartan Knutsen មន្ត្រី​មកពី​ទី​ភ្នា​ក់​បរិស្ថាន​ន័​រវេ​ស បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា មាន​ព្យុះ​យ៉ាងខ្លាំង​បាន​បក់បោក នៅ​ថ្ងៃទី​២៦ ខែសីហា​។​ហើយ​ហ្វូង​សត្វ​រមាំង​ទាំងនោះ គឺ​នៅក្បែរ​គ្នា ចំ​ពេលដែល​អាកាសធាតុ​អាក្រក់​ខ្លាំង​។ សត្វ​រមាំង​ទាំង​៣២៣​ក្បាល​នោះ ក៏ត្រូវ​រន្ទះបាញ់​តែម្ដងទៅ​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា សត្វ​រមាំង គឺ​ប្រភេទ​សត្វ​ដែល​ចូលចិត្ត​រស់​ជុំគ្នា និង​តែងតែ​ផ្លាស់​ទី​ក្នុង​លក្ខណៈ​ជា​ហ្វូង​។ ទាក់ទិន​នឹង​បាតុភូតធម្មជាតិ​អាក្រក់​នេះ​វិញ លោក Knutsen ចាត់ទុក​នេះ​ជា​រឿង​ចម្លែក ហើយ​នេះ​ក៏​ជា​លើកដំបូង​ដែល​រន្ទះបាញ់​សត្វ​រមាំង​ងាប់​ច្រើនជាង​បី​រយ​ក្បាល ក្នុងពេល​តែមួយ​ប៉ប្រិចភ្នែក​។​

​យ៉ាងណាក្ដី មកទល់ពេលនេះ អាជ្ញាធរ​ន័​រវេ​ស ក៏​មិនទាន់មាន​ចំណាត់ការ​អ្វី​លើ​សត្វ​រមាំង​ទាំងនោះ​នៅឡើយ​ទេ​។ បើតាម​លោក Knutsen អាជ្ញាធរ​នឹង​សម្រេចចិត្ត​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ថា គួរ​បន្ត​ឲ្យ​មាន​បាតុភូត​ដដែល​នេះ​កើតឡើង​ទៀត​តាម​ធម្មជាតិ ឬក៏​មាន​វិធានការ​អ្វី​ផ្សេង ដើម្បី​ការពារ​ជីវិត​សត្វ​រមាំង​ទាំងនេះ​។

​បច្ចុប្បន្ននេះ សត្វ​រមាំង​ប្រភេទ​នេះ​ចំនួន​ប្រហែល​២៥០០០​ក្បាល រស់​នៅលើ​វាល​ទុនដ្រា (Tundra) ដែល​គ្មាន​ដើមឈើ និង​គ្របដណ្ដប់​ដោយ​ទឹកកក​នៅ​តំបន់​ជួរ​ភ្នំ​ភាគខាងត្បូង​របស់​ន័​វេស​។ ន័​រវេ​ស ជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​តំបន់​អឺរ៉ុប​ប៉ែក​ខាងជើង ក្បែរ​តំបន់​ប៉ូល​ខាងជើង ដែល​ហេតុនេះ​បណ្ដាល​ឲ្យ​ប្រទេស​នេះ ភាគច្រើន​គ្របដណ្ដប់​ដោយ​ទឹកកក​៕