ជនអន្តោប្រវេសន៍​ដល់​ទៅ​6.500​នាក់​ជួយ​សង្គ្រោះ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

កង​ឆ្មាំ​ឆ្មេ​រ​សមុទ្រ​អីុ​តា​លី​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​២៩ សីហា ថា បាន​រួម​សហការ​ជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​ដល់​ទៅ​ប្រមាណ​ជា​៦.៥០០​នាក់ ក្នុង​ដែនទឹក​លី​ប៊ី​រយៈពេល​តែ​មួយ​ថ្ងៃ ។ នេះ​ជា​ថ្ងៃ​ដែល​ជនអន្តោប្រវេសន៍​ច្រើន​នាក់​បំផុត​ត្រូវ​សង្គ្រោះ ក្នុង​ផ្នែក​នេះ​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។

អង្គការ PROACTIVA OPEN ARMS អីុតា​លី​បាន​ចេញផ្សាយ​តាម TWITTER នូវ រូបភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នានា​នៃ​ជនអន្តោប្រវេសន៍​ដែល​ជិះ​គរ​គ្នា​ដល់​ទៅ​៧០០​នាក់​លើ​នាវា​នេសាទ​តែ​មួយ​គ្រឿង ក្នុង​នោះ​មួយ​ចំនួន​លោត​ចូល​ទឹកសមុទ្រ ក្រោយ​ទទួល​បាន​អាវ​ពោង​ប៉ុនប៉ង​ហែល​ទៅ​រក​ពួក​អ្នក​ជួយ​សង្គ្រោះ ។

យោង​តាម​តុល្យការ​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អីុ​តា​លី ដែល​សម្របសម្រួល​រាល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ភាគ​ខាងជើង​ដែនទឹក​លី​ប៊ី​ថា នា​ថ្ងៃ​ទី​២៨ សីហា ជនអន្តោប្រវេសន៍​ជាង​១.១០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​រួច​ហើយ​ក្នុង​តំបន់​ដដែល​នោះ ។

ពួក​អន្តោប្រវេសន៍​ទាំងនោះ​ស្ទើរ​ទាំងស្រុង​មក​ពី​តំបន់​អាហ្វ្រិក​ខាងលិច ឬ​តំបន់​ស្នែងក្របី​នៃ​ទ្វីបអាហ្វ្រិក ។ នា​ថ្ងៃ​ទី​២៩ សីហា បណ្តា​នាវា​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ និង​កង​ម៉ា​រី​ន​អីុ​តា​លី បណ្តា​នាវា​របស់​ប្រតិបត្តិការ​ប្រឆាំង​មេខ្យល់​អឺរ៉ុប​មានឈ្មោះ OPHIA របស់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​អឺរ៉ុប FRONTEX របស់​កង​ម៉ា​រី​ន​អៀរ​ឡង់ និង​អង្គការ​មនុស្សធម៌​នានា​បាន​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពួក​អន្តោប្រវេសន៍​ដែល​ជិះ​ពេញ​ណែន​លើ​នាវា​៤០​គ្រឿង ៕