ពលរដ្ឋ​រស់នៅ​កោះ​ទ្រង់​ខេត្ត​ក្រចេះ​បារម្ភ​ខ្លាច​បាក់​ច្រាំង​ទន្លេ​ដោយសារ​ការ​បូម​ខ្សាច់

សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ និង​ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​ក្រុង​ក្រចេះ ព្រួយ​បារម្ភ​បាក់​ច្រាំង​ទន្លេ​បង្ក​ផល​ប៉ះពាល់​ផ្ទះ​សម្បែង​ពលរដ្ឋ បន្ទាប់​ពី​មាន​អាជីវកម្ម​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​នោះ។ សហគមន៍​ទាមទារ​ឲ្យ​អាជ្ញាធរ​ជំនាញ ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​ការ​ស្រាវជ្រាវ​ហានិភ័យ​ផល​ប៉ះពាល់​នានា ដែល​អាច​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​បង្ក​ឡើង​ដោយ​អាជីវកម្ម​បូម​ខ្សាច់​នេះ។

ពលរដ្ឋ​រស់នៅ​សង្កាត់​កោះ​ទ្រង់ ទល់​មុខ​ក្រុង​ក្រចេះ កំពុង​ស្វែងរក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ព្យាយាម​ឲ្យ​មាន​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ ជុំវិញ​ការ​ទាញ​យក​ខ្សាច់​ធម្មជាតិ​បង្ក​ឡើង​ដោយ​បុគ្គល​ឯកជន។

ប្រធាន​សហគមន៍​ទេសចរណ៍​កោះ​ទ្រង់ លោក ប៊ុន បាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ សីហា ថា សាឡង់​បូម​ខ្សាច់​ពីរ​គ្រឿង​ផ្ដើម​បូម​ខ្សាច់​នៅ​កណ្ដាល​ទន្លេ​មេគង្គ​នៃ​កន្ទុយ​កោះ​ទ្រង់ ទល់​មុខ​ក្រុង​ក្រចេះ កើត​មាន​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៧ សីហា។ លោក​ថា ពលរដ្ឋ និង​សហគមន៍​កំពុង​ពិភាក្សា​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន អន្តរាគមន៍​បន្ទាន់​ករណី​នេះ ដើម្បី​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ​នៅ​ថ្ងៃ​ខាង​មុខ។ ទន្ទឹម​នឹង​នេះ ពលរដ្ឋ​បារម្ភ​ថា អាជីវកម្ម​បូម​ខ្សាច់​នេះ​នឹង​បណ្ដាល​ឲ្យ​ប្រែប្រួល​ឆ្នេរ​ខ្សាច់​នៅ​កោះ​ទ្រង់ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​នៅ​រដូវ​ប្រាំង​រៀង​រាល់​ឆ្នាំ និង​អាច​បាក់​កោះ​នៅ​ផ្នែក​ណា​មួយ បណ្ដាល​ឲ្យ​ប៉ះពាល់​ផ្ទះ​សម្បែង និង​ស្រែ​ចម្ការ​ពលរដ្ឋ៖ «ដំណើរ​ការ​នៃ​ការ​បូម​វា​មិន​ទាន់​បាក់​ស្រុត​ភ្លាម​ទេ តែ​ចំពោះ​ទៅ​ថ្ងៃ​អនាគត វា​អាច​ស្រុត​ចឹង​ទៅ។ សំណូមពរ​របស់​ពលរដ្ឋ​ម្យ៉ាង​ដែរ ខ្ញុំ​ក៏​ចូលរួម​ទាក់ទង​ការ​បូម​ខ្សាច់​ដែរ។ បើ​ថ្ងៃ​អនាគត​វា​ស្រុត វា​បាក់​ដាច់​ទៅ តំបន់​ទេសចរណ៍​កោះ​ទ្រង់​ក៏​អស់​ដែរ»

កាល​ពី​ឆ្នាំ​២០១៤ ច្រាំង​ទន្លេ​នៅ​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី បាន​បាក់​ស្រុត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ ៦​ខ្នង​នៅ​រដូវ​វស្សា។ អ្នក​ភូមិ​បារម្ភ​ថា ផ្ទះ​ពលរដ្ឋ​រាប់​រយ​ខ្នង​នៅ​តាម​ច្រាំង​ទន្លេ​ស្រុក​ចិត្របុរី នឹង​ប្រឈម​ការ​បាក់​ស្រុត។

ចៅ​សង្កាត់​កោះទ្រង់ លោក កោ សាគុណ ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ក្រុង​រួច​ហើយ ដើម្បី​ឲ្យ​មាន​ការ​បកស្រាយ​ជាក់លាក់​បញ្ហា​នេះ​ជូន​ពលរដ្ឋ​រស់នៅ​កោះ​ទ្រង់​កំពុង​ព្រួយ​បារម្ភ៖ «ខ្ញុំ​គិតគូរ​ហើយ មិន​មែន​ខ្ញុំ​ព្រងើយ​កន្តើយ​ទេ។ ព្រឹកមិញ​ខ្ញុំ​ប្រជុំ ក៏​ខ្ញុំ​លើក​ឡើង​បញ្ហា​ហ្នឹង​ដែរ។ ឥឡូវ​ខ្ញុំ​មក​ដោះស្រាយ​ជាមួយ​អភិបាល​ក្រុង​ហើយ»

ឆ្លើយ​តប​រឿង​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ក្រចេះ លោក សុខ គិរីរដ្ឋ បញ្ជាក់​ថា អាជីវកម្ម​បូម​ខ្សាច់​នេះ គឺ​បូម​នៅ​ទីតាំង​ដែល​ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ជា​ផ្លូវ​ការ​កន្លង​មក។ លោក​ថា ក្រសួង​បាន​សិក្សា​ល្អិតល្អន់ មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ។ ចំណែក​មន្ត្រី​ជំនាញ​បាន​ចុះ​តាមដាន​ពី​ដំណើរ​ការ​អាជីវកម្ម​នោះ​ជា​ហូរហែ។ លើស​ពី​នេះ ក្រសួង​បាន​កំណត់​ទីតាំង​បូម​ខ្សាច់​នៅ​តំបន់​ជុំវិញ​កោះ ដើម្បី​បង្វែរ​មុខ​ទឹក​ឲ្យ​ហូរ​ទៅ​កណ្ដាល​កោះ​វិញ ចៀសវាង​ហូរ​មក​ច្រាំង​ទន្លេ​ទី​រួម​ខេត្ត ដែល​អាច​ប៉ះពាល់​ច្រាំង​ទន្លេ៖ «គេ​បាន​សិក្សា​ល្អិតល្អន់​ណាស់ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ បើ​ការ​បូម​ខុស​អាជ្ញាប័ណ្ណ បាន​ខ្ញុំ​ទទួល​ខុស តែ​នេះ​បូម​ត្រឹមត្រូវ ខ្ញុំ​បាន​ចុះ​ឆែក​ម្សិលមិញ​រួច​អស់​ហើយ»

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ផ្តល់​ទស្សនៈ​ថា មន្ត្រី​ជំនាញ​ត្រូវ​បើក​ចំហ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ករណី​នេះ​ស្ដីពី​ការ​កំណត់​បរិមាណ​ការ​ទាញ​យក​ខ្សាច់​ចេញ​ពី​ទន្លេ ដែល​ធានា​ថា​មិន​បាក់​ច្រាំង​ទន្លេ។ លោក​បារម្ភ​ថា ប្រសិន​បើ​ការ​បូម​ខ្សាច់​ច្រើន​ពេក​នាំ​ឲ្យ​ទឹក​ទន្លេ​កាន់​តែ​ជ្រៅ ហើយ​កំណក​ខ្សាច់​នៅ​តំបន់​នោះ​អាច​ហូរ​រហូត និង​បង្ក​ឲ្យ​ផល​ប៉ះពាល់​តុល្យភាព​ទប់​ច្រាំង​ទន្លេ។ លោក​ថា ការ​បូម​ខ្សាច់​នេះ​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​ស្ដារ​បាត​ទន្លេ​ដែរ ខណៈ​ដែល​ខ្សាច់​កើន​ឡើង​ច្រើន​បណ្ដាល​ឲ្យ​ទន្លេ​រាក់ តែ​អាជ្ញាធរ​ជំនាញ​ត្រូវ​កំណត់​ព្រំដែន​អាជីវកម្ម​បូម​ខ្សាច់​នោះ​ឲ្យ​ជាក់លាក់៖ «ប្រសិន​ណា​មាន​ការ​ធ្វេសប្រហែស ទី​មួយ​យើង​មិន​បាន​ជូន​ដំណឹង​ពន្យល់​ដល់​ក្រុម​សហគមន៍​ដែល​រស់នៅ​តំបន់​នោះ គឺ​គាត់​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​មាន​បទពិសោធន៍​ច្រើន​កន្លែង​ហើយ។ ការ​បូម​យក​ខ្សាច់ បើ​គាត់​បូម​យក​ហួស​កម្រិត​ចំនួន​ខ្សាច់​ដែល​វា​ទប់ទល់​បាក់​ច្រាំង​ទន្លេ វា​ធ្វើ​ឲ្យ​មាន​ការ​បាក់​ស្រុត​ចឹង​ហើយ»

អ្នក​ភូមិ​ថា អាជីវកម្ម​បូម​ខ្សាច់​នេះ គឺ​ដើម្បី​លុប​បឹង​មួយ​ចំនួន​នៅ​ក្រុង​ក្រចេះ ពង្រីក​ក្រុង និង​ដើម្បី​ពុះ​ដី​ជា​ឡូត៍​ធ្វើ​អាជីវកម្ម។ អ្នក​ភូមិ​បារម្ភ​ថា ការ​ទាញ​យក​រ៉ែ​ពី​ធម្មជាតិ​យ៉ាង​គំហុក​នេះ នឹង​បង្ក​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វេសប្រហែស ខ្វះ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ត្រឹមត្រូវ និង​ពុំ​មាន​ការ​តាមដាន​សកម្មភាព​ទាញ​យក​រ៉ែ​នោះ​ឲ្យ​បាន​ហ្មត់ចត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។